ថ្ងៃអាទិត្យ-អាទិត្យទី១៤-ធម្មតាប្រចាំឆ្នាំ«គ»
ថ្ងៃអាទិត្យទី១៤ ប្រចាំឆ្នាំ «គ»
រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៦,១០-១៤
អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ! ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិតក្រុងយេរូសាឡឹមអើយ! ចូរសប្បាយរីករាយរួមជាមួយក្រុងនេះដែរ។ សូមឱ្យអ្នករាល់គ្នាបានស្កប់ចិត្ដនឹងក្រុងនេះ ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ។ អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿងដោយសារក្រុងនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងឱ្យសេចក្ដីសុខសាន្ដហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នា ដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។ ម្ដាយលួងលោមកូនយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម ដោយលែងមានទុក្ខព្រួយទៀត។ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹមបានសុខសាន្ដដូច្នេះ អ្នករាល់គ្នានឹងមានចិត្ដសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្ដែងព្រះបារមីឱ្យអ្នកបម្រើរបស់ព្រះអង្គឃើញ។
ទំនុកតម្កើងលេខ ៦៦ (៦៥), ១-៦.១៦-១៧ បទកាកគតិ
១ | ប្រជាប្រុសស្រី | នៅលើផែនដី | ទាំងអស់គ្នាអើយ |
នាំគ្នាអបអរ | កុំបីកន្ដើយ | អបអរសប្បាយ | |
សាទរព្រះម្ចាស់ | ។ | ||
២ | ចូរច្រៀងតម្កើង | សិរីរុងរឿង | ព្រះនាមរបស់ |
ព្រះម្ចាស់នៃយើង | បារមីខ្ពង់ខ្ពស់ | តម្កើងថ្កើងយស | |
ថ្វាយដល់ព្រះអង្គ | ។ | ||
៣ | ចូរទូលទ្រង់ថា | បពិត្រព្រះជា | អម្ចាស់នៃយើង |
គ្រប់ស្នាព្រះហស្ដ | វិសេសថ្កុំថ្កើង | យើងសូមលើកឡើង | |
ឱ្យខ្ពស់ដរាប | ។ | ||
ពួកខ្មាំងសត្រូវ | ព្រះអង្គចាំនៅ | នាំគ្នាលុតក្រាប | |
ដោយឃើញចេស្ដា | ឫទ្ធានុភាព | ព្រះអង្គរៀងរៀប | |
ធំធេងកន្លង | ។ | ||
៤ | មនុស្សម្នាលើដី | ទាំងប្រុសទាំងស្រី | ក្រាបថ្វាយព្រះអង្គ |
គេនាំគ្នាច្រៀង | លើកសិរីផង | ច្រៀងបទតម្កើង | |
ព្រះនាមល្បាញល្បី | ។ | ||
៥ | ចូរយើងនាំគ្នា | ពីគ្រប់ទិសា | កុំនៅធ្វើហី |
មើលស្នាព្រះហស្ដ | សុទ្ធតែប្រពៃ | ដែលទ្រង់លកលៃ | |
ធ្វើមកមនុស្សលោក | ។ | ||
៦ | ទ្រង់ធ្វើឱ្យទឹក | សមុទ្រគគ្រឹក | ប្រែជារីងគោក |
ឱ្យប្រជាជន | ដើរឆ្លងទៅមក | យើងផុតទុកសោក | |
ប្រែជាសប្បាយ | ។ | ||
១៦ | សូមអ្នកទាំងអស់ | ដែលធ្លាប់ស្ម័គ្រស្មោះ | លើព្រះគ្មានហ្មង |
ខ្ញុំនឹងរៀបរាប់ | គ្រប់កិច្ចដែលទ្រង់ | មានមកកន្លង | |
មកលើរូបខ្ញុំ | ។ | ||
១៧ | ខ្ញុំស្រែកហៅរក | សូមព្រះយាងមក | កុំគង់សម្ងំ |
ខ្ញុំស្រែកដង្ហោយ | រកព្រះឧត្ដម | សូរសំឡេងខ្ញុំ | |
តម្កើងទ្រង់ផង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៦,១៤-១៨
ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោក លែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្រ្ដអ៊ីស្រាអែលរបស់ព្រះអង្គ។ អំណើះតទៅ សូមកុំឱ្យនរណាម្នាក់ធ្វើឱ្យខ្ញុំពិបាកចិត្ដទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូនៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។ បងប្អូនអើយ! សូមព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោសដល់វិញ្ញាណរបស់បងប្អូន។ អាម៉ែន ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៥
អាលេលូយ៉ា! អាលេលូយ៉ា!
គេប្រកាសព្រះបន្ទូលពាសពេញលើផែនដីទាំងមូល ដំណឹងល្អលាន់ឮរហូតដល់ជើងមេឃ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២.១៧-២០ (ឬយ៉ាងខ្លី ១០,១-៩)
ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឱ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា” សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដដល់មនុស្សក្នុងផ្ទះនេះ”។ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដី សុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នូល។ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោះអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ។
ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ
ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថា “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។ ក្រុមសាវ័កទាំងចិតសិបពីរនាក់ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ! ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ខ្ញុំឃើញមារសាតាំងធ្លាក់ចុះពីលើមេឃមកដូចផ្លេកបន្ទោរ។ ខ្ញុំឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្រ្កាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។