អធិដ្ឋានពេលយប់ថ្ងៃសុក្រ | Prayer Friday Night
ថ្ងៃសុក្រ
Friday
ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!
ទូលព្រះបង្គំខ្ញុំ
| បន្ទរ | ទូលព្រះបង្គំខ្ញុំ ទៅដល់ដំណាក់ព្រះម្ចាស់ | ទ្រង់ធ្វើឱ្យខ្ញុំរីករាយ | ។ |
| ១ | សូមព្រះម្ចាស់វិនិច្ឆ័យទូលបង្គំ | ហើយកាត់ក្ដីប្រទានឱ្យទូលបង្គំ | ។ |
| ២ | ព្រះអង្គបានផ្ដល់កម្លាំងឱ្យខ្ញុំមែន | តើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ | ។ |
| ៣ | សូមព្រះម្ចាស់បំភ្លឺចិត្ដខ្ញុំឱ្យជឿ | ដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៨៨ ពេលយប់ខ្ញុំស្រែកហៅព្រះអង្គ
ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលព្រះម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច (លក ២២,៥៣)។
| រដូវធម្មតា | ទូលបង្គំស្រែកហៅព្រះអង្គទាំងថ្ងៃទាំងយប់។ |
| រដូវរង់ចាំ | ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ។ |
| រដូវបុណ្យណូអែល | បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះសង្គ្រោះនៃទូលបង្គំ។ |
| រដូវត្រណម | ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ? |
| រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
| ២ | បពិត្រព្រះអម្ចាស់ជាព្រះសង្រ្គោះនៃទូលបង្គំ! ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំស្រែកហៅព្រះអង្គទាំងយប់ទាំងថ្ងៃ។ |
| ៣ | សូមឱ្យពាក្យអង្វររបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ! សូមផ្ទៀងព្រះកាណ៌ស្តាប់សូរសម្រែករបស់ទូលបង្គំផង! |
| ៤ | ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្តីស្លាប់ខិតមកជិតទូលបង្គំហើយ។ |
| ៥ | គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សស្លាប់ ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលផុតជីវិត |
| ៦ | ទូលបង្គំដេកស្ដូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ គីដូចអ្នកដែលព្រះអង្គលែងនឹកនា និងលែងជួយទៀត។ |
| ៧ | ព្រះអង្គបានបោះបង់ទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។ |
| ៨ | ព្រះពិរោធរបស់ព្រះអង្គសង្កត់ទូលបង្គំ ដូចទឹករលកបក់បោកមកលើទូលបង្គំ។ |
| ៩ | ព្រះអង្គបានធ្វើឱ្យអស់អ្នកដែលជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ ព្រះអង្គធ្វើឱ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។ |
| ១០ | ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក បពិត្រព្រះអម្ចាស់! ទូលបង្គំស្រែកអង្វរព្រះអង្គជារៀងរាល់ថ្ងៃ! ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ! |
| ១១ | តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ? តើមនុស្សដែលស្លាប់ទៅហើយ នឹងក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? |
| ១២ | តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ? |
| ១៣ | តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឫ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន? |
| ១៤ | ឱ!ព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ ទូលបង្គំចូលមកអង្វរចំពោះព្រះភក្ត្រព្រះអង្គតាំពីព្រឹក។ |
| ១៥ | ឱ!ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ? |
| ១៦ | ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្លេះ ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។ |
| ១៧ | ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។ |
| ១៨ | ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។ |
| ១៩ | ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ មានតែភាពងងឹតប៉ុណ្ណោះដែលនៅជាមួយទូលបង្គំ។ |
| សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ
| ២ | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះសង្គ្រោះខ្ញុំ | |
| ថ្ងៃយប់ខ្ញុំស្រែកយំ | អង្វរសុំក្តីមេត្តា | ។ | |
| ៣ | សូមឱ្យពាក្យអង្វរ | ខ្ញុំឮខ្ទ័រដល់សោតា | |
| សូមទ្រង់ផ្ទៀងព្រះកាណ៌ | ស្តាប់ផងណាសូរសម្រែក | ។ | |
| ៤ | ព្រោះដ្បិតទូលបង្គំ | មានទុក្ខធំខ្លាំងអនេក | |
| ខ្លោចផ្សាជាពន់ពេក | ក្តីស្លាប់ស្រែកហៅកៀកកិត | ? | |
| ៥ | គេចាត់ទុករូបខ្ញុំ | ក្នុងចំណោមអ្នកដែលជិត | |
| ហៀបនឹងអស់ជីវិត | ឬនៅជិតអ្នកដែលស្លាប់ | ។ | |
