ថ្ងៃសៅរ៍-អាទិត្យទី២៥-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ២,៥-៩.១៤-១៥
ខ្ញុំសាការី ក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ ខ្ញុំសួរបុរសនោះថា៖«លោកអញ្ជើញទៅណា»។ លោកតបមកវិញថា៖«ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឱ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ ពេលនោះ ទេវទូតដែលនិយាយជាមួយខ្ញុំដើរទៅមុខ ហើយមានទេវទូតមួយរូបទៀតមកជួប។ ទេវទូតនេះពោលទៅកាន់ទេវទូតមួយរូបទៀតថា៖«ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា៖«យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមនុស្ស និងសត្វជាច្រើនរស់នៅ។ យើងនឹងធើ្វជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងសម្ដែងសិរីរុងរឿងរបស់យើងនៅក្នុងក្រុងនេះដែរ»។ ក្រុងស៊ីយ៉ូនអើយ! ចូរនាំគ្នាស្រែកជ័យឃោស ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅកណ្ដាលអ្នក!។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនេះ ប្រជាជាតិជាច្រើននឹងជំពាក់ចិត្តលើយើងជាព្រះអម្ចាស់ ហើយធើ្វជាប្រជារាស្រ្ដរបស់យើង យើងនឹងស្ថិតនៅជាមួយអ្នក។
ទំនុកតម្កើងរបស់លោកយេរេមីលេខ ៣១,១០-១៣ បទព្រហ្មគីតិ
១០. | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្ដាប់ |
បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ។ | |
ចូរអ្នកប្រកាសថា៖ | «ព្រះដែលជាអ្នកកម្ចាយ | |
ស្រាអែលឱ្យទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល ។ | |
ព្រះអង្គថែរក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | |
ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់» ។ | |
១១. | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ |
រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា ។ | |
១២. | ពួកគេត្រលប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញា |
ហើយគេគ្រប់កាយា | ចាំតៀបត្រាទទួលទ្រព្យ ។ | |
ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | |
មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ ។ | |
ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | |
ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ ។ | |
១៣. | គ្រានោះស្រីក្រមុំ | ចូលមករាំតាមបែបបទ |
ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ ។ | |
យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | |
ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់
ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៣-៤៥
នៅពេលនោះ មនុស្សគ្រប់គ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះយេស៊ូប្រព្រឹត្ត។ ព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ចូរអ្នករាល់គ្នាត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ សាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់បានសម្ដែងអត្ថន័យឱ្យគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។