ថ្ងៃព្រហស្បតិ៍-អាទិត្យទី២៩-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,១៩-២៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូនឱ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឱ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូនធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឱ្យបងប្អូនបានទៅជាវិសុទ្ធយ៉ាងនោះដែរ។
កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ កាលណោះ បងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឱ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឱ្យបងប្អូនស្លាប់!តែឥឡូវនេះ បងប្អូនបានរួចពីអំណាចនៃបាបមកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឱ្យបងប្អូនទៅជាវិសុទ្ធ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច ដ្បិតលទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញ គឺជីវិតរស់អស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្ដយេស៊ូជាព្រះអម្ចាស់នៃយើង។
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
១. | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្ដាប់ទូន្មាន |
ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
មង្គលពេកក្រៃ ។ | |||
២. | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
របស់ព្រះម្ចាស់រ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
ឥតមានភ្លេចភ្លឹក ។ | |||
៣. | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
តាមកាលរដូវ ។ | |||
៤. | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្ដិ៍ឈ្មោះអាស្រូវ |
ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
បាចសាចខ្ចាត់ខ្ចាយ ។ | |||
៥. | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
ពីអ្នកសុចរិត ។ | |||
៦. | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
នាំខ្លួនអន្ដរាយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។
ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិត នៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៤៩-៥៣
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។ ខ្ញុំត្រូវទទួលពីធីជ្រមុជម៉្យាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែង ចង់តែឱ្យពិធីនោះបានសម្រេចឆាប់ៗ។ កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សន្ដិភាពឱ្យផែនដីនេះឡើយ គឺខ្ញុំនាំការបាក់បែកមកទេតើ។ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរអ្នក ពីរនាក់បែកចេញពីបីនាក់ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។