ថ្ងៃចន្ទ-អាទិត្យទី៣១-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌ស
បុណ្យឱឡារិក

បុណ្យគោរពសន្តបុគ្គទាំងឡាយ

មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលជា “ព្រះដ៏វិសុទ្ធ” គឺព្រះអង្គខុសប្លែកពីមនុស្សយើងទាំងស្រុង។ ​ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក គឺដល់អស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើធម៌មេត្តាករុណារបស់ព្រះអង្គ ហើយរស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គផងដែរ។ ព្រះសហគមន៍តែងហៅអ្នកទាំងនោះថា “សន្តបុគ្គល” ពោលគឺ អស់អ្នកដែលពោរពេញដោយព្រះជន្មរបស់ព្រះជាម្ចាស់ ហើយរួមរស់ជាមួយព្រះអង្គនៅស្ថានបរមសុខ។ ព្រះសហគមន៍ក៏តែងតាំងសន្តបុគ្គលទុកជាគំរូ អំពីរបៀបរស់នៅជាគ្រីស្តបរិស័ទផងដែរ។

នៅថ្ងៃនេះ ព្រះសហគមន៍ដាស់តឿនគ្រីស្តបរិស័ទឱ្យអរព្រះគុណព្រះជាម្ចាស់ ដែលព្រះអង្គបានប្រោសមនុស្សឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ គ្រីស្តបរិស័ទក៏អរព្រះគុណព្រះអង្គ ដែលបានប្រោសឱ្យមនុស្សខ្លះរស់នៅតាមរបៀបល្អប្រសើរដែរ។ របៀបរស់នៅបែបនោះ មកពីព្រះជាម្ចាស់ប្រទានឱ្យ។

នៅថ្ងៃនេះ យើងជាគ្រីស្តបរិស័ទ នឹកដល់មនុស្សច្រើនឥតគណនា ដែលបានផ្ញើជីវិតលើព្រះអង្គ និងដែលបានគាប់ព្រះហឫទ័យព្រះអង្គ ទោះបីគេកាន់សាសនាណាក៏ដោយ។ ឥឡូវនេះ គេរួមជាមួយព្រះគ្រីស្ត ហើយនាំគ្នាថ្វាយបង្គំព្រះបិតា ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ទោះបីអ្នកទំាងនោះពុំមានឈ្មោះក្នុង បញ្ជីប្រតិទិនក៏ដោយ ក៏គេរួមរស់ជាមួយព្រះគ្រីស្តនៅស្ថានបរមសុខផងដែរ។ អ្នកទាំងនោះប្រៀបដូចជាបងប្អូន ដែលអង្វរព្រះបិតាឱ្យយើង រួមជាមួយព្រះយេស៊ូជារៀមច្បង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ៧,២-៤.៩-១៤

ខ្ញុំ​យ៉ូហាន ឃើញ​ទេវទូត​មួយ​អង្គ​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ផង។ ទេវទូត​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗទៅ​កាន់​ទេវទូត​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែន‌ដី និង​សមុទ្រ​ថា៖ «សូម​កុំ​អាល​ធ្វើ​ទុក្ខ​ទោស​ផែន‌ដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ចាំ​យើង​បោះ​ត្រា​សម្គាល់​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង​ហើយ​សិន»។ ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សម្គាល់មាន​ចំនួន​មួយ​សែន​បួន‌ម៉ឺន​បួន‌ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ក្រោយ​មក​ ខ្ញុំ​មើល​ទៅឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជាជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។ គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​ព្រះ‌នៃ​យើង​ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេដែល​សង្គ្រោះ​យើង»។ ពេល​នោះ ទេវទូត​ទាំង​ប៉ុន្មាន​ដែល​ឈរ​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ និង​ជុំ‌វិញ​សត្វ​មាន​ជីវិត​ទាំង​បួន នាំ​គ្នា​ក្រាប​នៅ​មុខ​បល្ល័ង្ក ទាំង​ឱន​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «អាម៉ែន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរី‌រុង​រឿង ព្រះ‌ប្រាជ្ញា‌ញាណ សូម​អរ​ព្រះ‌គុណ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម ឫទ្ធា‌នុភាព និង​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​នៃ​យើងអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!»។ ព្រឹទ្ធា‌ចារ្យ​មួយ​ម្នាក់មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។ ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឱ្យស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម»។ 

ទំនុកតម្កើងលេខ ២៤,១-៦ បទពាក្យ ៧

១.អ្វីៗដែលនៅលើផែនដីកើតមកច្រើនក្រៃមីរដេរដា
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ជាស្នាព្រះហស្តនៃព្រះអង្គ ។
២.គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយល្វឹងលើសមុទ្រ ។
៣.តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ត ។
៤.គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់ ។
៥.ព្រះជាអម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត ។
៦.អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប ។

អត្ថបទទី២​៖ សូមថ្លែងលិខិតទី១ របស់សន្ដយ៉ូហាន ១យហ ៣,១-

បងប្អូនជាទីស្រឡាញ់!
សូម​គិត​មើល៍ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កម្រិត​ណា គឺ​ព្រះ‌អង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ ហើយ​យើង​ពិត​ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះ‌អង្គ។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះ‌អង្គ​ពុំ​ទាន់​សម្ដែង​ឱ្យយើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រីស្ត​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ។ អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌អង្គ​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឱ្យបរិសុទ្ធដូច​ព្រះ‌អង្គ​បរិសុទ្ធ​ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាសម្រាក»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២

ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ដែលដើរតាមព្រះអង្គ! ទ្រង់​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សាវ័កនាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត ​អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឱ្យពួក​គេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យមេត្តា‌ករុណា​ដល់​ពួក​គេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់! អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះ‌ជាម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀត‌បៀនព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាងបង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នាព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការីដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។

300 Views