ថ្ងៃសៅរ៍-អាទិត្យទី២៤-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១ (ឆ្នាំសស)
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៦,១៣-១៦
ប្អូនជាទីស្រឡាញ់! នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដែលប្រទានឱ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភក្ត្រព្រះគ្រីស្ដយេស៊ូ ដែលបានផ្ដល់សក្ខីភាព ដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា ចូរប្រតិបត្តិតាមវិន័យឱ្យបានល្អឥតខ្ចោះ ឥតកំហុសរហូតដល់ពេលព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើងយាងមក នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញ។ ព្រះជាម្ចាស់ប្រកបដោយសុភមង្គល ព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណាអាចចូលជិតបាន ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញព្រះអង្គបានដែរ សូមលើតម្កើងព្រះកិត្តិនាម និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជានិច្ច! អាមែ៉ន!។
ទំនុកតម្កើងលេខ ១០០,១-៥ បទកាកគតិ
១. | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំរាឡើយណា។ | |||
២. | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះចេស្ដា | ច្រៀងហ៊ោរខ្ញៀវខ្ញា | |
ដោយអរសប្បាយ ។ | |||
៣. | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម ។ | |||
៤. | យើងនាំគ្នីគ្នា | ចូរកុំរួញរា | ដំណាក់សក្ដិសម |
ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្គំ | |
ព្រះនាមព្រះអង្គ ។ | |||
៥. | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង | |
អស់កល្បតទៅ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១៥
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ
ហើយធើ្វឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,៤-១៥
បណ្ដាលជនច្រើនកុះករចេញពីក្រុងនានាមករកព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើងក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានបន្លា បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតពូជនោះមិនឱ្យដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើងឱ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងបន្ថែមទៀតថា៖«អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សាវ័ករបស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖«តើពាក្យប្រស្នានោះមានន័យដូម្ដេច?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖« ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ រីឯប្រស្នានោះមានន័យដូចតទៅ៖គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេ ដើម្បីកុំឱ្យគេជឿ និងកុំឱ្យគេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកឱ្យព្រះបន្ទូលចាក់ប្ញសឡើយ នៅពេលណាមានការល្បួង គេបោះបង់ចោលជំនឿ។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឱ្យទុំបានឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ»។