រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃអាទិត្យ

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាលើអ្វីទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ (វវ ១៩,៦-៧)។

បន្ទរទី១ ៖ ព្រះអម្ចាស់ជាព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងរុងរឿង អាលេលូយ៉ា!

ព្រះអម្ចាស់ជាព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្តា
ដូច្នេះ ផែនដីនៅរឹងមាំឥតរង្គើឡើយ។
បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំទាំ តាំងពីដើមរៀងមក
ព្រះអង្គមានព្រះជន្មគង់នៅតាំងពីអស់កល្បជានិច្ច។
បពិត្រព្រះអម្ចាស់! មហាសាគរបន្លឺសំឡេងឡើង
មហាសាគរបន្លឺសំឡេងឡើងយ៉ាងគគ្រឹកគគ្រេង។
ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្តម
ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំងជាងសំឡេងមហាសាគរ
ព្រះអង្គមានបារមីខ្លាំងជាងរលកសមុទ្រទៅទៀត។
បពិត្រព្រះអម្ចាស់! ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង
ព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធអស់កល្បតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងរុងរឿង អាលេលូយ៉ា!

«អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!» (វវ ១៩,៥)។

បន្ទរទី២ ៖ ព្រះអង្គ​នឹង​លោះពិភពលោកឱ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ ដើម្បី​ឱ្យ​មាន​សេរី‌ភាព និង​សិរី‌រុង​រឿង​នៃ​បុត្រធីតា​របស់​ព្រះជាម្ចាស់។ អាលេលូយ៉ា!

(បទកាកគតិ)

៥៧-គ្រប់ស្នាព្រះហស្តព្រះម្ចាស់ទាំងអស់នៅមិនរបូត
ជារៀងដរាបសូមនាំគ្នាស្មូតតម្កើងរហូត
អស់កល្បអន្លាយ
៥៨-ឱផ្ទៃមេឃអើយកុំនៅកន្តើយហាក់ដូចជិនណាយ
ស្មូតបទតម្កើងដោយចិត្តសប្បាយអស់កល្បអន្លាយ
តទៅកុំឈប់
៥៩-សូមឱ្យទេវទូតតម្កើងរហូតទាំងថ្ងៃទាំងយប់
ព្រះម្ចាស់ថ្កុំថ្កើងអស់កល្បអស់កប្បតម្កើងកុំឈប់
តទៅរាល់ថ្ងៃ
៦០-ចូរទឹកទាំងឡាយអបអរសប្បាយលើនភាល័យ
នាំគ្នាសរសើរតម្កើងម្ចាស់ថ្លៃកុំបង្អង់អី
អស់កល្បអង្វែង
៦១-ហ្វូងតារារះនៃព្រះអម្ចាស់នាំគ្នាសម្ដែង
តម្កើងព្រះអង្គសរសើរស្ញប់ស្ញែងគ្រប់ទីកន្លែង
តទៅឥតដាច់
៦២-សូមព្រះអាទិត្យព្រះចន្ទមានឫទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ
៦៣-សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ
៦៤-សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើកតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា
៦៥-ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីកន្លែងតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង
៦៦-ចូរឱ្យកម្ដៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់
៦៧-ចូរឱ្យខ្យល់ក្តៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ
