ថ្ងៃអាទិត្យ អាទិត្យទី០៩
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមផ្ញើជីវិតលើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដែលចាត់ចែងអ្វីៗទាំងអស់តាមព្រះគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ដោយមិនដែលភាន់ច្រឡំឡើយ។ សូមទ្រង់ព្រះមេត្ដាកម្ចាត់ឧបទ្រពទាំងឡាយចេញពីយើងខ្ញុំ សូមប្រោសប្រទាននូវអ្វីៗដែលអាចជួយយើងខ្ញុំឱ្យបានប្រកបដោយសេចក្ដីសុខសាន្ដ ក្នុងការគោរពបម្រើព្រះអង្គ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ ពង្ស ៨,៤១-៤៣
ព្រះបាទសាឡូម៉ូនអធិដ្ឋានក្នុងព្រះវិហារដែលទ្រង់បានកសាងនៅក្រុងយេរូសាឡឹមដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះនាមដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គមុខជាល្បីខ្ចរខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា។ ប្រសិនបើជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ប្រជារាស្រ្ដរបស់ព្រះអង្គមកពីស្រុកឆ្ងាយ ព្រោះមករកព្រះនាមរបស់ព្រះអង្គ ប្រសិនបើជនបរទេសនោះមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មានដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឱ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គដូចអ៊ីស្រាអែលជាប្រជារាស្រ្ដរបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
ទំនុកតម្កើងលេខ ១១៧ (១១៦),១-២ បទពាក្យ ៧
| ១ | ឱប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកតម្កើង | |
| ទាំងប្រជារាស្រ្ដកុំឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ |
| ២ | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
| សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កឡ ១,១-២.៦-១០
ខ្ញុំប៉ូល ជាគ្រីស្ដទូតដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រីស្ដ និងព្រះជាម្ចាស់ជាព្រះបិតាដែលប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ។ ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំសូមជម្រាបមកព្រះសហគមន៍ទាំងឡាយនៅស្រុកកាឡាទី។ ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះគ្រីស្ដ ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត! តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឱ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រីស្ដប៉ុណ្ណោះ។ ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវទូតណាមួយពីស្ថានបរមសុខក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឱ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ!។ ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឱ្យអ្នកនោះត្រូវបណ្ដាសាចុះ! ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬធ្វើឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឱ្យមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់ឱ្យមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រីស្ដទៀតហើយ!។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១-១០
កាលព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្ដរបស់នាយទាហានរ៉ូម៉ាំងម្នាក់មានជំងឺជាទម្ងន់ ជិតស្លាប់។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឱ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្មសាលាឱ្យយើងផង»។ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្ដភក្ដិរបស់គាត់ឱ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ ហេតុនេះហើយ បានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ មិត្ដភក្ដិដែលនាយទាហានចាត់ឱ្យមកក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! យើងខ្ញុំយកតង្វាយដែលកើតពីកម្លាំងញើសឈាមមកថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះគ្រីស្ដ សូមជម្រះចិត្ដយើងខ្ញុំឱ្យរួចពីបាបផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្ដល់ជីវិត។ សូមទ្រង់ព្រះមេត្ដាចាត់ព្រះវិញ្ញាណព្រះអង្គឱ្យយាងមកណែនាំយើងខ្ញុំ សូមប្រោសឱ្យយើងខ្ញុំអាចផ្ដល់សក្ខីភាពថ្វាយព្រះអង្គដោយមិន គ្រាន់តែពោលពាក្យប៉ុណ្ណោះទេ គឺដោយប្រព្រឹត្ដអំពើល្អផង។
354 Views