រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃព្រហស្បតិ៍

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

១៥៣សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ សូម​រំដោះ​ទូល‌បង្គំផង!
ដ្បិត​ទូល‌បង្គំមិន​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៤សូម​រក​យុត្តិធម៌​ឱ្យ​ទូល‌បង្គំ ហើយ​រំដោះ​ទូលបង្គំឱ្យ​មាន​សេរី‌ភាព​ផង
សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!
១៥៥មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ
ដ្បិត​ពួក​គេ​មិន​ស្វែង​រក​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៦ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​តែង‌តែមាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តាជា‌និច្ច
សូម​ប្រទាន​ឱ្យ​ទូលបង្គំមាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។
១៥៧អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ និង​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​មាន​គ្នា​ច្រើន​ណាស់
តែ​ទូល‌បង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មានរបស់​ព្រះ‌អង្គ​ឡើយ។
១៥៨ពេល​ទូល‌បង្គំ​ឃើញ​មនុស្ស​ក្បត់ ទូល‌បង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់
ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។
១៥៩ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា ទូល‌បង្គំ​ស្រឡាញ់​ច្បាប់​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១៦០គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជា​សេចក្ដីពិត
ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​សម្រេចដោយ​សុចរិត នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឱ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន» សំដៅទៅលើព្រះសហគមន៍ (Arnobius)។

(បទកាកគតិ)

១-អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
២-អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
៣-ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
៤-នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
៥-សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក
៦-អ្នកនឹងឃើញចៅរបស់អ្នកនៅបីបមថ្នមថ្នាក់
ឱ្យអ៊ីស្រាអែលបានសុខជាជាក់គ្មានគ្រោះឧបសគ្គ
ជួបតែសុខសាន្ត
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

សម្លេងទួញសោករបស់ព្រះសហគមន៍ចំពោះទុក្ខលំបាករបស់ខ្លួន
មានឮនៅក្នុងទំនុកតម្កើងមួយនេះ (សន្តអូគូស្ទីន)។

គេ​តែងតែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង-
សូម​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា-
គេ​តែង‌តែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។
គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើគន្លង​យ៉ាង​វែង។
ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់​ចេញ​ពី​ខ្ញុំ។
សូម​ឱ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូនត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
សូម​ឱ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្តាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឱ្យចង​ជា​កណ្ដាប់​បាន​ដែរ។
សូម​កុំ​ឱ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះពោល​ទៅ​ពួក​គេ​ថា:
«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរអ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នាក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ៥៥,៦-៧

ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ ក្នុង​ពេល​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះ‌អង្គ​ឃើញ ចូរ​អង្វរ​រក​ព្រះ‌អង្គ ក្នុង​ពេល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។ មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ទូលំ‌ទូលាយអត់‌ទោស​ឲ្យ​គេ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ៣០,២-៣ក

នៅពេលអ្នកវិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក នឹង​ស្តារ​ស្ថាន‌ភាព​របស់​អ្នក ព្រះ‌អង្គ​នឹង​អាណិត‌អាសូរ​អ្នក។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ហប ១០,៣៥-៣៦

ហេតុ​នេះ សូម​បង‌ប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផលតាម​ព្រះ‌បន្ទូល​សន្យា។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។
ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ដ៏មានព្រះហឫទ័យសប្បុរសអើយ ! សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានខិតខំផ្តន្ទាខ្លួន និងព្យាយាមធ្វើអំពើល្អ ដើម្បីប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គ ហើយត្រៀមខ្លួនប្រារព្ធពិធីបុណ្យចម្លងខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

1 Views