អធិដ្ឋានពេលយប់ថ្ងៃពុធ | Prayer Wednesday Night

ថ្ងៃពុធ
Wednesday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

យើងខ្ញុំទាំងអស់គ្នាអររីករាយ

យើងខ្ញុំទាំងអស់គ្នាអររីករាយដោយបានជួបជុំគ្នានៅទីនេះ
ដើម្បីបន្លឺសូរស័ព្ទចម្រៀងច្រៀងថ្វាយព្រះម្ចាស់អស់ពីឱរា
យើងខ្ញុំសូមជឿជាក់ប្រាកដមែនព្រះអង្គគង់សណ្ឋិតនៅទីនេះ
យើងខ្ញុំសូមលើកហត្ថឡើងវន្ទាក្រាបថ្វាយបង្គំព្រះមហាក្សត្រ
យើងខ្ញុំសូមស្រឡាញ់ព្រះអម្ចាស់ដែលបានផ្តល់ជីវ៉ាឱ្យយើងខ្ញុំ
ហេតុនេះយើងខ្ញុំសូមធ្វើសច្ចាស្រឡាញ់ព្រះម្ចាស់ស្រឡាញ់បងប្អូន
យើងខ្ញុំសូមសង្ឃឹមលើព្រះអង្គសង្ឃឹមថាព្រះអង្គរំដោះទុក្ខ
សង្ឃឹមបានចូលស្ថានបរមសុខសប្បាយរីករាយអស់កល្បជានិច្ច

ទំនុកតម្កើងលេខ ៣១ ឱ!ព្រះអម្ចាស់អើយ! ខ្ញុំសូមប្រគល់ចិត្ដខ្ញុំទៅក្នុងព្រះហស្ដព្រះអង្គ

«ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ»។ (លក ២៣,៦)
រដូវធម្មតា ព្រះអម្ចាស់ជាសិលា និងជាកំពែងការពារទូលបង្គំ។
រដូវរង់ចាំអាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំ។
រដូវបុណ្យណូអែលខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។
រដូវត្រណមឱ!ព្រះដ៏សុចរិតអើយ! សូមមករំដោះទូលបង្គំជាប្រញាប់។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ទូលបង្គំសូមជ្រកក្រោមម្លប់ព្រះបារមីព្រះអង្គ
សូមកុំឱ្យទូលបង្គំខកចិត្តឡើយ
ឱ!ព្រះដ៏សុចរិតអើយ! សូមរំដោះទូលបង្គំផង។
សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់!
សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។
ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំ
សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ។
សូមប្រោសឱ្យទូលបង្គំបានរួចពីអន្ទាក់ដែលពួកគេដាក់ចាំចាប់ទូលបង្គំ។
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំហើយ។
ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ។
បពិត្រព្រះអម្ចាស់ ជាព្រះដែលអាចទុកចិត្តបាន ព្រះអង្គបានដោះលែងទូលបង្គំ។
ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ
ទូលបង្គំស្អប់អស់អ្នកដែលបម្រើព្រះក្លែងក្លាយ។
ទូលបង្គំមានចិត្តត្រេកអរសប្បាយជាខ្លាំង
ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ
ព្រះអង្គជ្រាបថា ទូលបង្គំមានទុក្ខលំបាក។
ព្រះអង្គមិនបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងកណ្តាយរបស់ខ្មាំងសត្រូវឡើយ។
ព្រះអង្គប្រទានឱ្យទូលបង្គំមានសេរីភាព និងងើបឡើងវិញ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ អាម៉ែន។

