Advent Week 4, Tuesday

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ នៅថ្ងៃនេះអ្នកនឹងដឹងថា គឺព្រះអម្ចាស់ដែលបានសង្រ្គោះអ្នករាល់គ្នា។ ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

“ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ” (យហ ១៤,១៥)។

បន្ទរទី១ ៖ «បេថ្លេ‌ហិម​អេប្រាតា​អើយ ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុកយូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើអ៊ីស្រាអែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។

បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងច្រៀងរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌របស់ព្រះអង្គ
ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំនឹង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។
ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គយាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំនឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូល‌បង្គំដោយ​កាន់​ចិត្ត​ទៀង​ត្រង់។
ទូល‌បង្គំមិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ណា​មួយ​ជា​ដាច់​ខាត
ទូល‌បង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយារបស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយ
គឺ​ទូល‌បង្គំមិន​ចង់​ជាប់​ពាក់‌ព័ន្ធនឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។
ទូល‌បង្គំមិន​ទុក​ឲ្យ​មនុស្សដែល​មាន​ចិត្ត​វៀច‌វេរចូល​ជិត​ទូល‌បង្គំ​ឡើយ
ហើយ​ទូល‌បង្គំក៏​មិន​ទាក់‌ទង​នឹង​អ្វីៗដែល​អាក្រក់​ដែរ។
ទូល‌បង្គំនឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួន
ទូល‌បង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នកដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។
ទូល‌បង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្តស្មោះ‌ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូល‌បង្គំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូល‌បង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូល‌បង្គំ។
រីឯ​មនុស្ស​បោក​ប្រាស់​វិញ
ទូល‌បង្គំមិន​អនុញ្ញាតឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំឡើយ
ហើយ​អ្នក​និយាយ​កុហកក៏​មិន​អាច​នៅ​ជិត​ទូល‌បង្គំបាន​ដែរ។
រាល់​ព្រឹក ទូល‌បង្គំបំបិទ​មាត់​មនុស្ស​អាក្រក់ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូល‌បង្គំ​ដក​ពួក​ទុច្ចរិតចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «បេថ្លេ‌ហិម​អេប្រាតា​អើយ ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុកយូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើអ៊ីស្រាអែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។

សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន (កក ៣,១៩)។

បន្ទរទី២ ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។

(បទពាក្យ ៧)

២៦-ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសនៃយើងខ្ញុំ
យើងសូមតម្កើងទាំងប្រណម្យព្រះនាមព្រះអង្គតរៀងទៅ
២៧-ដ្បិតព្រះអង្គទ្រង់បានប្រព្រឹត្តលើយើងខ្ញុំពិតមិនអាស្រូវ
ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវធ្លាប់វិនិច្ឆ័យក្តីយុត្តិធម៌
២៩-អំពើបាបច្រើនខ្ញុំប្រព្រឹត្តមិនប្រណិប័តន៍តាមផ្លូវល្អ
ឃ្លាតពីព្រះអង្គចាកយុត្តិធម៌យើងនៅបន្តខុសគ្រប់យ៉ាង
៣៤-ឱព្រះអម្ចាស់សូមកុំចោលឱ្យយើងតែលតោលគ្មានទីអាង
សម្ពន្ធមេត្រីថ្មីស្រឡាងគឺជាភស្តុតាងមិនបាត់បង់
៣៥-សូមកុំដកយកក្តីមេត្តានឹកទៅដល់គ្រាដែលកន្លង
នឹកដល់លោកអប្រាហាំផងមិនដែលសៅហ្មងសម្លាញ់ស្និទ្ធ
នឹកដល់អ៊ីសាកជាបម្រើអ៊ីស្រាអែលដើរតាមប្រកិត
ទៅណាមកណាជាប់នែបនិត្យដូចបងប្អូនឥតដែលមានខ្ចោះ
៣៦-ពីដើមព្រះអង្គបានសន្យាដោយបន្ទូលថាទ្រង់នឹងប្រោស
ឱ្យអ្នកទាំងបីមានកូនប្រុសកូនស្រីចម្រុះឥតគណនា
ច្រើនពេកអនេករាប់ពុំបានដូចផ្កាយដែលមានលើមេឃា
ដូចគ្រាប់ខ្សាច់តាមឆ្នេរជលសាសមុទ្រនានាច្រើនក្រៃក្រាស់
៣៧-បពិត្រព្រះអម្ចាស់ថ្លៃអើយថ្ងៃនេះឯងហើយយើងព្រួយណាស់
ធ្លាក់ខ្លួនមកជាពូជអាម៉ាស់ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត
ទៅជាជនជាតិតូចជាងគេទុក្ខធំឡើងទ្វេសែនស្រយុត
ឥឡូវទន់ទាបស្ទើររលត់មកពីយើងល្ងិតល្ងង់សាងបាប
៣៨-ពេលនេះយើងខ្សត់អត់ទាំងអស់ជីវិតក្រៀមក្រោះប្រៀបដូចស្លាប់
គ្មានស្តេចមន្ត្រីសែនអភ័ព្វព្យាការីគាប់ក៏មិនមាន
យើងមិនអាចថ្វាយយញ្ញបូជាថ្វាយយញ្ញសក្ការទាំងប៉ុន្មាន
ទាំងគ្រឿងក្រអូបម្សៅភុំផានផលផ្លែមិនបានយកមកថ្វាយ
៣៩-សូមព្រះអង្គជួយទទួលយកទុក្ខព្រួយសោយសោកផងទាំងឡាយ
និងចិត្តសុភាពរាបស្រស់ស្រាយទុកជាតង្វាយគាប់ព្រះទ័យ
៤០-គឺតង្វាយដុតទាំងមូលមានកូនចៀមរាប់ពាន់ធាត់ពេកក្រៃ
ពពែគោឈ្មោលនៅក្នុងព្រៃយើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ
សូមឱ្យយើងខ្ញុំអាចដើរតាមមាគ៌ាដានស្នាមដ៏វិសេស
របស់ព្រះអង្គមិនប្រហែសអ្នកសង្ឃឹមព្រះមិនខកចិត្ត
៤១-ឥឡូវយើងខ្ញុំប្រែប្រួលប្រាណប្រព្រឹត្តឱ្យបានគ្មានរខិត
គន្លងព្រះអង្គធម៌ប្រណីតកោតខ្លាចដាក់ចិត្តស្គាល់ព្រះភក្ត្រ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។

ខ្ញុំអាចទ្រាំបានទាំងអស់ដោយរួមជាមួយព្រះអង្គ ដែលប្រទានកម្លាំងឱ្យខ្ញុំ (ភីល ៤,១៣)។

បន្ទរទី៣ ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។

សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ
ព្រះអង្គបង្ហាត់ខ្ញុំអំពីការតយុទ្ធ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជាកំពែងការពារខ្ញុំ
ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ
ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច
ព្រះអង្គប្រគល់ប្រជាជាតិនានា មកក្រោមអំណាចរបស់ខ្ញុំ
ឱព្រះអម្ចាស់អើយ! តើមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោលដែលតែងតែរសាត់បាត់ទៅ។
ឱព្រះអម្ចាស់អើយ! សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក!
សូមពាល់ភ្នំឱ្យមានផ្សែងហុយឡើង។
សូមធ្វើឱ្យផ្លេកបន្ទោរកម្ចាត់កម្ចាយខ្មាំងសត្រូវ
សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
សូមលាតព្រះហស្តពីស្ថានលើមករំដោះទូលបង្គំ
សូមស្រង់ទូលបង្គំឱ្យរួចផុតពីទឹកសមុទ្រ
សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។
ពួកគេមិនដែលនិយាយសេចក្តីពិតទេ ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។
បពិត្រព្រះជាម្ចាស់! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំនឹងលេងឃឹមថ្វាយព្រះអង្គផង។
១០ព្រះអង្គប្រទានឱ្យស្តេចនានាមានជ័យជម្នះ
ព្រះអង្គសង្គ្រោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យរួចពីការស្លាប់ដោយមុខដាវ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ កាត់​ក្តី​ឲ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។ ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជាមនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះយក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើជា​សង្វារ។

បន្ទរ៖ ថ្ងៃស្អែក ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក! *អំពើបាបនៅលើផែនដីនេះ នឹងត្រូវបំផ្លាញចោល។ បន្ទរឡើងវិញ៖…
—ព្រះសង្រ្គោះនៃពិភពលោក នឹងធ្វើជាព្រះមហាក្សត្ររបស់យើង។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ពេលវេលាដែលនាងម៉ារីត្រូវផ្តល់កំណើតឱ្យកូនប្រុសច្បងរបស់នាង បានមកដល់ហើយ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ពេលវេលាដែលនាងម៉ារីត្រូវផ្តល់កំណើតឱ្យកូនប្រុសច្បងរបស់នាង បានមកដល់ហើយ។

ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះនៃយើង ព្រះអង្គនឹងយាងមកវិញក្នុងសិរីរុងរឿង ប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យ។ ចូរយើងទូលអង្វរព្រះអង្គដោយចិត្តរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គនឹងយាងមកវិញ ប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យ
—សូមព្រះអង្គទតមើលមកភាពទន់ទាបរបស់យើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំសាកសមទទួលព្រះអំណោយទានរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះយេស៊ូបានយាងមក ព្រះអង្គជាដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍
—សូមឱ្យយើងខ្ញុំប្រកាសពីព្រះរាជកិច្ចសង្រ្គោះរបស់ព្រះអង្គជានិច្ច។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! ព្រះអង្គសមនឹងទទួលការកោតសរសើរ ដ្បិតទ្រង់មានព្រះជន្មគង់នៅ និងគ្រប់គ្រងលើអ្វីៗទាំងអស់
—សូមជួយយើងខ្ញុំឱ្យទន្ទឹងរង់ចាំព្រះអង្គដែលយាងមកក្នុងសិរីរុងរឿង ដោយមានចិត្តសង្ឃឹម និងអំណរសប្បាយផង។ (បន្ទរ)

យើងខ្ញុំទទូចអង្វរសូមព្រះហឫទ័យប្រណីសន្តោស នៅពេលព្រះអង្គយាងមកវិញ សូមព្រះមេត្តាប្រោសប្រណីដល់យើងខ្ញុំ
—ហើយសូមលួងលោមចិត្តយើងខ្ញុំ ដោយប្រទានព្រះអំណោយនៃព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

93 Views