ថ្ងៃអង្គារ-អាទិត្យទី៣៣-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តីម៉ាការីតា នៅស្កុតឡែន
សន្តីហ្សេទ្រូដ ជាព្រហ្មចារិនី
ព្រះនាងម៉ាការីតា (ប្រ.១០៤៦-១០៩៣) ជាព្រះញាតិវង្សព្រះបាទអេឌូអ័រ “ជាអ្នកប្រកាសជំនឿ”។ ព្រះនាងរៀបអភិសេកជាមួយព្រះបាទម៉ាលកុម ជាស្តេចប្រទេសអេកុស ហើយប្រសូតបុត្របានប្រាំបីអង្គ។ ព្រះនាងអប់រំបុត្រទាំងនោះយ៉ាងល្អបំផុតតាមជំនឿនៃគ្រីស្តសាសនា។ ព្រះនាងយកព្រះហឫទ័យទុកដាក់នឹងបំបាត់ពិធីផ្សេងៗរបស់សាសនាដ៏ទៃ ដែលគ្រីស្តបរិស័ទនៅសម័យនោះតែងអនុវត្តន៍រួមនឹងគ្រីស្តសាសនា។ ព្រះនាងមានឈ្មោះល្បីល្បាញអស្ចារ្យក្នុងការជួយឧបត្ថម្ភជនក្រីក្រ។ សន្តី ម៉ាការីតា ជាឧបាការិនីស្រុកអេកុស។ ឈ្មោះ “ម៉ាការីតា” នេះមានន័យថា “ពេជ្រ ”។
នាងហ្សេទ្រូដ (១២៥៦-១៣០២) កើតនៅប្រទេសអាឡឺម៉ង់។ នាងចូលចិត្តផ្នែកអក្សរសាស្ត្រជាខ្លាំង។ លុះដល់អាយុម្ភៃប្រាំឆ្នាំ នាងកែប្រែចិត្តគំនិតទាំងស្រុង បែរទៅស្រឡាញ់ព្រះគ្រីស្តតែមួយព្រះអង្គគត់ លើសអ្វីៗទាំងអស់ នាងរៀនទេវវិទ្យាយ៉ាងជ្រៅជ្រះ។ ដោយនាងយកចិត្តទុកដាក់គោរពព្រះគ្រីស្ត ក្នុងឋានៈជាមនុស្ស ព្រះអង្គបង្ហាញព្រះអង្គឱ្យនាងឃើញ។ យូរសតវត្សក្រោយមក គ្រីស្តបរិស័ទនាំគ្នាគោរពព្រះបេះដូងព្រះយេស៊ូ តាមសេចក្តីដែលសន្តី ហ្សេទ្រូដ បាននិពន្ធទុក។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ២មបា ៦,១៨-៣១
លោកអេឡាសារជាធម្មាចារ្យដ៏សំខាន់ម្នាក់ ក្នុងចំណោមធម្មាចារ្យទាំងប៉ុន្មាន។ លោកមានវ័យចំណាស់ទៅហើយ ប្ញកពាក៏ល្អគួរឱ្យគោរព។ គេចាប់បើកមាត់បង្ខំឱ្យលោកពិសាសាច់ជ្រូក។ លោកស៊ូស្លាប់យ៉ាងថ្លៃថ្នូរ ប្រសើរជាងរស់នៅយ៉ាងអាម៉ាស់។ លោកស្ម័គ្រចិត្តដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ លោកខ្ជាក់សាច់ពីក្នុងមាត់ ដូចអ្នកក្លាហានមិនព្រមពិសាអ្វីដែលគម្ពីរវិន័យមិនអនុញ្ញាតឱ្យបរិភោគ ទោះបីត្រូវបាត់បង់ជីវិតក៏ដោយ។ អស់លោកដែលធ្វើជាអធិបតីក្នុងពិធីជប់លៀងព្រះដទៃដែលវិន័យហាមនោះ ស្គាល់លោកជាយូរយារណាស់មកហើយ។ គេនាំលោកអេឡាសារទៅដោយឡែកពីប្រជាជន ហើយបញ្ចេះឱ្យគេយកសាច់ដែលវិន័យអនុញ្ញាតឱ្យបរិភោគមកធ្វើម្ហូបសម្រាប់លោក រួចលោកត្រូវតែពិសាសាច់ដែលគេធ្វើនោះ ហើយធ្វើពុតដូចជាពិសាសាច់ដែលគេបានបូជាថ្វាយព្រះដទៃ តាមបញ្ជារបស់ព្រះរាជា។ ធ្វើដូច្នេះ នោះលោកនឹងរួចជីវិត។ អ្នកទាំងនោះនិយាយដូច្នេះ ព្រោះអាណិតស្រឡាញ់រាប់អានគាត់ជាយូរយារណាស់មកហើយ។ ប៉ុន្ដែ លោកអេឡាសារ ប្ដេជ្ញាចិត្តយ៉ាងអង់អាចតាមវ័យ និងសក់ស្កូវរបស់គាត់ ព្រមទាំងតាមចរិយាសម្បត្តិដ៏ល្អប្រសើរ ដែលលោកមានតាំងពីកុមារមក ជាពិសេស លោកចង់ធ្វើឱ្យស្របតាមវិន័យដ៏វិសុទ្ធដែលព្រះជាម្ចាស់បានតែងតាំង។ លោកសុំឱ្យគេបញ្ជូនលោកទៅស្ថានមច្ចុរាជ ទាំងប្រាប់ថា៖«មនុស្សមានអាយុប៉ុនខ្ញុំនេះ មិនគួរនឹងបោកបញ្ឆោតគេឡើយ! បើខ្ញុំធ្វើពុតដូច្នេះ យុវជនជាច្រើនមុខជាស្មានថាអេឡាសារខ្ញុំនេះមានអាយុកៅសិបឆ្នាំទៅហើយ បែកចិត្តទៅធ្វើតាមទំនៀមទម្លាប់របស់ជនជាតិបរទេស!។ ដូច្នេះ យុវជនទាំងនោះ មុខជាវង្វេងដោយសារតែកំហុសរបស់ខ្ញុំដែលធ្វើពុតចង់រស់រានមានជីវិតមួយរយៈពេលយ៉ាងខ្លីនេះជាមិនខាន។ ធ្វើដូច្នេះមិនសមរម្យទេ! ប្រសិនបើខ្ញុំធ្វើក្នុងពេលដែលខ្ញុំមានវ័យចាស់ដូច្នេះ ខ្ញុំនឹងអាប់ឱនកិត្តិយសរបស់ខ្ញុំ ហើយត្រូវសៅហ្មងទៀតផង!។ ទោះបីខ្ញុំរួចទោសពីមនុស្សលោកពេលឥឡូវនេះក្ដី ក៏ខ្ញុំមិនអាចគេចរួចពីព្រះហស្ដនៃព្រះដ៏មានឫទ្ធានុភាពសព្វប្រការបានដែរ។ ទោះបីរស់ឬស្លាប់ក្ដី ក៏ខ្ញុំមិនរួចខ្លួនឡើយ។ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំដោយក្លាហាន ខ្ញុំនឹងបង្ហាញកិត្តិយសឱ្យសមតាមអាយុរបស់ខ្ញុំ ដោយធ្វើជាគំរូដ៏ល្អទុកសម្រាប់យុវជន គឺគំរូរបស់អ្នកដែលស្ម័គ្រចិត្តស្លាប់ ដោយមិនរួញរាដើម្បីគោរពវិន័យដ៏វិសុទ្ធ។
លោកអេឡាសារមានប្រសាសន៍ដូច្នេះហើយ ក៏ដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ រីឯអស់អ្នកដែលនាំលោក គេក៏នាំគ្នាដូរចិត្តគំនិតកាលពីមុន ពួកគេដែលធ្លាប់តែអាណិតស្រឡាញ់លោក បែរជាស្អប់លោកទៅវិញ ព្រោះគេចាត់ទុកពាក្យដែលលោកមានប្រសាសន៍នោះថា ជាពាក្យឆ្កួតលេលា។ រីឯលោកវិញ ពេលដែលលោកជិតផុតដង្ហើមដោយសារគេវាយធ្វើបាបនោះ លោកមានប្រសាសន៍ទាំងថ្ងូរថា៖« ព្រះអម្ចាស់ជ្រាបអ្វីៗទាំងអស់ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំអាចរួចពីស្លាប់បាន។ នៅពេលនេះ គេវាយដំខ្លួនប្រាណទូលបង្គំយ៉ាងសាហាវយង់ឃ្នង តែក្នុងចិត្តទូលបង្គំរងទុក្ខដោយសប្បាយ ព្រោះទូលបង្គំគោរពកោតខ្លាចព្រះអង្គ។
