ថ្ងៃពុធ អាទិត្យទី២៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តយេរ៉ូម ជាបូជាចារ្យ
និងជាគ្រូបាធ្យាយ នៃព្រះសហគមន៍
សូមចុចទីនេះ
លោកយេរ៉ូម (៣៤០-៤២០) ជាជាតិដាម៉ាស់ម្នាក់ (ប្រទេសអាស៊ីសព្វថ្ងៃ) ដែលទៅរៀនសូត្រ នៅក្នុងក្រុងរ៉ូម។ នៅទីនេះលោកចាប់ចិត្តស្រឡាញ់ការសិក្សា។ បន្ទាប់មក លោកចូលបួសជាឥសីនៅវាលរហោស្ថានស្រុកស៊ីរ៉ី រួចលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍អន់ទីយ៉ូក ហើយត្រឡប់មកក្រុងរ៉ូម ធ្វើជាស្មៀនសម្តេចប៉ាបដាមាស់ ហើយលោកបកប្រែព្រះគម្ពីរជាភាសាឡាតាំង។ កាលលោកអាយុហាសិបឆ្នាំហើយ លោករស់នៅក្នុងអារាមនៅបេតលេអែម ទាំងនិពន្ធសេចក្តីអត្ថាធិប្បាយព្រះគម្ពីរផង។ លោកតែងពោលថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ”។
សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប៩,១-១២,១៤-១៦
លោកយ៉ូបមានប្រសាសន៍តបវិញថា៖ ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើតមានដូច្នោះមែន មនុស្សមិនអាចតវ៉ានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថាខ្លួនសុចរិតបានឡើយ។បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយក៏មនុស្សពុំអាចឆ្លើយផង។ ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ អ្នកដែលប្រឆាំងនឹងព្រះអង្គ មិនអាចរួចខ្លួនទេ។ ព្រះអង្គរើភ្នំទាំងឡាយមិនឲ្យវាដឹងខ្លួន ព្រះអង្គរំលើងភ្នំ ដោយសារព្រះពិរោធរបស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វាហើយសសររបស់វាក៏រញ្ជួយដែរ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃនោះថ្ងៃមិនរះទេព្រះអង្គក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ។ ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដោយគ្មាននរណាជួយព្រះអង្គយាងនៅលើរលកសមុទ្រ។ ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។ ព្រះអង្គយាងមកក្បែរខ្ញុំ ក៏ខ្ញុំមើលព្រះអង្គមិនឃើញ ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។ពេលព្រះអង្គដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ព្រះអង្គទេ ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា “ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។ ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ? ទោះបីខ្ញុំសុចរិតក្តី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។ ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
ទំនុកតម្កើងលេខ ៨៨ (៨៧) ,១០-១៥ បទព្រហ្មគីតិ
| ១០ | ភ្នែកខ្ញុំប្រែស្រវាំង | វេទនាខ្លាំងពេកកន្លង | |
| ខ្ញុំអង្វរព្រះអង្គ | លើកដៃផងសូមប្រណី | ។ |
| ១១ | តើមនុស្សដែលស្លាប់ទៅ | នឹងនិត្យនៅក្រោកឃ្មាតខ្មី | |
| តម្កើងជោគសិរី | ព្រះអង្គថ្លៃកើតប្ញទេ | ។ |
| ១២ | តើអ្នកនៅក្នុងផ្នូរ | អាចថ្លែងអរគិតរិះរេ | |
| ពីព្រះទ័យស្និទ្ធស្នេហ៍ | ព្រះអង្គដែរកើតទេឬ? | ។ |
| ១៣ | តើពួកអ្នកដែលស្ថិត | ទីងងឹតអាចដឹងឮ | |
| ស្គាល់ស្នាដៃរន្ទឺ | ព្រះអង្គឬ ដូចម្ដេចបាន? | ។ |
| ១៤ | ឱព្រះអម្ចាស់អើយ | ខ្ញុំដង្ហោយឥតស្រាកស្រាន | |
| អង្វរម្ចាស់ថ្កើងថ្កាន | លំឱនប្រាណតាំងពីព្រឹក | ។ |
| ១៥ | ឱព្រះអម្ចាស់អើយ | ខ្ញុំដង្ហោយឥតស្រាកស្រាន្ត | |
| ចោលខ្ញុំឱ្យវរវឹក | មិននានឹកខ្ញុំយ៉ាងនេះ? | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សម ៣,៩,យហ ៩,៥៧
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើងខ្ញុំ! យើងខ្ញុំនាំគ្នាដើរតាមព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥៧-៦២
កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។
1,084 Views