សន្តីអាញេស ជាព្រហ្មចារិនី និងជាមរណសាក្សី

អត្ថបទព្រះគម្ពីរ
ថ្ងៃទី២១ ខែ
មករា
ពណ៌ក្រហ
បុណ្យរម្លឹក

សន្តីអាញេស ជាព្រហ្មចារិនី
និងជាមរណសាក្សី

​នាងអាញេសជាគ្រីស្តបរិស័ទជាតិរ៉ូមុំាងម្នាក់ រស់នៅក្រុងរ៉ូម នាដើមសតវត្សទី៤។ នាងមានចិត្ត​ស្រ​ឡាញ់ព្រះ​គ្រីស្តលើសអ្វីៗទាំងអស់។ កាលនាងអាយុ១២ឆ្នាំ នាងសុខចិត្តបាត់បង់ជីវិត ជាជាង​លះ​បង់​​ចោល​ជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្ត។ ទោះបីរដ្ឋអំណាចគំរាមកំហែង និងធ្វើ​ទុក្ខបុកម្នេញ​នាង​យ៉ាង​ណា​ក៏ដោយ ក៏នាងនៅតែមានចិត្តក្លាហានស៊ូទ្រាំទាំងអស់ ដោយព្រះជាម្ចាស់ជួយគាំ​ទ្រនាង​ផង​។​​ តាមភាសាក្រិកឈ្មោះ ” អាញេស ” មានន័យថា ” បរិសុទ្ធ “។ តាមភាសា​ឡាតាំងវិញ ឈ្មោះ ” អាញេស ” មានសូរសំឡេងប្រហែលនឹង ” កូនចៀម “។ ដូច្នេះ គ្រីស្តបរិស័ទក្រុង​រ៉ូមនាំ​គ្នាគោ​រពនាងអាញេស​ទុក​ជា​សា​វ័ករបស់ព្រះគ្រីស្ត​ ដែលជា ” កូនចៀម ” របស់ព្រះជាម្ចាស់ ហើយដែលបូជាជីវិត។

សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ៧,៩-១៧

ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជាជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។ គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​ព្រះ‌នៃ​យើង​ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។ ពេល​នោះ ទេវទូត​ទាំង​ប៉ុន្មាន​ដែល​ឈរ​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ និង​ជុំ‌វិញ​សត្វ​មាន​ជីវិត​ទាំង​បួន នាំ​គ្នា​ក្រាប​នៅ​មុខ​បល្ល័ង្ក ទាំង​ឱន​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «អាម៉ែន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរី‌រុង​រឿង ព្រះ‌ប្រាជ្ញា‌ញាណ សូម​អរ​ព្រះ‌គុណ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម ឫទ្ធា‌នុភាព និង​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​នៃ​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!»។ ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។ 14 ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឱ្យ​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ និង​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឱ្យ​ជ្រក​កោន​ក្នុង​ព្រះ‌ពន្លារបស់​ព្រះ‌អង្គ​។ ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ  ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ព្រះ‌អង្គ​នឹង​ឃ្វាល​ពួក​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ»។

ទំនុកតម្កើងលេខ ១០០ ( ៩៩ ), ១-៣.៥ បទកាកគតិ

១.មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើងសាទរព្រះម្ចាស់
ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើងកុំរាឡើយណា
២.នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លានាំគ្នាមកជិត
អង្គព្រះចេស្តាច្រៀងហ៊ោរខ្ញៀវខ្ញាដោយអរសប្បាយ
៣.ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយជាព្រះអម្ចាស់
ពិតឥតក្លែងក្លាយបង្កើតយើងហើយទ្រង់ថែថ្នាក់ថ្នម
៥.ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មងគង់នៅស្ថិតស្ថេរ
អង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បងអស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
មើលហ្ន! ព្រះដំណាក់របស់ព្រះជាម្ចាស់​ ស្ថិតនៅជាមួយមនុស្សលោក។
មានគ្រឹះដប់ពីរដែលមានចារឹកឈ្មោះ​គ្រីស្ដទូតទាំងដប់ពីរបស់កូនចៀម។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថា មថ ១០, ៣៤-៣៩

«កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្តិ‌ភាព​មក​ឱ្យ​ផែន‌ដី​ឡើយ។ ខ្ញុំ​មិន‌មែន​នាំ​សន្តិ‌ភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា​។ ខ្ញុំ​មកធ្វើ​ឱ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។ អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នាក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។ «អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួនខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ។ អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មិន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិន​សម​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​ចង់​រក្សា​ទុក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត រីឯ​អ្នក​ដែល​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ»។

599 Views