ថ្ងៃពុធ-អាទិត្យទី៣១-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តម៉ាតាំង ដេប៉ូរេស ជាបព្វជិត

លោកម៉ាតាំង (១៥៧៩-១៦៣៩) កើតនៅក្រុងលីម៉ា (ប្រទេសប៉េរូ) ហើយប្រកបអាជីវកម្មជាគិលានុបដ្ឋាក។ លោកម៉ាតាំងមានចិត្តសិទ្ធាជ្រះថ្លាជាទីបំផុត ស្ម័គ្រចិត្តជួយមនុស្សគ្រប់ប្រភេទនៅពេលណាក៏បាន។ សម្តេចប៉ាបយ៉ូហានទី២៣ ដាក់ឈ្មោះលោកថា៖ “លោកម៉ាតាំងដែលមានចិត្តមេត្តាករុណា”។

អត្ថបទទី
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៣,៨-១០

បងប្អូនជាទីស្រឡាញ់!
បងប្អូនមិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកឡើយ! ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាធម្ម​វិន័យសព្វគ្រប់ហើយ ព្រោះធម្មវិន័យដែលចែងថា៖«កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់​មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» និងវិន័យឯទៀតៗ សង្ខេបមកជា​វិន័យតែមួយនេះថា៖«ចូរស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ អ្នកមានចិត្តស្រឡាញ់ មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូនឯទៀតៗឡើយ​ ដូច្នេះសេចក្ដី​ស្រឡាញ់នាំឱ្យប្រតិបត្តិតាមធម្មវិន័យបានពេញលក្ខណៈ។

ទំនុកតម្កើងលេខ ១១២,១-២.៤-៥.៨-៩ បទពាក្យ ៧

១.អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល ។
២.ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត ។
៤.ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្ដោសលើសព្វជនប្រុសស្រី ។
៥.ជនណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត ។
៨.គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។
៩.គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សល ១៤

អលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ដនោះ
បងប្អូនមានសុភមង្គលហើយ! ដ្បិត​ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ៤,២៥-៣៣

នៅគ្រានោះ មហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្រ្ត​ទៅរកគេ ហើយមានព្រះបន្ទូលថា៖«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាច​ធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។

ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះ​ត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹង​បង្ហើយសំណង់ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នា​ឃើញ មុខជាសើចចំអកឱ្យជាមិនខាន។ គេនឹងពោលថា “មើលបុរសនេះចាប់ផ្ដើម​សង់ផ្ទះ តែមិនអាចបង្ហើយបានទេ!” ។

ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រោម តទល់នឹងស្ដេច​មួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់​អាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬមិនបាន? បើឃើញថា មិនអាច​តទល់បានទេ នោះទ្រង់នឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេច​មួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះ​បង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។

254 Views