អធិដ្ឋានពេលយប់ថ្ងៃសៅរ៍ | Prayer Saturday Night

ថ្ងៃសៅរ៍
Saturday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ពេលសូរិយាលន់លិច

នៅវេលាដែលសូរិយាលន់លិចយើងខ្ញុំទាំងឡាយរួមគ្នានៅទីនេះ
ដើម្បីសូមព្រះជាម្ចាស់យាងមករក្សាដោយព្រះហឫទ័យប្រណីមេត្តា
យើងខ្ញុំសូមថ្វាយឆ្ពោះព្រះជាម្ចាស់នូវការងារដែលយើងខ្ញុំធ្វើថ្ងៃនេះ
បើយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះអង្គសូមទ្រង់មេត្តាលើកលែងទោសឱ្យយើងខ្ញុំ
យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលបានរក្សាយើងខ្ញុំក្នុងថ្ងៃនេះ
សូមការពារយើងខ្ញុំក្នុងរាត្រីនេះសូមឱ្យយើងខ្ញុំបានឈ្នះកិច្ចកលអារក្ស

ទំនុកតម្កើងលេខ ៤ ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំរស់នៅដោយសុខដុមរមនា

«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាសព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឱ្យ​អ្នក​រាល់​គ្នា​ហើយ» (លក ១២,៣២)។
រដូវធម្មតា និងរដូវរង់ចាំឱព្រះអម្ចាស់អើយ! សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
រដូវបុណ្យណូអែលសូមប្រោសឱ្យយើងខ្ញុំឃើញពន្លឺថ្ងៃតទៅទៀត។ តើនរណានាំសុភមង្គលមកឱ្យយើងខ្ញុំ?
រដូវត្រណមឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
បុណ្យឱឡារិកពេលទូលបង្គំចូលដំណេក ទូលបង្គំដេកលក់ដោយសុខសាន្ត។
ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ឱ្យ​ទូល‌បង្គំ​អើយ!
ពេល​ទូល‌បង្គំ​ដង្ហោយ​ហៅ​រក​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!
ពេល​ទូល‌បង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​ទូល‌បង្គំ​ធូរ​ស្បើយ។
សូម​អាណិត​មេត្តា​ទូល‌បង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​ផង។
មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំដល់​កាល​ណា​ទៀត?
តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត?
ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែង‌តែ​ប្រោស‌ប្រណីមនុស្ស​ស្មោះ‌ត្រង់
ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ខ្ញុំ​ជា‌និច្ច។
បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ
តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។
ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។
មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឱ្យយើង​ខ្ញុំ?
ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ព្រះ‌អង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ
និង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។
ពេល​ទូល‌បង្គំ​ចូល​ដំណេក នោះ​ទូល‌បង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម
ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឱ្យទូល‌បង្គំ​រស់​នៅដោយ​សុខ‌ដុម‌រមនា។

ទំនុកតម្កើងលេខ ៤ (បទពាក្យ ៧)

ឱព្រះអម្ចាស់ថ្លៃបវរដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ
ពេលទូលបង្គំអង្វរសុំសូមតបមកខ្ញុំកុំបង្អង់
ពេលយើងខ្ញុំមានទុក្ខធុរៈព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង
យើងបានធូរស្បើយផុតសៅហ្មងសូមសណ្តាប់ផងដោយមេត្តា
តើពួកមនុស្សទាំងអស់នោះជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា
ហើយចូលចិត្តអ្វីមិនបានការនិយាយមុសាដល់ណាទៀត?
ត្រូវដឹងថាព្រះជាអម្ចាស់ តែងប្រណីប្រោសមិនរវាត
ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀតស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្
ចូរស្អប់អំពើណាអាក្រក់ស្មោកគ្រោកកខ្វក់មានកលល្បិច
កុំប្រព្រឹត្តបាបទោះច្រើនតិចពេលដេកកុំភ្លេចពិចារណា
ថ្វាយយញ្ញបូជាតាមវិន័យពឹងផ្អែកក្សត្រថ្លៃគ្រងលោកា
លះបង់ឱ្យអស់ក្តីមុសាថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់
មានមនុស្សជាច្រើនតែងពោលថាតើមាននរណានាំតម្រង់
សុភមង្គលដ៏ត្រចង់ឱ្យយើងខ្ញុំផងសូមទតចុះ
ព្រះអង្គបានដាក់ក្តីអំណរសប្បាយអបអរចិត្តស្រស់បស់
ជាងពេលប្រមូលផលទាំងអស់និងពេលច្រូតបេះផលផ្លែផ្
ពេលទូលបង្គំចូលដំណេកទូលបង្គំដេកស្កប់កាយា
ព្រះអង្គឱ្យមនុស្សក្នុងលោកាបានសុខរមនាតទៅអើយ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១៣៤ លើកដៃប្រណម្យទៅរកទីសក្ការៈ

