អធិដ្ឋានពេលយប់ថ្ងៃព្រហស្បតិ៍ | Prayer Thursday Night

ថ្ងៃព្រហស្បតិ៍
Thursday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

អស់មួយជីវិត

បន្ទរអស់មួយជីវិតខ្ញុំច្រៀងសរសើរព្រះយេស៊ូគ្រីស្ត
ឱ ! ព្រះម្ចាស់អើយមួយជីវិតខ្ញុំខ្ញុំលើកត​ម្កេីងតែព្រះនាមនេះ
ព្រះម្ចាស់ផ្តល់ឱ្យនូវអំណោយទានជារៀងរាល់ថ្ងៃ
ហើយព្រះអង្គបានអត់ទោសឱ្យខ្ញុំដោយហប្ញទ័យស្មោះ
សូមរាជ្យព្រះអង្គមកលើផែនដីដូចនៅលើមេឃ
សូមឱ្យមនុស្សលោកចេះស្រឡាញ់គ្នាដូចជាបងប្អូន
សូមឱ្យយើងខ្ញុំចាកក្តីស្រេកឃ្លាននិងភ្លើងសង្គ្រាម
សូមឱ្យផែនដីចាកផុតពីក្តីអាក្រក់ទាំងឡាយ

ទំនុកតម្កើងលេខ ១៦ បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ

ពេលខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នាហើយ ខ្ញុំនឹងត្រលប់មកវិញយកអ្នករាល់គ្នាទៅជាមួយ ដើម្បីឱ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ (យហ ១៤,៣)
រដូវធម្មតា រូបកាយរបស់ទូលបង្គំសំរាកដោយសុខសាន្ត ។
រដូវរង់ចាំសូមព្រះអង្គយាងមកបង្ហាញទូលបង្គំឱ្យស្គាល់ផ្លូវទៅកាន់ជីវិត។
រដូវបុណ្យណូអែលខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះជាម្ចាស់នៃទូលបង្គំ។
រដូវត្រណមឱ! ព្រះជាម្ចាស់នៃទូលបង្គំអើយ!
ព្រះអង្គមិនអាចបោះបង់ទូលបង្គំចោលឱ្យស្លាប់ឡើយ។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ! សូមការពារទូលបង្គំផង
ដ្បិតទូលបង្គំមកជ្រកកោនក្រោមម្លប់បារមីព្រះអង្គហើយ!
ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះអម្ចាស់នៃទូលបង្គំ
ក្រៅពីព្រះអង្គ គ្មានអ្វីផ្ដល់សុភមង្គលឱ្យទូលបង្គំឡើយ។
អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដីដែលទូលបង្គំពេញចិត្តយ៉ាងខ្លាំងកាលពីមុន
កាន់តែធ្វើឱ្យអស់អ្នកដែលតែងតែគោរពថ្វាយបង្គំ រងទុក្ខវេទនា
ទូលបង្គំនឹងមិនចូលរួមធ្វើយញ្ញព្រះក្លែងក្លាយទាំងនោះទៀតឡើយ
ទូលបង្គំនឹងមិនពោលនាមព្រះទាំងនោះទៀតដែរ។
បពិត្រព្រះអម្ចាស់ ព្រះអង្គជាចំណែកមត៌កនៃទូលបង្គំហើយ!
ព្រះអង្គប្រទានអ្វីទាំងអស់ដែលទូលបង្គំប្រាថ្នាចង់បាន
ជីវិតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
ព្រះអង្គប្រទានកេរមត៌កដ៏ល្អវិសេសក្រៃលែងមកទូលបង្គំ
គឺជាចំណែកមត៌កដ៏ល្អប្រសើរបំផុត។
ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្តល់យោបល់ដល់ទូលបង្គំ
សូម្បីតែនៅពេលយប់ ព្រះអង្គក៏ដាស់តឿនចិត្តគំនិតទូលបង្គំដែរ។
ទូលបង្គំនឹកគិតដល់ព្រះអម្ចាស់ជាប់ជានិច្ច
ដោយព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំមិនភ័យញ័រសោះឡើយ។
ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំត្រេកអរយ៉ាងលើសលប់
រូបកាយរបស់ទូលបង្គំក៏សម្រាកដោយសុខសាន្តដែរ។
១០ដ្បិតព្រះអង្គមិនបោះបង់ចោលទូលបង្គំឱ្យស្លាប់ឡើយ
ព្រះអង្គក៏មិនបណ្តោយឱ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។
១១ព្រះអង្គបង្ហាញទូលបង្គំឱ្យស្គាល់ផ្លូវទៅកាន់ជីវិត។
ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌
នៅខាងស្តាំព្រះអង្គ ទូលបង្គំរីករាយអស់កល្បជានិច្ចដែរ។
សូមកោតសរសេរីព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៦(១៥) បទពាក្យ៧

ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន
អារុក្ខអារក្សអ្នកតាព្រៃម្ចាស់ទឹកម្ចាស់ដីកាលពីមុន
ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ផ្តល់តែទារុណរាល់វេលា
ទូលបង្គំនឹងមិនចូលរួមមិនទទួលព្រមរួមជាគ្នា
គោរពនិងថ្វាយយញ្ញបូជាមិនពោលនាមាព្រះក្លែងក្លាយ
បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មរតកនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ព្រះអង្គប្រទានកេរមតកវិសេសឥតអាក់ដ៏ថ្លៃថ្លា
មកទូលបង្គំខ្ញុំនេះណាជាកេរអស្ចារ្យប្រសើរផុត
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្តហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ​​ឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រោសបងប្អូនឱ្យបានវិសុទ្ធទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឱ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងយាងមក។

បន្ទរៈ ទូលបង្គំសូមប្រគលវិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ។

  • ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលផ្ញើជីវិតលើព្រះអង្គនេះផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្រ្គោះយើងខ្ញុំនៅពេលយើងខ្ញុំរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង
ដេកលង់លក់ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
២៩«បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះព្រះអង្គបានសំរេចតាមព្រះបន្ទូលសន្យាហើយ។
ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
លាចាកលោកនេះទៅដោយសុខសាន្តផងចុះ
៣០ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
៣១ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្រព្រះអង្គ» ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។
២៩បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ច សន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមអោយរូបខ្ញុំជា បម្រើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ និងជាចំណែកមត៌ករបស់យើងខ្ញុំ! សូមព្រះអង្គធ្វើឱ្យយើងខ្ញុំខិតខំស្វែងរកសុភមង្គលដែលមកតែពីព្រះអង្គប៉ុណ្ណោះ ដូច្នេះ យើងខ្ញុំនឹងរង់ចាំអំណរសប្បាយ ដោយសេចក្តីសង្ឃឹមរួមជាមួយព្រះអង្គ ទោះបីយើងខ្ញុំត្រូវរងទុក្ខលំបាក រហូតដល់បាត់បង់ជីវិតក៏ដោយ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រឹស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះជាម្ចាស់ធ្វើឱ្យសេចក្តីសុខសាន្តដែលមកពីព្រះអង្គ រក្សាចិត្តគំនិត និងដួងចិត្តរបស់យើងខ្ញុំ ក្នុងអង្គព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំផង។ អាម៉ែន។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

1,476 Views