ថ្ងៃអង្គារ-អាទិត្យទី២៩-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តយ៉ូហាន ដឺប្រេប៊ឺហ្វ និងសន្តអ៊ីសាក​យ៉ូក ​
ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី
ឬសន្តប៉ូល នៃព្រះឈើឆ្កាង ជាបូជាចារ្យ

មានសមាជិកក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ជាតិបារាំងប្រាំបីនាក់ ទៅប្រកាសដំណឹងល្អនៅប្រទេសកាណាដា និងស្រុកអាមេរិកខាងជើងមុនគេបង្អស់។ អ្នកប្រឆាំងគ្រីស្តសាសនាប្រហារជិវិតទាំងប្រាំបីនាក់ក្នុងអំឡុងឆ្នាំ ១៦៤២-១៦៤៩។ ក្នុងចំណោមអ្នកទាំងនោះ មានលោកអ៊ីសាកយ៉ូក (១៦០៧-១៦៤៦) និងលោក យ៉ូហានដឺប្រប៊ឺហ្វ (១៦៤៩)។
លោកប៉ូលដាណែ (១៦៩៤-១៧៧៥) ជាជនជាតិអ៊ីតាលីម្នាក់។ មុនដំបូងលោកធ្វើទាហាន។ នៅឆ្នាំ ១៧២០ លោកសម្រេចចិត្តទៅរស់ជាឥសី រួចក៏ទទួលមុខងារជាបូជាចារ្យ។ លោកឧស្សាហ៍ដើរទៅពន្យល់គម្ពីរពាសពេញស្រុកអ៊ីតាលី។ លោកបង្កើតក្រុមគ្រួសារមួយដើម្បីដើរដាស់តឿនគ្រីស្តបរិស័ទឱ្យស្រឡាញ់ព្រះគ្រីស្តដែលត្រូវគេឆ្កាង។

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១២,១៥.១៧-១៩.២០-២១

បងប្អូនជាទីស្រឡាញ់!
ដោយសារតែមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក​​ ហើយដោយសារបាបសេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។ មនុស្សទូទៅត្រូវស្លាប់ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ និងព្រះអំណោយរទាននៃការប្រណីសន្ដោសក៏បានហូរមកលើ​មនុស្សទាំងអស់រឹតតែបរិបូណ៌ដោយសារមនុស្សម្នាក់យ៉ាងនោះដែរ គឺព្រះយេស៊ូគ្រីស្ដ។ បើលោកអដាំតែម្នាក់បានប្រព្រឹត្តខុស មច្ចុរាជបានសោយរាជ្យប៉ុណ្ណឹងទៅហើយ ចំណង់បើអស់អ្នកដែលបានទទួលការប្រណីសន្ដោសដ៏បរិបូណ៌លើសលប់ដែលប្រោសគេឱ្យបានសុចរិតតាមព្រះអំណោយទាននឹងរឹតតែបានសោយរាជ្យនៅក្នុងជីវិតថែមទៀត ដោយសារព្រះយេស៊ូគ្រីស្ដតែមួយព្រះអង្គវិញជាពុំខាន។ សរុបមក ដោយសារកំហុស​របស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិត​របស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងទទួលជីវិតយ៉ាងនោះដែរ ហើយមនុស្សទាំងអស់ ក៏ជាប់បាបដោយសារតែមនុស្សម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឱ្យបានសុចរិត ដោយសារមនុស្សតែម្នាក់​បានស្ដាប់បង្គាប់យ៉ាងនោះដែរ។
នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះ ព្រះហប្ញទ័យប្រណីសន្ដោស​របស់​ព្រះជាម្ចាស់ ក៏រឹតតែមានច្រើនលើសលប់ថែមទៀត។ ដូចបាបសោយរាជ្យបណ្ដាល​ឱ្យមានសេចក្ដីស្លាប់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្ដោសដែលប្រោសមនុស្សឱ្យបានសុចរិត ក៏សោយរាជ្យយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។

ទំនុកតម្កើងលេខ ៤០,៧-១០.១៧ បទពាក្យ ៧

៧.ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្ដាប់ព្រះតម្រិះនៃព្រះអង្គ ។
៨.ដូច្នេះរូបខ្ញុំសូមពោលថាបពិត្រករុណាដ៏ឧត្តុង
ខ្ញុំប្រព្រឹត្តតាមឥតរេរង់តាមសេចក្ដីក្នុងព្រះគម្ពីរ ។
៩.ខ្ញុំសែនពេញចិត្តធ្វើតាមព្រះហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច ។
១០.ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ ។
១៧.រីឯអស់អ្នកដែលស្វែងស្វះរកព្រះអម្ចាស់បានរីករាយ
ថ្លែងឥតឈប់ឈរអរក្អាកក្អាយយើងខ្ញុំឱនកាយថ្កើងព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល
ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៣៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរប្រុងប្រៀបខ្លួន ហើយទុក​ឱ្យ​ចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើ ដែលរងចាំ​ម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើ​ទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរងចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹង​ឱ្យអ្នកបម្រើនោះអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិល​មកវិញ នៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរងចាំ​ដូច្នេះ ពួកគេប្រាកដជាមានសុភមង្គលហើយ»។

207 Views