Advent Week I, Tuesday

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ទ្វារនៃផ្ទៃមេឃបើកចំហរ នៅចំពោះព្រះភក្ត្រព្រះគ្រីស្ត​ ដែលយាងឡើង​ស្ថាន​បរមសុខ (សន្តអ៊ីរេណេ)។

បន្ទរទី១ ៖ អ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ នឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់។

ផែនដី និងអ្វីៗសព្វសារពើ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីសមុទ្រ
ហើយធ្វើឱ្យផែនដីស្ថិតនៅយ៉ាងរឹងប៉ឹងពីលើជម្រៅទឹក។
តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
គឺអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ ទើបឡើងទៅបាន
ជាអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងមិននិយាយស្បថបំពាន។
ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះនឹងប្រោសគេឱ្យបានសុចរិតដែរ។
គឺអ្នកទាំងនេះហើយ ជាប្រជារាស្ត្រដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះភក្ត្រព្រះរបស់លោកយ៉ាកុប។
ឱទ្វារទាំងឡាយអើយ! ចូរបើកចំហរ!
ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហរឱ្យធំ
ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
គឺព្រះអម្ចាស់ប្រកបដោយព្រះចេស្តាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចំបាំងដ៏អង់អាច។
គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
ទ្វារទាំងឡាយអើយ! ចូរបើកចំហ!
ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហឱ្យធំ
ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
ព្រះអម្ចាស់នៃពិភពទាំងមូល
គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ នឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់។

សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃ​យើង!​
ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី​ ស្របតាមព្រះហឫទ័យ​មេត្តា​ករុណា​ដ៏លើសលប់របស់ព្រះអង្គ (១សល ១,៣)។

បន្ទរទី២ ៖ ការអ្វីក៏ដោយដែលបង‌ប្អូនធ្វើ ចូរកោតសរសើរព្រះ‌មហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។

(បទកាកគតិ)

២-សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះម្ចាស់
ដែលមានព្រះជន្មគង់នៅយ៉ាងច្បាស់កោតសរសើរណាស់
អស់កល្បជានិច្ច
ព្រះអង្គធ្វើឱ្យមនុស្សស្លាប់ទៅហើយចុះស្ថានមច្ចុរាជ
ក្រោយមកព្រះអង្គប្រោសឱ្យបានរួចគ្មានអ្វីដែលអាច
គេចពីបារមី
៣-អ៊ីស្រាអែលអើយកុំនៅកន្តើយតម្កើងរាល់ថ្ងៃ
នៅមុខជនជាតិផ្សេងៗទាំងឡាយដែលទ្រង់កម្ចាយ
ឱ្យអ្នកទៅនៅ
៤-នៅទីនោះឯងព្រះអង្គសម្តែងមិនមានអាស្រូវ
ឫទ្ធាបារមីមានច្រើនពេកកូវទ្រង់សម្តែងនៅ
មុខអស់សត្វលោក
ព្រះអង្គពិតជាព្រះយើងរាល់គ្នាអង្វែងរៀងមក
ជាព្រះបិតាតែមួយលើលោកពីនេះទៅមុខ
អស់កល្បតទៅ
៥-ព្រះអង្គបានដាក់ទោសដល់ពួកអ្នកជារឿងត្រឹមត្រូវ
ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តនូវអំពើអាស្រូវ
អាក្រក់អប្រីយ៍
ប៉ុន្តែព្រះអង្គទ្រង់មិនបោះបង់តែងតែប្រណី
អាណិតអាសូរប្រជាប្រុសស្រីទ្រង់នាំវិលវៃ
ឥតបីខ្ចាត់ខ្ចាយ
៧-ឥឡូវពេលនេះចូរគិតត្រិះរិះអំពីកិច្ចការ
ព្រះអង្គប្រព្រឹត្តដល់អ្នករាល់គ្នាតម្កើងកុំរា
ឱ្យពេញទំហឹង
សូមលើកតម្កើងកុំធ្វើឆ្មៃឆ្មើងថ្កើងទាំងរំពឹង
ដែលទ្រង់ប្រព្រឹត្តយុត្តិធម៌ត្រចង់ចូរកោតព្រះអង្គ
អស់កល្បវែងឆ្ងាយ
៨-រីឯខ្ញុំវិញខ្ញុំឃ្លាតចាកចេញពីដែនបុរី
ហើយបានមករស់នៅលើទឹកដីពួកខ្មាំងអប្រីយ៍
ក៏មិនភ្លេចដែរ
ខ្ញុំបង្ហាញប្រាប់ឱ្យអស់អ្នកបាបស្គាល់ជាហូរហែ
ថាព្រះអង្គមានឫទ្ធាពូកែបារមីគ្មានប្រែ
ខ្លាំងក្លាឧត្តម
ឱអស់អ្នកបាបកាន់ចិត្តសុភាពវិលមកជួបជុំ
ប្រព្រឹត្តសុចរិតកុំនៅសំងំទ្រង់នឹងថ្នាក់ថ្នម
មេត្តាប្រណី
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ការអ្វីក៏ដោយដែលបង‌ប្អូនធ្វើ ចូរកោតសរសើរព្រះ‌មហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។

អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល (យហ ១,៣)។

បន្ទរទី៣ ៖ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលគួរនឹងកោតសរសើរព្រះអង្គ។

