ថ្ងៃអាទិត្យ-អាទិត្យទី២១-រដូវធម្មតា-ឆ្នាំ«ខ»
ថ្ងៃអាទិត្យ អាទិត្យទី២១
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! មានតែព្រះអង្គទេដែលប្រោសឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គ អាចស្រឡាញ់ និងប្រព្រឹត្តតាមព្រះបញ្ជារបស់ព្រះអង្គបាន។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំជាប្រជារាស្ត្រព្រះអង្គ រស់នៅក្នុងលោកដ៏មិនទៀងទាត់នេះ ដោយភ្ជាប់ចិត្តនឹងសម្បត្តិសួគ៌ដែលមិនប្រែប្រួល ហើយដែលផ្តល់អំណរសប្បាយដ៏ពិតប្រាកដផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-២.១៥-១៧.១៨
លោកយ៉ូស៊ូអាប្រមូលកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលឱ្យមកជួបជុំគ្នានៅស៊ីគែម លោកក៏កោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងអភិបាលរបស់ជនជាតិអ៊ីស្រាអែលឱ្យមកដែរ។ ពួកគេជួបជុំនៅចំពោះព្រះជាម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងកើតទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរីនៅក្នុងស្រុក ដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។ ប្រជាជនបានឆ្លើយដូចតទៅនេះ៖ «យើងខ្ញុំមិនបោះបង់ចោលព្រះអម្ចាស់ បែរទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់ហ្នឹងហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំឱ្យចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យដ៏ធំៗឱ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីប្រជាជននានា។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។
ទំនុកតម្កើងលេខ ៣៤ (៣៣), ២-៣.១៦-១៧.២០-២៣ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ | ។ | ||
៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
អំណរខ្លាំងក្លា | ។ | ||
១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត | |
រាល់ទិនទិវា | ។ | ||
១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា | |
នឹកនាដល់ឡើយ | ។ | ||
២០ | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ |
ប៉ុន្តែព្រះម្ចាស់ | តែងជួយលកលៃ | រំដោះផុតភ័យ | |
បានសុខគ្រប់គ្រា | ។ | ||
២១ | ព្រះជាអម្ចាស់ | ទ្រង់សប្បុរសណាស់ | តាមថែរក្សា |
ដល់មនុស្សសុចរិត | គ្រប់ៗអាត្មា | គ្មានឆ្អឹងមួយណា | |
ត្រូវបាក់បែកឡើយ | ។ | ||
២២ | អំពើអាក្រក់ | ខ្មួលខ្មៅកខ្វក់ | ឱ្យនាំគេព្រួយ |
រហូតដល់ស្លាប់ | មិនមានអ្នកជួយ | គ្មានអ្នកលើកស្ទួយ | |
ដល់ក្ស័យជីវិត | ។ | ||
អ្នកដែលប្រឆាំង | ប្រយុទ្ធតតាំង | នឹងមនុស្សសុចរិត | |
តែងតែទទួល | ទុក្ខទោសពិតៗ | ក្នុងមួយជីវិត | |
មិនមានខកខាន | ។ | ||
២៣ | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | |
សុខផុតទុក្ខទោស | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៥,២១-៣២
បងប្អូនជាទីស្រឡាញ់!
ដោយបងប្អូនឱ្យគោរពកោតខ្លាចព្រះគ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ បងប្អូនជាស្រ្តីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រីស្តនាំមុខព្រះសហគមន៍ ហើយជាព្រះសង្គ្រោះរបស់ព្រះសហគមន៍ ដែលជាព្រះកាយព្រះអង្គ។ ហេតុនេះ ព្រះសហគមន៍គោរពចុះចូលនឹងព្រះគ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ ចំពោះបងប្អូនដែលមានភរិយាវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ គឺព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ។ ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធឥតសៅហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយាឱ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រីស្តចិញ្ចឹមបីបាច់ថែរក្សាព្រះសហគមន៍ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។ គម្រោងការអស្ចារ្យនេះ មានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្តីនេះ សំដៅលើព្រះគ្រីស្ត និងព្រះសហគមន៍។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គជាព្រះវិញ្ញាណ និងជាជីវិត! ព្រះអង្គមានព្រះបន្ទូលដែលផ្តល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៦,៦០-៦៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនក្នុងធម្មសាលាក្រុងកាផានុមថា៖ «អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច»។ ក្រោយពីបានស្តាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ មានគ្នាជាច្រើនក្នុងចំណោមសាវ័កពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្តាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ក្រុមសាវ័ករអ៊ូរទាំអំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើសេចក្តីទាំងនេះនាំឱ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្សឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ មានតែព្រះវិញ្ញាណទេដែលផ្តល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតបានឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្តល់ជីវិត។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះមិនជឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលមិនជឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះហើយ បានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ចាប់ពីពេលនោះមក មានគ្នាច្រើនក្នុងចំណោមសាវ័ក ដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីរនាក់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើឱ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿ ហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឱ្យមក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏សប្បុរស ដោយព្រះបុត្រាបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតប្រជារាស្ត្រមួយ ដែលម្នាក់ៗសុទ្ធតែជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យព្រះសហគមន៍រួមគ្នាជាធ្លុងតែមួយ ព្រមទាំងឱ្យបានប្រកបដោយសេចក្តីសុខសាន្តផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារដែលចុះពីស្ថានបរមសុខឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចគាប់ព្រះហប្ញទ័យព្រះអង្គក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្តផង។