ថ្ងៃអាទិត្យ-អាទិត្យទី១១-រដូវធម្មតា«ឆ្នាំក»
ថ្ងៃអាទិត្យ អាទិត្យទី១១
រដូវធម្មតា«ឆ្នាំក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គពិតជាកម្លាំងការពារអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាគាំទ្រយើងខ្ញុំជានិច្ចផង! សូមទ្រង់ព្រះមេត្ដាប្រោសប្រទានកម្លាំង និងសេចក្ដីក្លាហានឱ្យយើងខ្ញុំ ដើម្បីប្រព្រឹត្ដកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៩,២-៦
បីខែក្រោយពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមក ពួកគេទៅដល់វាលរហោស្ថានស៊ីណៃ ហើយបានបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។ លោកម៉ូសេឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលយើងធ្វើចំពោះជនជាតិអេស៊ីបហើយ យើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវាមករកយើង។ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ យើងចាត់ទុកអ្នករាល់គ្នាជាណាចក្រមួយដែលមានសុទ្ធតែបូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ»។
ទំនុកតម្កើងលេខ ១០០ (៩៩), ១-៣.៥ បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំរាឡើយណា | ។ | ||
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះចេស្តា | ច្រៀងហ៊ោខ្ញៀវខ្ញារ | |
ដោយអរសប្បាយ | ។ | ||
៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម | ។ | ||
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាប់ច្បង | |
អស់កល្បតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,៦-១១
បងប្អូនជាទីស្រឡាញ់!
កាលយើងមិនទាន់មានកម្លាំងនៅឡើយ នៅពេលព្រះជាម្ចាស់បានកំណត់ទុក ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូប្តូរជីវិតដើម្បីមនុស្សសុចរិត ប្រហែលជាមានម្នាក់ហ៊ានស៊ូប្តូរជីវិតដើម្បីមនុស្សល្អមើលទៅ!។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង ដោយព្រះគ្រីស្តសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្តយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្រ្គោះយើងឱ្យរួចពីព្រះពិរោធដោយសារព្រះគ្រីស្តថែមទៀតជាពុំខាន។ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គតក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ ក្នុងពេលយើងជានានឹងព្រះអង្គរួចហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើងដោយសារព្រះជន្ម របស់ព្រះបុត្រាថែមទៀតជាពុំខាន។ មិនតែប៉ុណ្ណោះសោត នៅពេលនេះយើងនឹងខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ ដោយសារព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងដែលទ្រង់បានសម្រុះសម្រួលយើងឱ្យជានានឹងព្រះជាម្ចាស់វិញ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៣៦-១០,៨
ព្រះយេស៊ូទតឃើញមហាជន ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កដប់ពីរនាក់មក ព្រះអង្គប្រទានឱ្យគេមានអំណាចដេញខ្មោច ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ ទូតទាំងដប់ពីររបស់ព្រះអង្គមាននាមដូចតទៅនេះ អ្នកទីមួយ គឺស៊ីម៉ូន ហៅសិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និងថាដេ ស៊ីម៉ូន ជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ ព្រះយេស៊ូចាត់ក្រុមសាវ័កទាំងដប់ពីរនាក់នេះឱ្យទៅដោយផ្តែផ្តាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ! ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ គឺត្រូវទៅស្វែងរកអស់ជនជាតិអ៊ីស្រាអែលដែលវង្វេងនោះវិញ។ ពេលធ្វើដំណើរទៅចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ!។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ធ្វើឱ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យប្រទានអាហារគ្រប់យ៉ាងឱ្យមនុស្សលោកបរិភោគ។ យើងខ្ញុំសូមលើកអាហារខ្លះយកមកថ្វាយព្រះអង្គនៅពេលនេះ។ សូមទ្រង់ព្រះមេត្ដាប្រោសឱ្យអាហារទាំងនេះទៅជា ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏សប្បុរស! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែមាំមួនឡើងៗ។ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីបញ្ជាក់ថា ព្រះរាជ្យរបស់ព្រះអង្គមកជិតបង្កើយហើយ។