សន្ដប៉ូលីកាពជាអភិបាលនិងជាមរណសាក្សី

អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៣ ខែកុម្ភៈ

អាទិត្យទី០៧ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្ដប៉ូលីកាព ជាអភិបាល
និងជាមរណសាក្សី

លោកប៉ូលីកាព ជាកូនសិស្សរបស់គ្រីស្តទូតយ៉ូហាន ហើយជាអភិបាលព្រះសហគមន៍​ក្រុង​ស្មៀរ​ណា។ នៅ គ.ស ១៥៥ រដ្ឋអំណាចរ៉ូមុំាងបៀតបៀនធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទ ដែលគេចាត់​ទុក​ជា​ទមិឡឥតសាសនា។ លោកទេសាភិបាលបង្ខិតបង្ខំលោកប៉ូលីកាពឱ្យលះបង់ព្រះគ្រីស្ត និងប្រមាថ​ព្រះ​អង្គ។ តែលោកឆ្លើយថា៖ “ខ្ញុំបម្រើព្រះគ្រីស្តប៉ែតសិបប្រាំមួយឆ្នាំហើយ! ព្រះអង្គមិនដែលធ្វើទោស​ខ្ញុំទេ​!​ តើខ្ញុំប្រមាថព្រះសង្គ្រោះ និងព្រះមហាក្សត្ររបស់ខ្ញុំដូចម្តេចបាន ? ” ។ ដោយលោកឆ្លើយបែបនេះគេ​សម្រេ​​ច​ដុតលោកទាំងរស់។

សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ២,៨-១១

«ចូរ​សរសេរ​ទៅ​កាន់​ទេវទូតរបស់​ព្រះ‌សហគមន៍នៅ​ក្រុង​ស្មៀរ‌ណាដូច​ត​ទៅ​នេះ៖ ព្រះ‌អង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះ‌អង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កំសត់​ទុរគត តែ​តាម​ពិត អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់‌ងាយ​អ្នក តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារសាតាំង។ កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ​នឹង​ចាប់​អ្នក​ខ្លះក្នុង​ចំណោម​អ្នក​រាល់​គ្នាយក​ទៅ​ឃុំ‌ឃាំង ដើម្បី​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រង‌ទុក្ខ​វេទនា​អស់‌រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ‌ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នកទុក​ជា​មកុដ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដីដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌សហគមន៍​ទាំង​នេះ​ឱ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​ឡើយ”»។

ទំនុកតម្កើងលេខ ៣១ (៣០) ,៣-៤.៦-៨,១៧-២១

សូមទ្រង់ផ្ទៀងស្តាប់ពាក្យខ្ញុំរៀបរាប់មិនឱ្យមានឆ្គង
សូមរំដោះខ្ញុំឱ្យឆាប់តែម្តងជាកំពែងផង
សង្គ្រោះរូបខ្ញុំ។
ទ្រង់ជាសិលាកំពែងថ្មដាពាំងទូលបង្គំ
សូមជួយដឹកនាំឆ្លងផ្លូវតូចធំតម្រង់ទិសខ្ញុំ
ដោយយល់ព្រះនាម។
ខ្ញុំសូមប្រគល់វិញ្ញាណនិមលថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្តព្រះម្ចាស់ហើយណាព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន។
ទូលបង្គំសូមផ្ញើជីវិតទៅលើព្រះម្ចាស់ថ្កើងថ្កាន
ហើយខ្ញុំក៏ស្អប់មនុស្សចិត្តសាមាន្យស្មោះស្ម័គ្រផ្ញើប្រាណ
លើព្រះក្លែងក្លាយ។
ចិត្តខ្ញុំស្រស់ថ្លាអរឥតឧបមារីករាយសប្បាយ
ដោយសារព្រះអង្គទ្រង់មានព្រះទ័យករុណាប្រណី
ពេលខ្ញុំវេទនា។
១៧សូមបែរព្រះភក្ត្រទតមកមើលអ្នកបម្រើព្រះអង្គ
មេត្តាសង្គ្រោះទូលបង្គំផងដោយហឫទ័យទ្រង់
ប្រណីករុណា។
១៨ឱព្រះអម្ចាស់ខ្ញុំអង្វរព្រះដែលធ្លាប់មេត្តា
កុំឱ្យរូបខ្លុំខកចិត្តឡើយណាឱ្យមនុស្សពាលា
ទៅជួបមច្ចុរាជ។
១៩សូមឱ្យអស់អ្នកតែងតែកុហកនិងពួកកំណាច
ពួកធ្លាប់និយាយព្រហើនកោងកាចបាត់បង់អំណាច
ហារស្តីមិនបាន។
២០បពិត្រព្រះម្ចាស់ព្រះទ័យសន្តោសវិសេសថ្កើងថ្កាន
ដល់អ្នកគោរពកោតខ្លាចគ្រប់ប្រាណមិនដែលរំខាន
អ្នកជ្រកជាមួយ។
២១ព្រះអង្គទ្រង់លាក់គេនៅក្បែរភក្ត្រឱ្យផុតពីព្រួយ
ពីមនុស្សទុច្ចរិតព្រះអង្គតែងជួយឱ្យនៅជាមួយ
ក្នុងព្រះពន្លា។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦-៩

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំហ្នឹងហើយជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅគាល់ព្រះបិតាបានឡើយ លើកលែងតែ​ទៅតាមរយៈខ្ញុំ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥ ,១–៨

«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ពិត​ប្រាកដ រីឯ​ព្រះ‌បិតា​ខ្ញុំជា​ម្ចាស់​ចម្ការ។ មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ ព្រះ‌បិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ ដើម្បី​ឲ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​រួច​ទៅ​ហើយ។ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។ ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយ‌ជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។ អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នាប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។ ព្រះ‌បិតា​របស់​ខ្ញុំ​សម្ដែង​សិរី‌រុង​រឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។

486 Views