| ៦ | ខ្លួនខ្ញុំដេកស្តូកស្តឹង | គ្មានទីពឹងសែនអួរអាប់ | |
| បីដូចមនុស្សស្លាប់ | ទ្រង់លែងរាប់រកនឹកនា | ។ | |
| ៧ | ព្រះអង្គបានបង់បោះ | រូបខ្ញុំរស់នៅកំព្រា | |
| ឱ្យរងទុក្ខវេទនា | សែនរងាក្នុងរណ្តៅ | ។ | |
| ៨ | ព្រះពិរោធព្រះអង្គ | សង្កត់ចងខ្ញុំទុកនៅ | |
| ដូចទឹកបោកសំដៅ | រារាំងផ្លូវទូលបង្គំ | ។ | |
| ៩ | ព្រះអង្គឱ្យអស់អ្នក | ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ | |
| ឆ្ងាយពីទូលបង្គំ | ទាំងស្អប់ខ្ពើមថែមទៀតផង | ។ | |
| ១០ | ភ្នែកខ្ញុំប្រែស្រវាំង | វេទនាខ្លាំងពេកកន្លង | |
| ខ្ញុំអង្វរព្រះអង្គ | លើកដៃផងសូមប្រណី | ។ | |
| ១១ | តើមនុស្សដែលស្លាប់ទៅ | នឹងនិត្យនៅក្រោកឃ្មាតខ្មី | |
| តម្កើងជោគសិរី | ព្រះអង្គថ្លៃកើតឬទេ? | ។ | |
| ១២ | តើអ្នកនៅក្នុងផ្នូរ | អាចថ្លែងអរគិតរិះរេ | |
| ពីព្រះទ័យស្និទ្ធស្នេហ៍ | ព្រះអង្គដែរកើតទេឬ ? | ។ | |
| ១៣ | តើពួកអ្នកដែលស្ថិត | ទីងងឹតអាចដឹងឮ | |
| ស្គាល់ស្នាដៃរន្ទឺ | ព្រះអង្គឬ ដូចម្តេចបាន ? | ។ | |
| ១៤ | ឱព្រះអម្ចាស់អើយ | ខ្ញុំដង្ហោយឥតស្រាកស្រាន្ត | |
| អង្វរម្ចាស់ថ្កើងថ្កាន | លំឱនប្រាណតាំងពីព្រឹក | ។ | |
| ១៥ | ឱព្រះអម្ចាស់អើយ | ហេតុម្តេចឡើយទ្រង់មិននឹក | |
| ចោលខ្ញុំឱ្យវរវឹក | មិននានឹកខ្ញុំយ៉ាងនេះ ? | ។ | |
| ១៦ | ខ្ញុំលំបាកកាយា | ជិតមរណាពីក្មេងម៉េ្លះ | |
| ព្រះអង្គធ្វើយ៉ាងនេះ | ឱ្យខ្ញុំអស់ក្តីសង្ឃឹម | ។ | |
| ១៧ | ព្រះពិរោធព្រះអង្គ | សង្កត់ត្រង់លើរូបខ្ញុំ | |
| ធ្វើឱ្យទូលបង្គំ | ភ័យអួលងំបាត់ស្មារតី | ។ | |
| ១៨ | ទុក្ខទោសនេះដូចជា | ផ្ទៃជលសាធំពេកក្រៃ | |
| ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃ | គ្មានប្រណីគ្របពីលើ | ។ | |
| ១៩ | ព្រះអង្គបានដេញមិត្ត | ធ្លាប់ជិតស្និទ្ធមិនអើពើ | |
| ចេញឆ្ងាយលែងងាកមើល | ខ្ញុំស្ទាក់ស្ទើរនៅកំព្រា | ។ | |
| រូបខ្ញុំប្រែធុញងប់ | លំបាកសព្វវេទនា | ||
| ឃើញតែភាពអន្ធិកា | នៅជាគ្នាជាប់រហូត | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច |
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៤,៧.៩ខ)
ឱ!ព្រះអម្ចាស់អើយ! យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ ឱ!ព្រះអម្ចាស់អើយ ព្រះអង្គគង់នៅកណ្តាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់យើងខ្ញុំឡើយ។
បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។
- អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង។
- សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)
| រដូវធម្មតា | បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង ដេកលង់លក់ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។ |
| ២៩ | «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ |
| ៣០ | ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ |
| ៣១ | ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ |
| ៣២ | គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ |
| សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)
| ២៩ | “បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
| តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
| ដូច្នេះសូមឱ្យរូបខ្ញុំជា | បំរើគ្រប់គ្រាផុតហ្មងសៅ | ||
| សូមឱ្យខ្ញុំចាកលោកនេះទៅ | ខ្ញុំបានជួបនូវក្តីសុខសាន្ត | ។ | |
| ៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
| ៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ប្រជាជនគ្រប់ជាតិសាសន៍ | ។ |
| ៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
| និងជាសិរីរុងរឿងច្បាស់ | អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! សូមឱ្យការរស់ឡើងវិញដ៏ត្រចះត្រចង់របស់ព្រះគ្រឹស្ត បំភ្លឺចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចជៀសផុតពីសេចក្តីស្លាប់ ហើយទទួលពន្លឺដ៏អស់កល្បជានិច្ចក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ យើងខ្ញុំសូមទូលអង្គរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។
សូមព្រះអម្ចាស់ដែលបានសង្គ្រោះយើងខ្ញុំ ដោយសោយទិវង្គតលើឈើឆ្កាង គង់នៅជាមួយយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ ហើយទទួលជីវិតដ៏បរិបូណ៌ផង។ អាម៉ែន។







