ថ្ងៃពុធ-អាទិត្យទី២៩-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,១២-១៨
បងប្អូនជាទីស្រឡាញ់!
មិនត្រូវទុកឱ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែងតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហារបស់ខ្លួននោះឡើយ ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូនឱ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចជាមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សិរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។ បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិននៅក្រោមអំណាចរបស់ធម្មវិន័យទេ គឺនៅក្រោមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាសវិញ។
បើដូច្នេះ ដោយយើងមិននៅក្រោមអំណាចរបស់ធម្មវិន័យ គឺនៅក្រោមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ?ទេ! មិនកើតទេ!។ បងប្អូនមិនដឹងទេឬ? បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះហើយ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាបដែលនាំឱ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលនាំបងប្អូនឱ្យបានសុចរិត។ សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែងដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។
ទំនុកតម្កើងលេខ ១២៤,២-៥.៧ បទពាក្យ ៧
២. | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា |
ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង ។ | |
៣. | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង |
គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្ដឡើយ ។ | |
៤. | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ |
ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ ។ | |
៥. | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពនិ្លចទៅ |
ដល់បាតជលសាដ៏សែនជ្រៅ | ជិវិតយើងត្រូវលង់ក្សិណក្ស័យ ។ | |
៧. | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ |
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៩-៤៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឱ្យវាចូលមកក្នុងផ្ទះគាត់បានឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
លោកសិលាទូលសួរព្រះយេស៊ូថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅ យើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗគ្នាដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖«បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើល៍ខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឱ្យគេតាមពេលកំណត់ជាមិនខាន់។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថាម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បតិ្តទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា៖«ម្ចាស់អាញ់ក្រមកដល់ណាស់»គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅពេលដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេឱ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។