ថ្ងៃពុធ-អាទិត្យទី២៥-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ៩,៥-៩
ខ្ញុំអែសរ៉ា នៅពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកព្រះអម្ចាស់ជាព្រះនៃខ្ញុំ ដោយទូលអង្វរថា៖
«បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយទូលបង្គំខ្មាស មិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំ ក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។ តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃយើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជាចារ្យរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ហើយធើ្វឱ្យយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។ ក៏ប៉ុន្ដែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសម្ដែងព្រះហប្ញទ័យប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានឱ្យប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសឱ្យយើងខ្ញុំបានភ្លឺភ្នែក និងឱ្យយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។ យើងខ្ញុំជាទាសករមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំ ពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសម្ដែងព្រះហប្ញទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភក្រ្តសេ្ដចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឱ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
ទំនុកតម្កើងរបស់លោកតូប៊ីត ១៣,២-៥.៧ បទកាកគតិ
២. | សូមលើកតម្កើង | សិរីរុងរឿង | របស់ព្រះម្ចាស់ |
ដែលមានព្រះជន្ម | គង់នៅយ៉ាងច្បាស់ | កោតសរសើរណាស់ | |
អស់កល្បជានិច្ច ។ | |||
ព្រះអង្គធើ្វឱ្យ | មនុស្សស្លាប់ទៅហើយ | ចុះស្ថានមច្ចុរាជ | |
ក្រោយមកព្រះអង្គ | ប្រោសឱ្យបានរួច | គ្មានអ្វីដែលអាច | |
គេចពីបារមី ។ | |||
៣. | អ៊ីស្រាអែលអើយ | កុំនៅកន្ដើយ | តម្កើងរាល់ថ្ងៃ |
នៅមុខជនជាតិ | ផ្សេងៗទាំងឡាយ | ដែលទ្រង់កម្ចាយ | |
ឱ្យអ្នកទៅនៅ ។ | |||
៤. | នៅទីនោះឯង | ព្រះអង្គសម្ដែង | មិនមានអាស្រូវ |
ប្ញទ្ធាបារមី | មានច្រើនពេកកូវ | ទ្រង់សម្ដែងនៅ | |
មុខអស់សត្វលោក។ | |||
ព្រះអង្គពិតជា | ព្រះយើងរាល់គ្នា | អង្វែងរៀងមក | |
ជាព្រះបិតា | តែមួយលើលោក | ពីនេះទៅមុខ | |
អស់កល្បតទៅ ។ | |||
៥. | ព្រះអង្គបានដាក់ | ទោសដល់ពួកអ្នក | ជារឿងត្រឹមត្រូវ |
ព្រោះអ្នករាល់គ្នា | បានប្រព្រឹត្តនូវ | អំពើអាស្រូវ | |
អាក្រក់អប្រិយ ។ | |||
ប៉ុន្ដែព្រះអង្គ | ទ្រង់មិនបោះបង់ | តែងតែប្រណី | |
អាណិតអាសូរ | ប្រជាប្រុសស្រី | នាំអ្នកវិលវៃ | |
ឥតបីខ្ចាត់ខ្ចាយ ។ | |||
ឥឡូវពេលនេះ | ចូរគិតត្រិរិះ | អំពីកិច្ចការ | |
ព្រះអង្គប្រព្រឹត្ត | ដល់គ្រប់អាត្មា | តម្កើងក្សត្រា | |
ឱ្យពេញទំហឹង ។ | |||
សូមលើកតម្កើង | កុំធើ្វឆ្មៃឆ្មើង | ថ្កើងទាំងរំពឹង | |
ដែលទ្រង់ប្រព្រឹត្ត | យុត្តិធម៌លំនឹង | ចូរកោតព្រះអង្គ | |
អស់កល្បវែងឆ្ងាយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយហើយ។
ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១-៦
ព្រះយេស៊ូត្រាស់ហៅសាវ័កដប់ពីរនាក់មកជួបជុំគ្នា ហើយព្រះអង្គប្រទានប្ញទ្ធានុភាព និងអំណាចឱ្យគេបណ្ដេញអារក្សទាំងអស់ ព្រមទាំងមើលជំងឺផ្សេងៗឱ្យបានជា។ ព្រះអង្គចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឱ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើភូមណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។ សាវ័កនាំគ្នាចេញទៅ ធើ្វដំណើរពីភូមិមួយទៅភូមិមួយ ទាំងប្រកាសដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឱ្យយបានជាផង។