សន្តស៊ីរ៉ីលជាបព្វជិតនិងសន្តមេ៉តូដ

អត្ថបទព្រះគម្ពីរ
ថ្ងៃទី១៤ ខែ
កុម្ភៈ
ពណ៌ស
បុណ្យរម្លឹក

សន្តស៊ីរ៉ីល ជាបព្វជិត និងសន្ត មេ៉តូដ
ជាអភិបាលព្រះសហគមន៍

លោកកុងស្តង់ទីន ហៅថា ” ស៊ីរ៉ីល ” និងលោកម៉េតូដ ជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់​នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំ​ណឹង​នៅ​ទ្វីប​អឺរ៉ុប​កណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាង ដែលមានប្រើរហូត​មក​ដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរ ដែលប្រើភាសាសាមញ្ញដូច្នេះ តែ​សម្តេច​ប៉ាប​គាំទ្រពួកលោក។ លោកម៉េតូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរណា និងជាតំណាង​សម្តេច​​ប៉ាបទៀត។ លោកស៊ីរ៉ីលទទួលមរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោក​ម៉េតូដ​ទទួល​មរណ​ភាពនៅឆ្នាំ ៨៨៥។

សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៤ ,១-២.៥-៧

បងប្អូនជាទីស្រឡាញ់!
បើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឱ្យយើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។ យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឱ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឱ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឱ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់។

យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង‌ប្អូន ព្រោះ​តែ​ព្រះ‌យេស៊ូ​នេះ​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឱ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ព្រះ‌អង្គ​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឱ្យ​ស្គាល់​យ៉ាង​ច្បាស់នូវ​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌គ្រីស្ត​ដែរ។ យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​​នេះប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឱ្យមនុស្ស​លោក​ឃើញ​ថា ឫទ្ធា‌នុភាព​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។ 

ទំនុកតម្កើងលេខ ៩៦( ៩៥ ) ,១-៧.៧-៨.១០ បទព្រហគីតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ
ដ្បិតព្រះម្ចាស់ឧត្តមយើងត្រូវខំសរសើរថា
អស់ពីដួងចិន្តាព្រះក្សត្រាប្រសើរខ្ពស់
ព្រះនៃសាសន៍ផ្សេងណាមិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ
មានពន្លឺរស្មីចែងចាំងក្រៃល្អពន់ពេក
ដំណាក់គន់គាប់ភ្នែកបារមីប្លែកថ្កើងត្រចង់
ប្រជាទាំងឡាយអើយកុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គថ្លែងឥតហ្មងពីឫទ្ធា
លើកតម្កើងសិរីរុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នាទៅព្រះវិហារថ្វាយក្សត្រា
១០ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ឥតបែកបាក់រឹងមាំល្អ
ព្រះម្ចាស់គ្រប់គ្រងលើសព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌រាស្រ្តអបអរពន់ពេកក្រៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត!
អ្នកណាជឿលើព្រះអង្គ អ្នកនោះទទួលស្គាល់ព្រះបិតា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤, ១– ៩

ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។ ព្រះ‌អង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះ‌អង្គ​បង្រៀន​គេ​ថា៖ «ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ ពន្លក​ដែល​ដុះ​ឡើង​នោះក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប‌រឹត​ស្រូវ មិនឱ្យ​បង្កើត​ផល​បាន​ឡើយ។ គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូត‌លាស់​បង្កើត​ផល ខ្លះ​ឱ្យ​ផល​មួយ​ជា​សាម‌សិប ខ្លះ​ទៀត​ឱ្យ​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ‌រយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។





















356 Views