ថ្ងៃសុក្រ-អាទិត្យទី៣០-រដូវធម្មតា «ឆ្នាំសេស»
ថ្ងៃសុក្រ អាទិត្យទី៣០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៩,១-៥
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រីស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ដ្បិតខ្ញុំបន់ឱ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រីស្ដ ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្រធីតារបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគម្ពីរវិន័យ ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ មានបុព្វបុរស ហើយព្រះគ្រីស្ដក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!។
ទំនុកតម្កើងលេខ ១៤៧(១៤៦),១២-១៥,១៩-២០ បទព្រហ្មគីតិ
១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឱ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រុង | ស្រូវបំរុងច្រើនមហិមា | ។ | |
១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៩ | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
២០ | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,២.៤.៥
អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ ចំពោះធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។ ទ្រង់ប្រោសមនុស្សឱ្យបានជា ទ្រង់ប្រោសរួចពីស្លាប់ទៀផង ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១-៦
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឱ្យជានៅថ្ងៃសប្ប័ទឬទេ?»។ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឱ្យជា រួចឱ្យគាត់ត្រឡប់ទៅវិញ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះឡើយ។