អធិដ្ឋានពេលយប់ថ្ងៃអង្គារ | Prayer Tuesday Night

ថ្ងៃអង្គារ
Tuesday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ឱ! ព្រះជាម្ចាស់សូមការពារខ្ញុំ

បន្ទរឱ! ព្រះជាម្ចាស់ខ្ញុំសូមព្រះអង្គការពារខ្ញុំ
ខ្ញុំសូមជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
ខ្ញុំសូមទូលថាព្រះអង្គជាព្រះអម្ចាស់នៃខ្ញុំ
មានតែព្រះអង្គទេដែលជាសុភមង្គលរបស់ខ្ញុំ
គ្រប់ពេលវេលាព្រះអង្គគង់នៅជាមួយយើងខ្ញុំ
ខ្ញុំមិនភ្លេចស្មារតីខ្ញុំមិនឃ្លាតឆ្ងាយពីព្រះអង្គឡើយ
ឱ ! ព្រះអង្គអើយទ្រង់ជាសម្បត្តិមរតកខ្ញុំ
ខ្ញុំយល់ប្រត្យក្សព្រះអង្គស្រឡាញ់ខ្ញុំពិតមែន
ព្រះអង្គទ្រង់សម្តែងឱ្យខ្ញុំបានស្គាល់ផ្លូវជីវិត
ព្រះអង្គប្រោសប្រទានឱ្យខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គ
ខ្ញុំសែនសប្បាយដ្បិតទ្រង់ស្រឡាញ់ខ្ញុំជានិច្ច
ព្រះអង្គត្រាស់ហៅខ្ញុំឱ្យរស់នៅជាមួយព្រះអង្គ
សូមលំទោនកាយសូមថ្វាយសិរីយសជោគជ័យ
ឆ្ពោះព្រះជាអម្ចាស់ដែលទ្រង់គង់នៅជាដរាប

ទំនុកតម្កើងលេខ ១៤៣ សូមព្រះវិញ្ញាណដឹកនាំខ្ញុំ

យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យ​បានសុចរិត ដោយការប្រព្រឹត្ដតាមវិន័យទេ គឺបានសុចរិតដោយសារជឿលើព្រះយេស៊ូគ្រីស្ដវិញ។ (២ ករ ១,៣)
រដូវធម្មតា ឱ្យព្រះអម្ចាស់អើយ! សូមយល់ដល់ព្រះនាមព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិត។
រដូវរង់ចាំទូលបង្គំផ្ចង់ចិត្ដទៅរកព្រះអង្គ សូមកំលាក់ព្រះភក្រ្ដនឹងទូលបង្គំឡើយ!។
រដូវបុណ្យណូអែលទូលបង្គំនឹករំពឹងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ទូលបង្គំលើកដៃអង្វរព្រះអង្គ។
រដូវត្រណមសូមកុំលាក់ព្រះភក្រ្ដនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទទូចរបស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យសុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
សូមកុំយកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ទៅកាត់ក្តីឡើយ។
ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។
ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ
គេយកទូលបង្គំទៅឃុំក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។
ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទ័លគំនិត។
ទូលបង្គំនឹកទៅដល់ជំនាន់ដើម
ទូលបង្គំសញ្ជឹងគិតកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្ត
ទូលបង្គំនឹករំពឹងអំពីស្នាព្រះហស្ថរបស់ព្រះអង្គ។
ទូលបង្គំលើកដៃអង្វរព្រះអង្គ
ទូលនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ដូចជាដីហួតហែង។
ឱ!ព្រះអម្ចាស់អើយ! សូមឆ្លើយតបមកទូលបង្គំជាប្រញាប់
ទូលបង្គំបាក់ទឹកចិត្តហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ!
ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
សូមសម្ដែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ឱ្យទូលបង្គំស្គាល់តាំងពីព្រលឹម
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។
សូមប្រោសប្រទានឱ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីខ្មាំងសត្រូវ
ទូលបង្គំមកជ្រកកោននឹងព្រះអង្គ។
១០សូមបង្រៀនទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យព្រះអង្គ
ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គ
ដឹកនាំទូលបង្គំឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
១១ឱ!ព្រះអម្ចាស់អើយ! សូមយល់ដល់ព្រះនាមព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិត
សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៤៣(១៤២) បទពាក្យ៧

ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរសូមឆ្លើយតបតដោយប្រណី
សូមកុំចាប់ទោសយកកំហុសអ្នកបម្រើស្មោះទៅកាត់ក្តី
ដ្បិតគ្មានជនសុចរិតប្រពៃចំពោះភក្ត្រព្រះអង្គឡើយ
ពួកខ្មាំងសត្រូវតាមយាយីពីគ្រប់ទិសទីមិនកន្តើយ
ឃុំខ្ញុំក្នុងទីងងឹតហើយដូចអ្នកក្សិណក្ស័យយូរណាស់ណា?
ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្តទាល់ទាំងគំនិតក្នុងកាយា
ថយទាំងកម្លាំងខ្វះប្រាជ្ញាមិនដឹងគិតថាត្រូវធ្វើម៉េច ?
ខ្ញុំនឹកទៅដល់ជំនាន់មុនសញ្ជឹងគូរគន់គ្រប់ភារកិច្ច
ជាស្នាព្រះហស្តល្អបណ្តាច់ឥតមានកលល្បិចគ្មានទើសទាល់
ដៃខ្ញុំអង្វរខ្លួនបែរក្រាបដាក់កាយឱ្យទាបមុខព្រះម្ចាស់
ដូចដីហួតហែងបែកប្រេះអស់ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក
ឱ! ព្រះជាអម្ចាស់ខ្ញុំអើយសូមជួយតបឆ្លើយឱ្យញយញឹក
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្តកុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ
ព្រោះតែខ្ញុំដូចជាមនុស្សដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម
គ្មាននរណាជួយអស់សង្ឃឹមដូចមេឃរលឹមគ្មានរស្មី
សូមទ្រង់បង្ហាញធម៌មេត្តាសន្តោសករុណាត្រាប្រណី
ខ្ញុំផ្ញើរូបកាយជីវិតក្តីលើព្រះម្ចាស់ថ្លៃរួចទៅហើយ
សូមប្រោសប្រទានឱ្យខ្ញុំស្គាល់មាគ៌ានិមលកុំកន្តើយ
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយព្រះជាម្ចាស់អើយមិនបោះបង់
ឱ! ព្រះអម្ចាស់សូមរំដោះខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង
សត្រូវយាយីតាមប្រឆាំងខ្ញុំសូមព្រះអង្គពួនជ្រកផង
១០សូមជួយបង្ហាត់ពត់បង្រៀនខ្ញុំព្រមតាមបានព្រះបំណង
ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ងដឹកនាំខ្ញុំផងដាក់ផ្លូវល្អ
១១ឱ! ព្រះម្ចាស់អើយសូមគាំពារយល់ដល់នាមាព្រះបវរ
ប្រទានជីវិតខ្ញុំកំដរឱ្យបានរស់តទៅទៀតផង
សូមជួយនាំខ្ញុំឱ្យចេញផុតពីភាពងងឹតអាប់មួរហ្មង
គ្រោះថ្នាក់តូចធំអាសន្នផងដោយហឫទ័យទ្រង់សុចរិត
១២ដោយព្រះអង្គមានធម៌មេត្តាហឫទ័យករុណាស្មោះអាណិត
សូមកម្ទេចពួកបច្ចាមិត្តឱ្យវិនាសផុតសាបសូន្យទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,៨-៩ )

ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែលទាំងគ្រហឹមរកត្របាក់ស៊ីអ្នកណាម្នាក់។​ ចូរប្រឆាំនឹងវា ហើយមានជំនឿមាំមួនឡើង។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ ហើយយាងមកសង្គ្រោះទូលបង្គំផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា
បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
២៩«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឱ្យទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)

២៩“បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបំរើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏សុចរិត និងមានព្រះហឫទ័យស្មោះស្ម័គ្រ ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះសហគមន៍ ដូចព្រះអង្គបានស្ដាប់ពាក្យអង្វររបស់ព្រះយេស៊ូ។ នៅពេលដែលព្រះសហគមន៍ជួបនឹងឧបសគ្គ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យព្រះសហគមន៍ទទួលស្គាល់នូវស្នាព្រះហស្ថរបស់ព្រះអង្គ ដើម្បីបន្តដំណើរទៅមុខដោយសេរី និងប្រកបដោយសេចក្តីសង្ឃឹមផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអង្គបែរព្រះភក្ត្រទតមកយើងខ្ញុំ ហើយប្រទានឱ្យយើងខ្ញុំបានប្រកបដោយសេចក្ដីសុខសាន្តផង។ អាម៉ែន។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

1,429 Views