ថ្ងៃទី០៣-ខែវិច្ឆិកា-សន្តម៉ាតាំង-ដេប៉ូរេសជាបព្វជិត

ឬសន្តម៉ាតាំង ដេប៉ូរេសជាបព្វជិត

លោកម៉ាតាំង (១៥៧៩-១៦៣៩) កើតនៅក្រុងលីម៉ា (ប្រទេសប៉េរូ) ហើយប្រកបអាជីវកម្មជាគិលានុបដ្ឋាក។ លោកម៉ាតាំងមានចិត្តសិទ្ធាជ្រះថ្លាជាទីបំផុត ស្ម័គ្រចិត្តជួយមនុស្សគ្រប់ប្រភេទនៅពេលណាក៏បាន។ សម្តេចប៉ាបយ៉ូហានទី ២៣ ដាក់ឈ្មោះលោកថា៖ “លោកម៉ាតាំងដែលមានចិត្តមេត្តាករុណា”។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,៩-១៧

បងប្អូនជាទីស្រឡាញ់!
កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង‌ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ ហើយ​បង‌ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗឱ្យបាន​ដូច​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឱ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌អង្គ​យ៉ាង​ច្បាស់។ ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍យូដា ពួក​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក‌ព្នង​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌​ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រីស្ត​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ដោយ​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​បង‌ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បង‌ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឱ្យ​បង‌ប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឱ្យ​បង‌ប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​។ សូម​ឱ្យសេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រីស្តសោយ​រាជ្យ​នៅ​ក្នុង​ចិត្ត​បង‌ប្អូន ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់‌ហៅ​បង‌ប្អូន​ឱ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឱ្យបង‌ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ជា‌និច្ច។ សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ត​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​ឱ្យបាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុក‌​តម្កើង បទ​សរសើរ និង​បទ​ចម្រៀង​មក​ពី​ព្រះ‌វិញ្ញាណ។ ការ​អ្វី​ក៏​ដោយ​ដែល​បង‌ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតាតាម‌រយៈ​ព្រះ‌អង្គ​ផង។

ទំនុកតម្កើងលេខ ១៣១ (១៣០),១-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំជាមនុស្សដែលមិនអំនួត
មិនវាយឫកខ្ពស់មិនអាងមិនអួតមិនចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជារៀងរាប
មិនចង់បានអ្វីដែលធំហួសប្រៀបលើសសមត្ថភាព
របស់ខ្ញុំឡើយ
តែផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្តាយហើយវាធ្វើកន្តើយ
នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្ចោះរហូតដល់អស់
កប្បកល្បជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ២,៥

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២៧-៣៨

«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរឱ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឱ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឱ្យគេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចង់​ឱ្យគេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​ឱ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឱ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឱ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឱ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណាដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។ «កុំ​ថ្កោល‌​ទោស​អ្នក​ដទៃឱ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឱ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌​ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឱ្យអ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឱ្យអ្នក​រាល់​គ្នា។ ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះ‌អង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឱ្យអ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។

317 Views