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន។ ព្រះ‌អង្គ​អធិ‌ស្ឋាន​ពេញ​មួយ​យប់ (លក ៦,១២)។
រដូវធម្មតា និងបុណ្យឱឡារិកអ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ។
រដូវរង់ចាំទោះបីងងឹតយ៉ាងណាក្តី ចំពោះព្រះអង្គក៏នៅតែភ្លឺដដែល។
រដូវបុណ្យណូអែលក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់។
រដូវត្រណមព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្រ្គោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់
ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់របស់​ព្រះ‌អង្គ​នា​ពេល​យប់​អើយ
ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
សូម​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី
ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!។

ទំនុកតម្កើងលេខ ១៣៤ (បទពាក្យ ៧)

អស់អ្នកបម្រើព្រះអម្ចាស់នៅក្នុងដំណាក់ពេលរាត្រី
នាំគ្នាតម្កើងព្រះម្ចាស់ថ្ងៃដ៏ខ្ពង់ខ្ពស់ក្រៃពេកអស្ចារ្យ
ចូរលើកដៃឡើងហើយប្រណម្យបែរទៅឱ្យចំទីសក្ការ
ចូរច្រៀងសរសើរដោយជ្រះថ្លាថ្កើងព្រះចេស្តានៃព្រះអង្គ
សូមព្រះអម្ចាស់ដែលបង្កើតមេឃដីល្អឆើតកុំរេរង់
សូមប្រទានពរដល់អ្នកផងពីក្រុងស៊ីយ៉ូនមកកុំខាន
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៦,៤-៧)

អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកឱ្យអស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ ត្រូវ​ទុក​ឱ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឱ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • ព្រះជាម្ចាស់នឹងរក្សាសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយទូលបង្គំ ដោយមិនប្រែប្រួលឡើយ។
  • សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា
បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
រដូវរង់ចាំអ្នកនឹងឃើញព្រះគ្រីស្តជាព្រះសង្គ្រោះ របស់អ្នក មុនពេលអ្នកត្រូវស្លាប់។
រដូវបុណ្យណូអែលខ្ញុំបានឃើញព្រះសង្គ្រោះដោយផ្ទាល់នឹងភ្នែក ព្រះអង្គជាពន្លឺបំភ្លឺមនុស្សលោក។
រដូវត្រណមបពិត្រព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ ព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំ។
រដូវបុណ្យចម្លងព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានពោរពេញដោយព្រះពន្លឺរបស់ព្រះអង្គ អាលេលូយ៉ា!។
២៩«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឱ្យទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)

២៩“បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបំរើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះគ្រី និងបានរំដោះព្រះអង្គឱ្យរួចពីសេចក្តីស្លាប់។ សូមព្រះអង្គកុំបណ្តោយឱ្យដួងចិត្តរបស់យើងខ្ញុំខ្វល់ខ្វាយឡើយ សូមឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមលើព្រះអង្គ នៅពេលយើងខ្ញុំស្ថិតនៅក្នុងទីងងឹត។ សូមបំពេញបំណងយើងខ្ញុំដោយព្រះហឫទ័យសប្បុរស ហើយសូមឱ្យយើងខ្ញុំរង់ចាំពន្លឺនៃការរស់ឡើងវិញ ដោយភាពស្ងៀមស្ងាត់ និងសេចក្តីសុខសាន្ត។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ប្រទានព្រះពរឱ្យយើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តជានិច្ចពីព្រះអង្គផង។ អាម៉ែន។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

1,811 Views