ថ្ងៃទី១៩ មីនា
រដូវសែសិបថ្ងៃ
សន្តយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២០
ការចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន (រ៉ូម ១២,១២)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
| ១ | នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
| ២ | ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
| ៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? |
| ៤ | គឺមានតែទទួលព្រួញរបស់អ្នកចម្បាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ! |
| ៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
| ៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ |
| ៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២១ (១២០)
ព្រះជាម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
(បទពាក្យ ៧)
| ១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឲ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
| ២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
| ៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឲ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឲ្យមានគ្រោះឬត្រូវដួល | ។ | |
| ៤- | ព្រះអង្គដែលថែទាំការពារ | ស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គសង្គ្រោះមិនឲ្យដួល | ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ | ។ | |
| ៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
| ៦- | ព្រះអាទិត្យរះក្នុងពេលថ្ងៃ | មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់ | |
| ឯព្រះច័ន្ទចរនៅពេលយប់ | ទុក្ខសោកក៏ឈប់ដល់អ្នកដែរ | ។ | |
| ៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឲ្យកើតក្បែររូបអ្នកឡើយ | ។ | |
| ៨- | ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ | អ្វីៗសព្វគ្រប់មិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២២
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធ
បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ (ហប ១២,២២)។
| ១ | ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ |
| ២ | ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ ! |
| ៣ | យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ |
| ៤ | កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ |
| ៥ | នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ដ្រ ដោយយុត្តិធម៌ដែរ។ |
| ៦ | ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះអាចរស់នៅយ៉ាងសុខសាន្ត! |
| ៧ | សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុងបានប្រកបដោយសេចក្ដីសុខ សូមឲ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។ |
| ៨ | ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្ដីសុខសាន្ត! |
| ៩ | ដោយយល់ដល់ព្រះដំណាក់របស់ព្រះជាអម្ចាស់នៃយើង ខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សុភ ២,៧-៨)
ព្រះអង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារអស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ ព្រះអង្គជួយការពារអស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
បន្ទរ៖ ព្រះជាម្ចាស់បានធ្វើឱ្យលោកក្លាយជាមេត្រួតត្រាលើព្រះរាជវាំង
—ព្រមទាំងឲ្យលោកមើលខុសត្រូវលើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !
