ថ្ងៃអង្គារ-អាទិត្យទី០១-អបអរសាទរ

ថ្ងៃអង្គារ អាទិត្យទី០១
រដូវអបអរសាទរ
ពណ៌ក្រហម

បុណ្យគោរព
សន្តអន់ដ្រេ ជាគ្រីស្តទូត

លោកអន់ដ្រេ ជាអ្នកនេសាទត្រីនៅភូមិបេតសៃដា និងជាកូនសិស្សរបស់លោកយ៉ូហានបាទីស្ត។ លោកទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្ត រួចចេញទៅហៅស៊ីម៉ូនសិលាជាបង។ លោកលះបង់អ្វីៗទាំងអស់ ដើម្បីទៅតាមព្រះយេស៊ូ ដែលតែងតាំងលោកធ្វើជាគ្រីស្តទូតម្នាក់។ ក្រោយពីបានប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត ដែលទទួលព្រះជន្មថ្មីដ៏រុងរឿង លោកត្រូវគេឆ្កាងសម្លាប់តាមព្រះអម្ចាស់។ សន្តអន់ដ្រេ ជាឧបការីព្រះសហគមន៍ក្រុងកុងស្តង់ទីនូប្ល ដូនសន្តសិលា ជាឧបការីព្រះសហគមន៍ក្រុងរ៉ូម។

ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿងមែននោះ អ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះ យើងនឹងទទួលការសង្គ្រោះ ដូចមានថ្លែងទុក្នុងគម្ពីរថា៖ “អ្នកណា ជឿលើព្រះអង្គអ្នកនោះមុខជាមិនខកចិត្តឡើយ”។ ដូច្នេះ សាសន៍យូដា និសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអង្គម្ចាស់តែមួយ  ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គដ្បិត “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ”។ ក៏ប៉ុន្តែ ឱ្យគេអង្វររកព្រះអង្គដូចម្តេចកើង បើគេមិនជឿ? ឱ្យគេជឿ លើព្រះអង្គដូចម្តេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឱ្យគេឮដូចម្តេចកើតបើគ្មាននណារប្រកាស? ឱ្យមាន អ្នកប្រកាសដូចម្តេចកើត បើគ្មាននណាចាត់ឱ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា៖ “មើល៍! អ្នកដែលធ្វើដំណើរ នាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!”។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាដែលព្រមស្តាប់តាមដំណឹងល្អ ដូចព្យាការី អេសាយបានថ្លែងទុកមកថា “បពិត្រព្រះអម្ចាស់! តើនរណាជឿសេចក្តីដែលយើងនិយាយឱ្យស្តាប់?”។ ដូច្នេះ ជំនឿកើត មកពីសេចក្តីដែលយើងបានស្តាប់ រីឯសេចក្តីដែលយើងបានស្តាប់នោះ កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ត។ ក៏ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ! ពួកគេប្រាកដជាបានឮហើយ! សំឡេងរបស់គេបានឮខ្ទរខ្ទារពាស ពេញលើផែនដីទាំងមូល ហើយពាក្យសម្តីរបស់គេបានឮខ្ទរខ្ទារ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក។

ទំនុកតម្កើងលេខ ១៩,២-៥ បទកាកគតិ

២.ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់
អាកាសវេហាស៍ក៏បានប្រកាសពីស្នាព្រះហស្ត
របស់ព្រះអង្គ ។
៣.ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្តាប់មិននៅរេរង់
យប់មួយទៀតប្រាប់យប់ផ្សេងឱ្យដឹងអំពីដំណឹង
ល្បីល្បាញអស្ចារ្យ ។
៤.មិនប្រើសម្តីមិនចារសេចក្តីឬប្រើភាសា
ហើយក៏មិនចេញសូរស័ព្ទវាចាបន្តិចឡើយណា
ឱ្យគេដឹងឮ ។
៥.ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺ
លើភពផែនដីទីងងឹតភ្លឺលាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ ។

អលេលូយ៉ា! អាលេលូយ៉ា!
លោកអន់ដ្រេ ជាសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ មានប្រសាសន៍ទៅកាន់លោកស៊ីម៉ូនសិលាជាបងថា៖
“យើងបានរកព្រះមេស្សីឃើញហើយ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ៤,១៨-២២

ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ ជាអ្នកនេសាទកំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូនហៅសិលា និងលោកអន់ដ្រេជាប្អូនរបស់គាត់។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។

361 Views