ថ្ងៃសៅរ៍-អាទិត្យទី២៦-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

ទេវទូត អ្នកការពារដ៏វិសុទ្ធ

ក្នុងព្រះគម្ពីរមានចែងអំពីទេវទូតថែរក្សាការពារមនុស្ស ឬនាំសាររបស់ព្រះជាម្ចាស់ឱ្យមនុស្ស។ ព្រះសហគមន៍ឱ្យគ្រីស្តបរិស័ទគោរពទេវទូត ក្នុងគោលបំណងដាស់តឿនគេឱ្យផ្ញើជិវិតលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដែលថែរក្សា និងការពារមនុស្សលោកជានិច្ច។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកបារូក បរ ៤,៥-១២.២៧-២៩

ប្រជាជនខ្ញុំអើយ! ចូរមានចិត្តក្លាហានឡើង! អ្នកជាសក្ខីភាពដែលធ្វើឱ្យគេនឹកចាំ​ឈ្មោះអ៊ីស្រាអែលតរៀងទៅ។ គេលក់អ្នករាល់គ្នាឱ្យប្រជាជាតិនានា មិនមែនដើម្បី​ឱ្យអ្នករាល់គ្នាវិនាសសាបសូន្យឡើយ។ ព្រះជាម្ចាស់បញ្ជូនអ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃ​របស់ខ្មាំងសត្រូវ ព្រោះអ្នករាល់គ្នាធើ្វឱ្យព្រះអង្គទ្រង់ព្រះពិរោធ។ អ្នករាល់គ្នាបានធើ្វឱ្យព្រះដែលបង្កើតអ្នករាល់គ្នាក្រេវក្រោធ ដ្បិតអ្នករាល់គ្នាបានយកសក្ការបូជាថ្វាយអារក្ស ពុំមែនថ្វាយព្រះជាម្ចាស់ទេ។ អ្នករាល់គ្នាភ្លេចព្រះជាម្ចាស់ដែលមានព្រះជន្ម​គង់នៅអស់កល្បជានិច្ច គឺព្រះអង្គដែលបានចិញ្ចឹមអ្នករាល់គ្នា។ អ្នករាល់គ្នាក៏ធ្វើឱ្យក្រុងយេរូសាឡឹម ដែលបានចិញ្ចឹមបីបាច់អ្នករាល់គ្នាកើតទុក្ខដែរ។ ក្រុងយេរូសាឡឹម​បានឃើញព្រះជាម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នករាល់គ្នា ហើយពោលថា៖«ម្នាលក្រុងទាំងប៉ុន្មានដែលនៅជិតខាងក្រុងស៊ីយ៉ូនអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះជាម្ចាស់ធ្វើឱ្យ​ខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង។ ខ្ញុំឃើញខ្មាំងសត្រូវកៀរកូនប្រុស កូនស្រីរបស់ខ្ញុំទៅធ្វើជា​ឈ្លើយ ព្រោះព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចដាក់ទោសពួកគេ! ខ្ញុំមានអំណរ​សប្បាយដោយចិញ្ចឹមបីបាច់កូន រួចខ្ញុំមានទុក្ខព្រួយស្រណោះស្រណោក ដោយឃើញ​ខ្មាំងកៀរយកពួកវាចេញទៅ។ សូមកុំឱ្យនរណាមានអំណរសប្បាយ ដោយឃើញខ្ញុំ​ធ្លាក់ខ្លួនជាស្រី្ដមេម៉ាយ ដែលគេចាប់ពង្រាត់កូនទាំងអស់របស់ខ្ញុំ។ ខ្ញុំនៅស្ងាត់ជ្រងំដោយសារតែកូនៗរបស់ខ្ញុំបានប្រព្រឹត្តអំពើបាប គឺពួកវាបានឃ្លាតចាកពីធម្មវិន័យរបស់​ព្រះជាម្ចាស់។ កូនទាំងឡាយអើយ​ ចូរមានចិត្តក្លាហានឡើង! ចូរស្រែកដង្ហោយហៅ​ព្រះជាម្ចាស់ទៅ! ព្រះអង្គដែលនាំកូនមកទីនេះមុខជាមិនបំភ្លេចកូនទេ។ កាលពីមុនកូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំ​ស្វែងរកព្រះអង្គឱ្យខ្លាំងជាងមុនដប់ដង។ ព្រះអង្គដែលដាក់ទោសកូនឱ្យរងទុក្ខវេទនា​យ៉ាងនេះ នឹងយាងមកជួយសង្គ្រោះកូន ហើយប្រទានអំណរសប្បាយឱ្យកូនជារៀង​រហូត។

ទំនុកតម្កើងលេខ ៦៩,៣៣-៣៤.៣៦.៣៧ បទកាកគតិ

៣៣.អស់អ្នកទុរគតវេទនាក្រខ្សត់ចិត្តគេសប្បាយ
គេមានអំណរឥតមានខ្វល់ខ្វាយនឹងរស់វែងឆ្ងាយ
អាយុយឺនយូរ ។
៣៤.ដ្បិតទ្រង់សណ្ដាប់ពាក្យអ្នកសុភាពនិយាយទូលថ្ងូរ
ទ្រង់មិនលះបង់អ្នកជាប់ឃុំយូរឱ្យទួញទ្រហោរ
នៅឯកោទេ ។
៣៦.ដ្បិតព្រះជាម្ចាស់ទ្រង់នឹងសង្គ្រោះក្រុងយើងខ្ពស់ឡើង
ទីក្រុងនានាស្រុកយូដាផងព្រះអង្គកសាង
ថ្មីវិញទាំងអស់ ។
ឱ្យប្រជាជនចូលមកបន្ទន់ចូលជ្រកនៅរស់
កន្លែងដើមវិញឥតមានបង់បោះសុខស្រួលឥតខ្ចោះ
កាន់កាប់ជាថ្មី ។
៣៧.កូនចៅរបស់អ្នកបម្រើស្មោះនឹងទទួលដី
មកទុកជាកេរមរតកប្រពៃបវរថ្លាថ្លៃ
តាំងជាលំនៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១-៥.១០

ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ ព្រះអង្គហៅក្មេងតូចម្នាក់ឱ្យមកឈរនៅកណ្តាលចំណោមពួកសាវ័ក រួចមានព្រះបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗនោះទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ដ៏ដូចជាបានទទួលខ្ញុំដែរ»។
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្រ្តរបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ។

206 Views