៦៨-សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូតបទតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច
៦៩-ចូរថ្ងៃនិងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូតបទតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត
៧០-ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានឫទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា
៧១-អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត
៧២-សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងកុំបីរវាតកុំឱ្យឃ្លាងឃ្លាត
រហូតតទៅ
៧៣-សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូតរហូតទៅ
អស់កល្បយូរលង់
៧៤-សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា
៧៥-សូមឱ្យភ្នំធំកុំនៅសំងំភ្នំតូចផងណា
ស្មូតបទតម្កើងព្រះម្ចាស់រាល់គ្នាថ្កើងព្រះនាមា
អស់កល្បជានិច្ច
៧៦-សព្វអស់អ្វីៗដែលដុះលើដីកុំបីមានភ្លេច
ចូរលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បអន្លាយ
៧៧-ចូរសមុទ្រស្ទឹងទន្លេល្វើយល្វឹងតូចធំទាំងឡាយ
នាំគ្នាតម្កើងដោយក្តីរីករាយសរសើរម្ចាស់ថ្លៃ
ឱ្យលាន់រងំ
៧៨-ចូរប្រភពទឹកមានច្រើនសន្ធឹកព្រែកទាំងតូចធំ
ទឹកហូរពីជ្រោះទឹកធ្លាក់ពីភ្នំកុំនៅសំងំ
តម្កើងព្រះអង្គ
៧៩-ចូរអស់ទាំងត្រីតូចធំម្តេចក្តីនិងសត្វរស់ក្នុង
ទន្លេសមុទ្រតាមព្រែកបួរបឹងកុំសំងំឈឹង
តម្កើងព្រះម្ចាស់
៨០-សូមបក្សីសត្វដែលរស់ខ្វែងខ្វាត់ច្រើនមីរដេរដាស
ស្មូតបទតម្កើងព្រះជាអម្ចាស់កុំបីចន្លោះ
អស់កល្បយូរលង់
៨១-សូមឱ្យសត្វស្រុករស់នៅអែអុកទាំងសត្វព្រៃផង
នាំគ្នាសរសើរតម្កើងព្រះអង្គអស់កល្បយូរលង់
តទៅអន្លាយ
៨២-ចូរឱ្យមនុស្សទាំងស្រីទាំងប្រុសកុំបីឃ្លាតឆ្ងាយ
សរសើរព្រះអង្គជាព្រះម្ចាស់ថ្លៃរៀងរាល់យប់ថ្ងៃ
កុំបីអល់អែក
៨៣-ឱអ៊ីស្រាអែលអ្នកជាជាតិដែលវិសុទ្ធពន់ពេក
ចូរលើកតម្កើងព្រះខ្ពស់អនេកហួសទាំងផ្ទៃមេឃ
កុំសំងំនៅ
៨៤-អស់បូជាចារ្យទាំងឡាយនាំគ្នាឆ្ពោះតម្រង់ទៅ
តម្កើងព្រះអង្គទាំងថ្ងៃយប់ជ្រៅកុំសំងំនៅ
សរសើរកុំឈប់
៨៥-ចូរអ្នកទាំងឡាយដែលតែងខ្វល់ខ្វាយបម្រើគោរព
ស្មូតតម្កើងព្រះទាំងថ្ងៃទាំងយប់កុំឈរកុំឈប់
នៅស្ងៀមឱ្យសោះ
៨៦-ចូរវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ប៉ុន្មានកុំបីចន្លោះ
ព្រលឹងនៃអ្នកសុចរិតទាំងអស់តម្កើងដោយស្មោះ
កុំនៅកន្តើយ
៨៧-អស់អ្នកគោរពប្រណិប័តន៍គ្រប់ព្រះអម្ចាស់អើយ
និងអ្នកដាក់ចិត្តជាអ្នកខ្សត់ហើយកុំបង្អង់ឡើយ
តម្កើងព្រះអង្គ
៨៨-លោកអណានីយ៉ារួមជាមួយគ្នាអសារីយ៉ាផង
និងមីកាអែលតម្កើងព្រះអង្គស្មូតតម្កើងផង
តទៅដរាប
ព្រះអង្គរំដោះយើងខ្ញុំឱ្យរស់ផុតពីក្តីស្លាប់
ហើយទ្រង់សង្គ្រោះខ្ញុំជាប្រញាប់រួចផុតទុក្ខសព្វ
ទាំងភ្លើងសន្ធៅ

