ថ្ងៃអាទិត្យ-អាទិត្យទី២៨-រដូវធម្មតា-ឆ្នាំ«ខ»


ថ្ងៃអាទិត្យ អាទិត្យទី២៨
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានបង្ហាញព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដោយព្រះយេស៊ូលះបង់សម្បត្តិដ៏ប្រសើររបស់ព្រះអង្គ យាងមកយកឋានៈជាអ្នកក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ
ឱ្យយកចិត្តទុកដាក់រកសម្បត្តិសួគ៌ដែលមិនចេះរលួយ ជាជាងរកសម្បត្តិលោកីយ៍ផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧,៧-១១

ខ្ញុំទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គប្រោសប្រទានឱ្យខ្ញុំមានសុភនិច្ឆ័យ។ ខ្ញុំទូលសូមព្រះអង្គ ព្រះអង្គក៏ប្រទានឱ្យខ្ញុំមានគំនិតនៃព្រះប្រាជ្ញាញាណ។ ខ្ញុំយល់ឃើញថា មានព្រះប្រាជ្ញាញាណ ប្រសើរជាងមានរាជបល្ល័ង្ក និងអំណាចគ្រប់គ្រងទៅទៀត។ បើប្រៀបនឹងព្រះប្រាជ្ញាញាណ ខ្ញុំចាត់ទុកទ្រព្យសម្បត្តិទាំងអស់ថា គ្មានតម្លៃ។ សូម្បីតែត្បូងពេជ្រដ៏មានតម្លៃ ក៏មិនអាចប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណបានដែរ។ បើប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណ មាសទាំងអស់ក្នុងពិភពលោកទាំងមូលប្រៀបបីដូចជាខ្សាច់មួយក្តាប់តូច ហើយប្រាក់ក៏ប្រៀបដូចជាភក់ដែរ។ ខ្ញុំស្រឡាញ់ព្រះប្រាជ្ញាញាណជាងស្រឡាញ់សុខភាពល្អ និងសម្ផស្សទៅទៀត។ ខ្ញុំសម្រេចចិត្តយកព្រះប្រាជ្ញា​ញាណធ្វើជាពន្លឺនៃជីវិតរបស់ខ្ញុំ ព្រោះពន្លឺដែលចេញពីព្រះប្រាជ្ញាញាណមិនចេះស្រអាប់ឡើយ។ ព្រះប្រាជ្ញាញាណយាងមករកខ្ញុំ ទាំងនាំសម្បត្តិគ្រប់យ៉ាង និងកាន់ភោគទ្រព្យដ៏មានតម្លៃមកជាមួយផង។

ទំនុកតម្កើងលេខ ៩០ (៨៩), ១២-១៧ បទពាក្យ ៧

១២សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ឱ! ព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្តអ្នកបម្រើ
១៤សូមសម្តែងហឫទ័យមេត្តាដោយក្តីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា
១៥ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំអស់ពេលច្រើនឆ្នាំខ្ញុំវេទនា
សូមប្រោសឱ្យខ្ញុំផុតទុក្ខាសប្បាយយូរយាយ៉ាងនោះដែរ
១៦សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ពីការសង្គ្រោះឥតកែប្រែ
ឱ្យកូនចៅឃើញហូរហែភាពថ្កុំថ្កើងដែរនៃព្រះអង្គ
១៧ឱ! ព្រះម្ចាស់អើយសូមសម្តែងសេចក្តីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួងខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,២-១៣

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ មុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះ ចាក់ទម្លុះ ចូលទៅកាត់ព្រលឹង និងវិញ្ញាណ ឱ្យដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥត​បិទបាំងសោះឡើយ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលដាក់ចិត្តជាអ្នកក្រខ្សត់ ពិតជាបានសុភមង្គល ដ្បិតគេទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៧-៣០ (ឬយ៉ាងខ្លី ១០,១៧-២៧)

ព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ហើយទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឱ្យទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់វិន័យស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស កុំគៃប្រវ័ញ្ចន៍យកសម្បត្តិនរណាឱ្យសោះ ចូរគោពមាតាបិតា”»។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងពីក្មេងមក»។ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺអញ្ជើញទៅលក់អ្វីៗទាំងអស់ដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ! ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មកសឹមអញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់ធ្លាក់ទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បតិ្តស្តុកស្តម្ភណាស់។
ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់បានទេ»។ ក្រុមសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ! ព្រះរាជ្យព្រះជាម្ចាស់ ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រុមសាវ័ករឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់ ហើយប្រគល់ឱ្យយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ជាព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គក្នុងឋានៈជាបុត្រធីតា។ សូមជួយយើងខ្ញុំឱ្យកាន់កិរិយាមារយាទ ស្របតាមឋានៈយើងខ្ញុំផង។

390 Views