លោកអេឡាសារចែកស្ថានទៅយ៉ាងនេះ។ ការស្លាប់របស់លោក មិនត្រឹមតែធ្វើជាគំរូសម្រាប់យុវជនប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិជាច្រើនទៀតផង។ គេនឹកចាំពីព្រហ្មវិហារធម៌ និងចិត្តអង់អាចក្លាហានរបស់លោកតរៀងទៅ។
ទំនុកតម្កើងលេខ ៣,២-៧ បទបន្ទោលកាក
២. | ឱ!ព្រះអម្ចាស់ | សត្រូវច្រើនណាស់ជិតជុំ |
អ្នកប្រឆាំងខ្ញុំ | ក៏មកមូលផ្តុំច្រើនដែរ ។ | |
៣. | អ្នកខ្លះពោលថា៖ | «អង្គម្ចាស់ក្សត្រាងាកបែរ |
មិនសង្គ្រោះទេ | ទ្រង់ទុកឱ្យគេឯកា» ។ | |
៤. | ឱ!ព្រះអម្ចាស់ | ទ្រង់វិសេសណាស់អស្ចារ្យ |
ជាខែលការពារ | ដល់ខ្ញុំនេះណាពិតណាស់ ។ | |
ព្រះអង្គប្រទាន | សិរីឱ្យមានត្រចះ | |
ហើយព្រះអង្គប្រោស | ឱ្យខ្ញុំងើបមុខវិញបាន ។ | |
៥. | ខ្ញុំហៅរកព្រះ | ជាម្ចាស់អស់ពីចិត្តប្រាណ |
ព្រះអង្គក៏បាន | តបឆ្លើយពីភ្នំឥតសល់ ។ | |
៦. | ខ្ញុំទម្រេតខ្លួន | លង់លក់សមសួនស្កប់ស្កល់ |
ភ្ញាក់ឡើងឥតខ្វល់ | ដ្បិតទ្រង់ផ្ដល់ការគាំទ្រ ។ | |
៧. | ទោះបីមានមនុស្ស | លើកគ្នាស្រីប្រុសឈូឆរ |
ប្រឆាំងតបត | ក៏ខ្ញុំមិនភ័យខ្លាចដែរ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,៨.១០-១២
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ ព្រះអង្គមិនដាក់ទោសយើង ឱ្យសមនឹងអំពើបាបដែលយើងបានប្រព្រឹត្តនោះឡើយ។
ព្រះអង្គក៏បានដកកំហុសរបស់យើងចេញឆ្ងាយពីយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៩,១-១០
ព្រះយេស៊ូយាងកាត់ទីក្រុងយេរីខូ។ មានបុរសម្នាក់ឈ្មោះសាខេ ជាមេរបស់អ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទាបទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើមចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភក្រ្តឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ មើល៍! អ្នកនេះទៅស្នាក់នៅផ្ទះមនុស្សបាប់!»។ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញ មួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះ ជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលបាត់បង់»។