ថ្ងៃអាទិត្យ បុណ្យចម្លង
ថ្ងៃចាប់ផ្តើមនៃរដូវបុណ្យចម្លង
ថ្ងៃអាទិត្យ បុណ្យចម្លងដ៏ឱឡារិកបំផុត
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
ចម្រៀងនៃភាពរីករាយក្នុងការសង្រ្គោះ
ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
(ក)
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៥ | នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។ |
| ៦ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? |
| ៧ | ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ |
| ៨ | ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។ |
| ៩ | ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(ខ)
(បទពាក្យ ៧)
| ១០ | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
| តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ | |
| ១១ | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
| តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំបានជ័យ | ។ | |
| ១២ | វាមកឡោមព័ទ្ធខ្ញុំជុំជិត | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
| តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ | |
| ១៣ | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
| ១៤ | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
| ១៥ | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
| ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្ដែងចេស្តាអានុភាព | ។ | |
| ១៦ | ព្រះអង្គសម្ដែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
| ១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
| ១៨ | ព្រះអង្គប្រដៅវាយអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
| តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(គ)
| ១៩ | ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឱ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។ |
| ២០ | នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ |
| ២១ | ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ |
| ២២ | ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ |
| ២៣ | ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ |
| ២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! |
| ២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
| ២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
| ២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែរជាក្បួនរហូតដល់ជ្រុងអាសនៈ |
| ២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១៥,៣ខ-៥
ព្រះគ្រីស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើងស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមគ្រីស្តទូតទាំងដប់ពីររូបឃើញដែរ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អភ ២,៤-៦
ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះគ្រីស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះគ្រីស្តយេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) រ៉ូម ៦,៤
ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! នៅថ្ងៃនេះ ព្រះអង្គប្រោសព្រះបុត្រាតែមួយឲ្យមានជ័យជម្នះលើសេចក្តីស្លាប់ និងបើកផ្លូវឲ្យយើងខ្ញុំឆ្ពោះទៅកាន់ភាពអស់កល្បជានិច្ច។ ពេលប្រារព្ធពិធីបុណ្យព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ យ៉ាងឱឡារិកនេះ សូមព្រះអង្គប្រោសប្រណីឲ្យយើងខ្ញុំរស់ឡើងវិញក្នុងពន្លឺនៃជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
