ថ្ងៃព្រហស្បតិ៍-អាទិត្យទី២៥-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌ស
ថ្ងៃបុណ្យរម្លឹក
សន្តពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១-៨
នៅឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រងទាំងលោកមហាបូជាចារ្យយ៉ូស៊ូអាដូចតទៅនេះ៖ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖« ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេ ដោយសារព្យាការីហាកាយដូចតទៅនេះ ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែងឡើងដោយឈើដ៏មានតម្លៃដូច្នេះឬ?។ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! អ្នករាល់គ្នាបានសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធើ្វការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង »។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១៤៩,១-៦.៩ បទកាកគតិ
១. | ចូរច្រៀងបងថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង | |
អ្នកដែលជឿព្រះ ។ | |||
២. | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស | |
ពាសពេញផែនដី ។ | |||
សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ | |
នឹងព្រះមហាក្សត្រ | គ្រងលើផែនដី | ជាស្ដេចល្បាញល្បី | |
របស់ផងខ្លួន ។ | |||
៣. | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ | |
ទាំងដេញពិណថ្វាយ។ | |||
៤. | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្រ្ដទាំងឡាយ |
ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ | |
ជួយអ្នកទន់ទាប ។ | |||
៥. | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ | |
សិរីព្រះម្ចាស់ ។ | |||
ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស | |
ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ | |
ទាំងអំណរផង ។ | |||
៦. | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង | |
វិនាសខ្ចាត់ខ្ចាយ ។ | |||
៩. | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ | |
ទទួលទោសនោះ ។ | |||
កិច្ចការទាំងអស់ | សក្ដិសមឥតខ្ចោះ | គឺជាកិត្តិយស | |
ដ៏សែនរុងរឿង | ដល់អ្នកទាំងអស់ | ដែលជឿលើព្រះ | |
មិនសាបសូន្យឡើយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២,១០-១១
អលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង!
ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៧-៩
ព្រះបាទហេរ៉ូដជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដរស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖«មានព្យាការីអេលីបង្ហាញខ្លួនឱ្យគេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានព្យាការីមួយរូបពីសម័យបុរាណរស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឧិង្ការថា៖«យើងបានឱ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។