មនុស្សសុចរិតអើយ! ចូរនាំគ្នាអបអរសាទរលើកតម្កើងព្រះអម្ចាស់!
មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលគួរនឹងកោតសរសើរព្រះអង្គ។
ចូរដេញពិណលើកតម្កើងព្រះអម្ចាស់
ចូរលេងចាប៉ីខ្សែដប់ថ្វាយព្រះអង្គផង។
ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ!
ចូរប្រគុំតន្ត្រីយ៉ាងពីរោះក្នុងពេលអបអរសាទរព្រះអង្គ
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់
ព្រះអង្គតែងតែប្រព្រឹត្តតាមព្រះបន្ទូលសន្យាជានិច្ច។
ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីសុចរិត ព្រមទាំងសេចក្តីយុត្តិធម៌
ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់
ហើយហ្វូងផ្កាយទាំងអស់នៅលើមេឃ
ក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ
ព្រះអង្គបានធ្វើឱ្យទឹកសមុទ្រមកផ្តុំគ្នា
ព្រះអង្គបង្ឃាំងមហាសមុទ្រឱ្យនៅមួយកន្លែង
ចូរឱ្យផែនដីទាំងមូលគោរពកោតខ្លាចព្រះអម្ចាស់
ចូរឱ្យមនុស្សទាំងអស់លើផែនដីស្ញែងខ្លាចព្រះអង្គ!
ដ្បិតពេលព្រះអង្គមានព្រះបន្ទូល អ្វីៗក៏កើតមានឡើងភ្លាម
ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះ។
១០ព្រះអម្ចាស់បំបែកផែនការរបស់ប្រជាជាតិនានា!
ព្រះអង្គរំលាយគម្រោងការរបស់ប្រជាជនទាំងឡាយ។
១១រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតរៀងទៅ
គម្រោងការរបស់ព្រះអង្គក៏នៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
១២ប្រជាជាតិដែលគោរពបម្រើព្រះអម្ចាស់
ទុកជាព្រះរបស់ខ្លួនមានសុភមង្គលហើយ!
ប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់
មានសុភមង្គលហើយ!។
១៣ព្រះអម្ចាស់ទតពីស្ថានបរមសុខមក
ព្រះអង្គទតឃើញមនុស្សលោកទាំងអស់
១៤ពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គរំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី
១៥គឺព្រះអង្គហើយដែលបានបង្កើតចិត្តគំនិតគេម្នាក់ៗដូចគ្នា
ព្រះអង្គពិនិត្យមើលអំពើទាំងអស់ដែលគេប្រព្រឹត្ត។
១៦ពុំដែលមានស្តេចណាយកជ័យជម្នះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ
ក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លារបស់ខ្លួននោះដែរ។
១៧សេះចម្បាំងពុំអាចធ្វើឱ្យមានជ័យជម្នះបានឡើយ
ទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចសង្គ្រោះគេបានដែរ។
១៨ព្រះអម្ចាស់តាមថែរក្សាអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
១៩ព្រះអង្គសង្គ្រោះគេឱ្យរួចពីសេចក្តីស្លាប់ ហើយគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។
២០យើងផ្ញើជីវិតលើព្រះអម្ចាស់ ព្រះអង្គជាខែលដែលសង្គ្រោះ និងការពារយើង
២១យើងមានអំណរព្រោះតែព្រះអង្គ
យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធបំផុតរបស់ព្រះអង្គ។
២២ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំផង
ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលគួរនឹងកោតសរសើរព្រះអង្គ។

ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា‌និច្ច
រហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន​រាជ្យ​នេះ​យាង​មក​ដល់
ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូលនឹង​ព្រះ‌អង្គ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ!
*សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

អាទិត្យទី១៖ មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ។
សិរីរុងរឿងរបស់ព្រះអម្ចាស់មានពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល
ហើយស្នាព្រះហស្តទាំងប៉ុន្មាននឹងឃើញពីឫទ្ធានុភាពរបស់ព្រះអង្គ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

អាទិត្យទី១៖ មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ។
សិរីរុងរឿងរបស់ព្រះអម្ចាស់មានពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល
ហើយស្នាព្រះហស្តទាំងប៉ុន្មាននឹងឃើញពីឫទ្ធានុភាពរបស់ព្រះអង្គ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានលាតសន្ធឹងព្រះហស្តម្តងទៀត
ដើម្បីកាន់កាប់ប្រជាជនដែលនៅសេសសល់ ធ្វើជាកម្មសិទ្ធរបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់!

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យកិច្ចការដែលយើងខ្ញុំធ្វើទុក្ករកិរិយាបានគាប់ព្រះហឫទ័យព្រះអង្គ
—ហើយសូមឱ្យយើងខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រះរាជ្យព្រះអង្គដែលនៅជិតបង្កើយផង។ (បន្ទរ)

សូមព្រះអង្គរៀបចំផ្លូវក្នុងដួងចិត្តយើងខ្ញុំ ដើម្បីទទួលព្រះបន្ទូលព្រះអង្គយ៉ាងសមរម្យ
—ហើយសូមព្រះអង្គសម្តែងសិរីរុងរឿងក្នុងចំណោមយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គយកភ្នំនៃភាពអំនួតរបស់យើងខ្ញុំមកដាក់នៅទីទាប
—ហើយសូមព្រះអង្គបំពេញជ្រលងភ្នំនៃភាពទន់ខ្សោយរបស់យើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គរំលំជញ្ជាំងនៃការស្អប់ខ្ពើម ដែលនាំឱ្យប្រជាជាតិបែង ចែកជាតិសាសន៍គ្នា
—សូមឱ្យពួកគេធ្វើផ្លូវដែលនាំទៅរកសន្តិភាព ដើម្បីមនុស្សធម៌ផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះអម្ចាស់ជាព្រះបិតា !
ព្រះអង្គជាទីពឹង និងជាខែលការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ដែលកំពុងជួបប្រទះទុក្ខលំបាកគ្រប់យ៉ាងក្នុងលោកនេះ។
សូមព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ
ហើយប្រទានពរឲ្យយើងខ្ញុំមានចិត្តក្លាហាន និងជៀសផុតពីអំពើបាបនានា។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

75 Views