ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៥,១-៨
កូនអើយ! កុំពឹងផ្អែកលើទ្រព្យសម្បត្តិរបស់ខ្លួនឱ្យសោះ! កុំនិយាយអួតអាងថា “ខ្ញុំមិនត្រូវការនរណាទេ!”។ កុំបណ្តោយតាមសន្ទុះចិត្តលោភលន់ និងតណ្ហារបស់កូនឡើយ។ កុំនិយាយអួតអាងថា “តើនរណាមានអំណាចគ្រប់គ្រងលើខ្ញុំ!” ដ្បិតព្រះអម្ចាស់នឹងផ្តន្ទាទោសកូនជាពុំខាន។ កុំនិយាយអួតអាងថា “ខ្ញុំបានប្រព្រឹត្តអំពើបាប តែគ្មានហេតុអាក្រក់កើតមានដល់ខ្ញុំទេ”។ កុំភ្លេចថា ព្រះអម្ចាស់មានព្រះទ័យអត់ធ្មត់! កុំប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា ដោយអះអាងថា ព្រះអម្ចាស់មុខជាលើកលែងទោសឱ្យកូន។ កុំនិយាយអួតអាងថា “ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរយ៉ាងខ្លាំង ទោះបីខ្ញុំមានទោសច្រើនយ៉ាងណាក្តី ព្រះអង្គមុខជាលើកលែងទោសខ្ញុំពុំខាន”។ ទោះបីព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាក្តី ក៏ព្រះអង្គទ្រង់ព្រះពិរោធដែរ ព្រះអង្គមុខជាដាក់ទោសមនុស្សបាបពុំខាន។ ចូរវិលត្រឡប់ទៅរកព្រះអម្ចាស់វិញ កុំបង្អង់ឡើយ កុំរង់ចាំមួយថ្ងៃហើយមួយថ្ងៃទៀត ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធនៅពេលកូនមិនដឹងជាមុន ហើយកូនត្រូវវិនាសនៅពេលព្រះអង្គវិនិច្ឆ័យទោស។ កុំពឹងផ្អែកលើទ្រព្យសម្បត្តិដែលកូនរកបានដោយអយុត្តិធម៌។ នៅគ្រាដែលកូនមានអាសន្ន ទ្រព្យសម្បត្តិទាំងនោះនឹងគ្មានប្រយោជន៍អ្វីសម្រាប់កូនឡើយ។
ទំនុកតម្កើងលេខ ១,១-៤.៦ បទកាកគតិ
| ១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
| ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន |
| | មង្គលពេកក្រៃ | ។ |
| ២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
| របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ |
| | ឥតមានភ្លេចភ្លឹក | ។ |
| ៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
| មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក |
| | តាមកាលរដូវ | ។ |
| ៤ | រីមនុស្សអាក្រក់ | មានចិត្តគំរស់ | កេរ្តិ៍ឈ្មោះអាស្រូវ |
| ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ |
| | បាចសាចខ្ចាត់ខ្ចាយ | ។ |
| ៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាដកណាស់ | មាគ៌ាប្រណីត |
| នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ |
| | នាំខ្លួនអន្តរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ថស ២,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលនេះពុំមែនជាពាក្យសម្តីរបស់មនុស្សទេ គឺពិតជាព្រះជាម្ចាស់មានព្រះបន្ទូលមកមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៤១-៥០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្ត ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្តាអ្នកដែលជឿលើខ្ញុំទាំងនេះ ឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមួយមកចងកគាត់ រួចទម្លាក់គាត់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ ដ្បិតមនុស្សគ្រប់ៗរូប នឹងមានជាតិប្រៃដោយសារភ្លើង។ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្តេចនឹងឱ្យវាប្រៃឡើងវិញបាន?។
242 Views