ថ្ងៃអាទិត្យ-អាទិត្យទី២៤-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា ឆ្នាំ«ខ»
ព័ណ៌បៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៥-៩

អ្នកបម្រើរបស់ព្រះអម្ចាស់មានប្រសាសន៍ដូចតទៅ៖ «ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំ ឲ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំងព្រះអង្គ ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ។ ពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់យាងមកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ បើនរណាចង់ប្ដឹងខ្ញុំ សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! នរណាចង់ចោទប្រកាន់ សុំអញ្ជើញមកជួបខ្ញុំ! មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្តន្ទាទោសខ្ញុំ?

ទំនុកតម្កើងលេខ​ ១១៦ (១១៥),១-៦.៨-៩    បទព្រហ្មគិតិ

១.ខ្ញុំស្រឡាញ់ព្រះម្ចាស់ដ្បិតទ្រង់ព្រះសណ្ដាប់ខ្ញុំ
សម្លេងសោកទួញយំទទូចសុំទូលអង្វរ ។
២.ព្រះអង្គផ្ទៀងព្រះកាណ៌រាល់វេលាដោយស្មោះសរ
ខ្ញុំនឹងស្រេកអង្វរមិនឈប់ឈរមួយជិវិត ។
៣.ខ្ញុំរងទុក្ខលំបាកគ្មានស្រាន្ដស្រាកទាំងភ័យភិត
មច្ចុរាជមករួបរឹតខ្ញុំតក់ស្លក់ខ្លាចខ្លួនក្ស័យ ។
៤.ខ្ញុំខំអង្វរស្រែកខ្លាំងពន់ពេករកម្ចាស់ថ្លៃ
អាណិតកុំឲ្យក្ស័យសូមប្រណីសង្គ្រោះផង ។
៥.ព្រះអង្គតែងសន្ដោសប្រណីប្រោសមិនឲ្យហ្មង
សុចរិតយុត្តិធម៌ផងព្រះទ័យទ្រង់មានមេត្តា ។
៦.ព្រះអម្ចាស់បានជួយអ្នកខ្សត់ឲ្យផុតវេទនា
ពេលខ្ញុំធ្លាក់គ្រាំគ្រាព្រះម្ចាស់យាងមកសង្គ្រោះ ។
៨.ព្រះអង្គបានរំដោះខ្ញុំផុតគ្រោះបានរស់រាន
ការពារជ្រែងទប់ប្រាណខ្ញុំដើរបានមិនភ័យសោះ ។
៩.ខ្ញុំដើរមិនឈរឈប់ទាំងថ្ងៃយប់នៅចំពោះ
ព្រះភ័ក្រ្ដព្រះជាម្ចាស់នៅក្នុងភពមនុស្សលោកនេះ ៕

អត្ថបទទី ២
សូមថ្លែងលិខិតរបស់សន្ដយ៉ាកុប យក ២,១៤-១៨

បងប្អូនជាទីស្រឡាញ់! ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ? ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យបានឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។ ប្រសិនបើមានម្នាក់ពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលគ្មានប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍» នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ កឡ ៦,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ពស់មុខដោយសារតែឈើឆ្កាងរបស់ព្រះអម្ចាស់! ដោយសារព្រះអង្គ យើងចាត់ទុកមនុស្សលោកដូចជាជាប់ឆ្កាង។​
ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងយើងទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស  មក , ២៧-៣៥

ព្រះយេស៊ូចេញទៅជាមួយក្រុមសាវ័កតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីព។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ ពួកសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឲ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសាវ័កថា បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យ នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀមអ្វីឡើយ។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅពួកសាវ័កឯទៀតៗ ហើយព្រះអង្គមានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ៎! មារសាតាំង ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។
បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជននិងសាវ័ក រួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ នឹងបានជីវិតវិញ។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
136 Views