ថ្ងៃអាទិត្យ-អាទិត្យទី៣១-ប្រចាំឆ្នាំ «ខ»

អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,២-៦

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអុីស្រាអែលថា៖«អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នកនិងកូនចៅរបស់អ្នកត្រូវកាន់តាមវិន័យ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឱ្យ ដើម្បីឱ្យអ្នកមានអាយុយឺនយូរ។ អុីស្រាអែលអើយ! ចូរស្តាប់វិន័យនិងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឱ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យាជាមួយអ្នក។

អុីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច»។

ទំនុកតម្កើងលេខ ១១៩, ៩៧.៩៩.១០១-១០៦ បទកាកគតិ

៩៧.ទូលបង្គំពេញចិត្តវិន័យក្រមក្រឹត្យរបស់ព្រះអង្គ
ខ្ញុំតែងសញ្ជឹងពីវិន័យទ្រង់សព្វប្រការផង
ជារៀងរាល់ថ្ងៃ ។
៩៩.ទូលបង្គំវៃឆ្លាតជាងគ្រូទៅទៀតព្រោះតែខ្ញុំចេះ
យកដំបូន្មានទាំងប៉ុន្មាននេះមកសញ្ជឹងរិះ
គិតពិចារណា ។
១០១.ខ្ញុំគេចឱ្យឆ្ងាយពីផ្លូវអន្តរាយអាក្រក់ទាំងអស់
គេចចេញឱ្យផុតប្រតិបត្តិតាមព្រះបន្ទូលអម្ចាស់
នៅជាប់ស្ថិតស្ថេរ ។
១០២.ខ្ញុំមិនងាកគេចអ្វីទ្រង់សម្រេចត្រឹមត្រូវឥតប្រែ
ដ្បិតទ្រង់ប្រដៅខ្ញុំរាល់ថ្ងៃខែខ្ញុំមិនគេចកែ
ចាកចោលទ្រង់ឡើយ ។
១០៣.បន្ទូលសន្យាប្រៀបបានអាហារឆ្ងាញ់ពិសេសហើយ
សម្រាប់រូបខ្ញុំគ្មានអ្វីស្មើឡើយផ្អែមណាស់ព្រះអើយ
លើសទឹកឃ្មុំផង ។
១០៤.គឺធម្មវិន័យរបស់ម្ចាស់ថ្លៃធ្វើឱ្យខ្ញុំត្រង់
ចេះពិចារណារិះគិតឥតឆ្គងស្អប់ផ្លូវសៅហ្មង
វៀចវេរបោកប្រាស ។
១០៥.បន្ទូលព្រះអង្គគឺជាចង្កៀងខ្ញុំបានឃើញច្បាស់
ពិតជាពន្លឺត្រចង់ត្រចះឃើញផ្លូវស្រឡះ
ឱ្យខ្ញុំសុខសាន្ត ។
១០៦.ទូលបង្គំសន្យាឥតងាករេថាធ្វើតាមមិនខាន
ខ្ញុំនឹងប្រតិបត្តិសេចក្តីប៉ុន្មានសុចរិតថ្កើងថ្កាន
របស់ព្រះអង្គ ។

អត្ថបទទី​ ២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៧,២៣-២៨

ក្នុងជំនាន់សម្ពន្ធមេត្រីចាស់មានមនុស្សជាច្រើនធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេរមែងតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍បានឡើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឱ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ ហេតុនេះហើយ បានជាព្រះអង្គក៏អាចសង្គ្រោះជាស្ថាពរដល់អស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ដោយសារព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យពួកគេ។ មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះហើយដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងគង់នៅទីដ៏ខ្ពង់ខ្ពស់លើសផ្ទៃមេឃទៅទៀត។ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ធ្វើជាយញ្ញបូជាម្តងជាស្រេច។ តាមធម្មវិន័យរបស់លោកម៉ូសេ គេតែងតាំងមនុស្សទន់ខ្សោយឱ្យធ្វើជាមហាបូជាចារ្យ។ តែនៅពេលក្រោយ កាលព្រះជាម្ចាស់មានព្រះបន្ទូលសម្បថ ព្រះអង្គតែងតាំងព្រះបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឱ្យធ្វើជាមហាបូជាចារ្យវិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤ ,៨.៧

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកដែលមានចិត្តស្រឡាញ់ កើតមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះអង្គផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤

មានធម្មាចារ្យម្នាក់ចូលទៅជិតព្រះយេស៊ូហើយទូលព្រះអង្គថា៖«ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយគឺ  “អុីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯវិន័យទីពីរ មានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ធម្មាចារ្យនោះទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយ និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយ ដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។

226 Views