ថ្ងៃអង្គារ-អាទិត្យទី៣១-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១២,៥-១៦
បងប្អូនជាទីស្រឡាញ់!
យើងដែលមានគ្នាច្រើន រួមជាព្រះកាយតែមួយ ក្នុងអង្គព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះហប្ញទ័យប្រណីសន្ដោស ដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល ត្រូវថ្លែងឱ្យស្របតាមជំនឿ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឱ្យគេដោយចិត្តត្រេកអរ។ ចូរមានចិត្តស្រឡាញ់ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវកា្ល ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធដែលខ្វះខាត់ ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរឱ្យអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសម្រុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាប់វិញ។
ទំនុកតម្កើងលេខ ១៣១,១-៣ បទកាកគតិ
១. | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
មិនវាយប្ញកខ្ពស់ | មិនអាងមិនអួត | មិងចង់ប្រកួត | |
អ្នកតូចអ្នកទាប ។ | |||
ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប់ | |
មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព | |
របស់ខ្ញុំឡើយ ។ | |||
២. | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
ដូចជាកូនក្មេង | ជាប់ទ្រូងម្ដាយហើយ | វាធ្វើកន្ដើយ | |
នឹងអ្វីទាំងអស់ ។ | |||
៣. | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
កប្បកល្បជានិច្ច ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៤,១៥-២៤
ពេលនោះ ព្រះយេស៊ូកំពុងសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់។ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូបានឮព្រះបន្ទូល ហើយទូលព្រះអង្គថា៖«អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គលហើយ!។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«មានបុរសម្នាក់រៀបចំពិធីជប់លៀងមួយយ៉ាងធំ ហើយលោកអញ្ជើញភ្ញៀវជាច្រើន។ លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឱ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”»។ ប៉ុន្ដែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា៖«ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឱ្យខ្ញុំផង»។ ម្នាក់និយាយថា៖«ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកមើលសូមមេត្តាអភ័យទោសឱ្យខ្ញុំផង»។ ម្នាក់ទៀតនិយាយថា៖«ខ្ញុំទើបនឹងរៀបការប្រពន្ធខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ»។ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា៖«ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្ស ក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក»។ បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា៖« ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឱ្យចូលមកពេញផ្ទះខ្ញុំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!»។