បន្ទរ ៖ ព្រះអង្គ​នឹង​លោះពិភពលោកឱ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ ដើម្បី​ឱ្យ​មាន​សេរី‌ភាព និង​សិរី‌រុង​រឿង​នៃ​បុត្រធីតា​របស់​ព្រះជាម្ចាស់។ អាលេលូយ៉ា!

“សូមព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្តាអស់កល្បជាអង្វែងតរៀងទៅ!” (វវ ៥,១៣)។

បន្ទរទី៣ ៖ ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ ទាំងនៅស្ថានបរមសុខ និងនៅលើផែនដី! អាលេលូយ៉ា!

អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ!
អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ!
ចូរសរសើរតម្កើងព្រះអង្គ!
ទេវទូតទាំងអស់អើយ! ចូរសរសើរតម្កើងព្រះអង្គ!
ពពួកទេវតាទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ!
ព្រះអាទិត្យ និងព្រះចន្ទអើយ! ចូរសរសើរតម្កើងព្រះអង្គ!
ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ!
ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ! ចូរសរសើរតម្កើងព្រះអង្គ!
ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ!
ចូរសរសើរតម្កើងព្រះអង្គ!
ចូរឱ្យអ្វីៗសព្វសារពើ សរសើរតម្កើងព្រះនាមព្រះអម្ចាស់
ដ្បិតពេលព្រះអង្គមានព្រះបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។
ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឱ្យនៅស្ថិតស្ថេរជានិច្ចរហូតតរៀងទៅ
ព្រះអង្គដាក់ច្បាប់មួយដែលមិនប្រែប្រួលឡើយ។
ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី
មហាសាគរ និងសត្វធំៗនៅក្នុងសមុទ្រអើយ!
ចូរសរសើរតម្កើងព្រះអង្គ។
ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រម​ទាំងខ្យល់ព្យុះ
ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ។
ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ!
ចូរសរសើរតម្កើងព្រះអង្គ!។
១០សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី
និងសត្វលូនវារទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអង្គ!។
១១ស្តេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ
អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅលើផែនដី
ចូរសរសើរតម្កើងព្រះអង្គ!
១២យុវជន យុវនារី មនុស្សចាស់ជរា និងកូនក្មេង
ចូរសរសើរតម្កើងព្រះអង្គ!
១៣ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ទាំងអស់គ្នាទៅ!
ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលប្រសើរឧត្តមលើសគេ
ព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿងពាសពេញនៅលើផែនដី និងផ្ទៃមេឃ។
១៤ព្រះអង្គប្រោសប្រទានឱ្យប្រជារាស្ត្ររបស់ព្រះអង្គ មានកម្លាំងឡើងវិញ
ហើយធ្វើឱ្យអស់អ្នកដែលជឿលើព្រះអង្គ
គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គបានខ្ពស់មុខឡើង!
អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ ទាំងនៅស្ថានបរមសុខ និងនៅលើផែនដី! អាលេលូយ៉ា!

ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឱ្យ​ព្រះ‌អង្គ​បង្ហាញ​ខ្លួន ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ជា​មុន​ឱ្យ​ធ្វើជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឱ្យ​ព្រះ‌យេស៊ូបង្ហាញ​ខ្លួន​ឱ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។ ព្រះ‌យេស៊ូបាន​បញ្ជា​ឱ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់ប្រជាជន​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គ​ឱ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ព្យាការីទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌យេស៊ូថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ នឹង​ទទួល​ការ​លើក‌លែង​ទោស​ឱ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ»។

បន្ទរ៖ បពិត្រព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ! សូមអាណិតអាសូរយើងខ្ញុំ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ព្រះ‌គ្រីស្ដត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន ហើយនៅថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះ‌គ្រីស្ដត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន ហើយនៅថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ព្រះគ្រីស្តជាព្រះអម្ចាស់នៃជីវិត ដែលព្រះបិតាបានប្រោសឱ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ដល់ពេលកំណត់ ព្រះអង្គនឹងប្រោសយើងឱ្យរស់ឡើងវិញ ដោយឫទ្ធានុភាពរបស់ព្រះអង្គផ្ទាល់។ ចូរយើងទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ ឱព្រះគ្រីស្តនៃជីវិតយើងខ្ញុំអើយ ! សូមសង្រ្គោះយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះអង្គជាពន្លឺបំភ្លឺភាពងងឹត ព្រះអង្គដឹកនាំប្រជារាស្រ្តទៅកាន់ជីវិត ហើយផ្តល់ឱ្យយើងខ្ញុំដែលរមែងតែងតែស្លាប់នេះ បានទទួលនូវភាពដ៏វិសុទ្ធ
—សូមឱ្យយើងខ្ញុំចំណាយពេលនៅថ្ងៃនេះ ច្រៀងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានដើរតាមផ្លូវនៃទុក្ខលំបាក និងលីឈើឆ្កាង
—សូមឱ្យយើងខ្ញុំរងទុក្ខ និងរួមស្លាប់ជាមួយព្រះអង្គ ហើយមានជីវិតរស់ឡើងវិញ ដើម្បីទទួលសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)

ឱព្រះបុត្រានៃព្រះបិតា ! ព្រះអង្គជាព្រះគ្រូ និងជាបងប្រុសរបស់យើងខ្ញុំ ព្រះអង្គបានធ្វើឱ្យយើងខ្ញុំទៅជារាជាណាចក្រនៃក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់នៃយើង
—សូមឱ្យយើងខ្ញុំថ្វាយពាក្យសរសើរតម្កើងព្រះអង្គទុកជាតង្វាយ។ (បន្ទរ)

ឱព្រះមហាក្សត្រនៃសិរីរុងរឿង ! យើងខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលព្រះអង្គយាងមកវិញយ៉ាងរុងរឿង
—ដើម្បីឱ្យយើងខ្ញុំអាចឃើញព្រះភក្រ្តព្រះអង្គ និងបានផ្លាស់ប្រែ ឱ្យមានលក្ខណៈដូចជាព្រះអង្គផង។ (បន្ទរ)

ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសឱ្យព្រះយេស៊ូទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ហើយទ្រង់ក៏ប្រោសឱ្យយើងខ្ញុំ មានកិត្តិយសជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំឱ្យរស់នៅតាមឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

2 Views