ទំនុកតម្កើងលេខ ៣១(៣០) បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសសូមជ្រកក្រោមម្លប់
ជារៀងរហូតឥតមានឈរឈប់ទាំងថ្ងៃទាំងយប់
សូមរំដោះផង
សូមទ្រង់ផ្ទៀងស្តាប់ពាក្យខ្ញុំរៀបរាប់មិនឱ្យមានឆ្គង
សូមរំដោះខ្ញុំឱ្យឆាប់តែម្តងជាកំពែងផង
សង្គ្រោះរូបខ្ញុំ
ទ្រង់ជាសិលាកំពែងថ្មដាពាំងទូលបង្គំ
សូមជួយដឹកនាំឆ្លងផ្លូវតូចធំតម្រង់ទិសខ្ញុំ
ដោយយល់ព្រះនាម
សូមប្រោសឱ្យរួចពីពួកមនុស្សខូចពួនឃ្លាំចាំយាម
សូមជួយរំដោះពីអន្ទាក់ភ្លាមដ្បិតតែព្រះនាម
ទ្រង់ជួយការពារ
ខ្ញុំសូមប្រគល់វិញ្ញាណនិមលថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្តព្រះម្ចាស់ហើយណាព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន
ទូលបង្គំសូមផ្ញើជីវិតទៅលើព្រះម្ចាស់ថ្កើងថ្កាន
ហើយខ្ញុំក៏ស្អប់មនុស្សចិត្តសាមាន្យស្មោះស្ម័គ្រផ្ញើប្រាណ
លើព្រះក្លែងក្លាយ
ចិត្តខ្ញុំស្រស់ថ្លាអរឥតឧបមារីករាយសប្បាយ
ដោយសារព្រះអង្គទ្រង់មានព្រះទ័យករុណាប្រណី
ពេលខ្ញុំវេទនា
ទ្រង់មិនបណ្តោយឱ្យរូបខ្ញុំធ្លោយខ្លោចផ្សាគ្រាំគ្រា
ធ្លាក់ទៅក្នុងដៃរបស់បច្ចាសូមទ្រង់ករុណា
មេត្តាប្រណី
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃឯកថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ១៣០ ព្រះអង្គតែងតែអត់ទោសជានិច្ច

ព្រះយេស៊ូនឹងសង្គ្រោះប្រជារាស្រ្ដព្រះអង្គឱ្យរួចពីបាបរបស់គេ (​មថ ១,២១)។

បន្ទរៈ ព្រះអង្គតែងតែអត់ទោសឱ្យយើងខ្ញុំជានិច្ច។ ខ្ញុំផ្ញើជីវិតលើព្រះអង្គទាំងស្រុង។

បពិត្រព្រះអម្ចាស់!
ទូលបង្គំស្រែកអង្វរព្រះអង្គពីក្នុងរណ្ដៅដ៏ជ្រៅ
ឱ!ព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្តាប់ទូលបង្គំផង!
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទទូចអង្វររបស់ទូលបង្គំផង!
បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គចងចាំកំហុសរបស់យើងខ្ញុំទុកនោះ
គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។
ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឱ្យយើងខ្ញុំជានិច្ច
ដូច្នេះ យើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គទាំងស្រុង។
ខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។
អ៊ីស្រាអែលអើយ! ចូរទុកចិត្តលើព្រះអម្ចាស់
ដ្បិតព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!
ព្រះអង្គនឹងរំដោះអ៊ីស្រាអែលឱ្យរួចពីកំហុសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៣០ (១២៩) បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
សំឡេងខ្ញុំឮដូចចំរៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់មិនឈរមិនឈប់ទេព្រះអង្គ
ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រងរួចផុតទុក្ខផងមួយរាត្រី
ឱ! អ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អភ ៤,៣០.៣២

កុំធ្វើឱ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្តោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្តោសបងប្អូន ដោយសារព្រះគ្រឹស្តដែរ។

បន្ទរ: ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ។

  • ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថា ទូលបង្គំមានទុក្ខលំបាក។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២

រដូវធម្មតា
បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង​
ដេកលង់លក់។ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
២៩«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឱ្យទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)

២៩“បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបំរើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូជាអម្ចាស់! នឹមរបស់ព្រះអង្គស្រួល ហើយបន្ទុកដែលព្រះអង្គដាក់លើយើងខ្ញុំក៏ស្រាលដែរ។ ដូច្នេះ យើងខ្ញុំសូមប្រគល់បន្ទុកដែលយើងខ្ញុំមាននៅថ្ងៃនេះ ទៅក្នុងព្រះហស្ដព្រះអង្គវិញ សូមឱ្យយើងខ្ញុំបានសម្រាកនៅក្បែរព្រះអង្គ ដោយព្រះអង្គសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមព្រះដ៏មានតេជានុភាពសព្វប្រការ បណ្តេញសេចក្ដីអាក្រក់ទាំងប៉ុន្មានឱ្យឃ្លាតឆ្ងាយពីយើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំបានទទួលព្រះពរពីព្រះអង្គវិញ។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

1,148 Views