ថ្ងៃចន្ទពិសិដ្ឋ

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី១ ៖ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិ‌យស​ថ្លៃ‌ថ្នូរគួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូបរាង​អ្វីគួរ​ឲ្យទាក់‌ទាញ​ចិត្ត​យើង​ដែរ។

(ក)

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា​ក្សត្រ។
សូម​ឱ្យ​សម្ដីខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។
ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះ‌អង្គ​ទេ​ ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះ‌អង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ប្រទាន​ពរ​ដល់​ព្រះ‌អង្គ​រហូត​ត​ទៅ។
ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិអើយ
សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុង‌រឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។
សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថប្រកប​ដោយ​សិរី‌រុង​រឿង
ដើម្បី​ច្បាំង​ការ‌ពារ​សេចក្ដីពិត និង​សេចក្ដីសុចរិត​ទៀង​ត្រង់
សូម​ព្រះ‌អង្គ​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។
សូម​ឱ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គបាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​ឱ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយនៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។
បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌
ព្រះ‌អង្គ​តែង‌តែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​
ជ្រើស‌រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ឱ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។
ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ
និង​ខ្លឹមចន្ទន៍‌ក្រឹស្នា មាន​ក្រុម​តន្ដ្រីប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ
នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
១០ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្តេច​នគរ​នានា
ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​ ទ្រង់​គ្រឿង​អលង្ការ
ធ្វើពី​មាស​ដ៏​ល្អ​ប្រណីត គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិ‌យស​ថ្លៃ‌ថ្នូរគួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូបរាង​អ្វីគួរ​ឲ្យទាក់‌ទាញ​ចិត្ត​យើង​ដែរ។

បន្ទរទី២ ៖ យើង​ប្រគល់ឲ្យ​លោក​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រោះ​លោក​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់‌បង់​ជីវិត។

(ខ)

(បទព្រហ្មគីតិ)

១១ព្រះម្ចាស់ក្សត្រីយ៍អើយកុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជវង្សព្រះនាងអី
១២សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់
១៣អ្នកមានក្រុងទីរ៉ុសទាំងស្រីប្រុសមានច្រើនណាស់
នាំតង្វាយទាំងអស់តម្រង់ឆ្ពោះផ្គាប់ក្សត្រី
១៤ព្រះនាងគង់នៅក្នុងព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស
១៥គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា
១៦ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្ត្រប្រជាគ្រប់ៗគ្នារីករាយក្រៃ
១៧បពិត្រព្រះមហាក្សត្រមេត្តាចាត់បុត្រថ្លាថ្លៃ
គ្រងរាជ្យដ៏ប្រពៃតពីព្រះអយ្យកោស្តេច
១៨ទូលបង្គំនឹងថ្លាថ្លែងរំលឹកចែងឥតមានភ្លេច
ព្រះនាមល្អបណ្តាច់នាំគ្នាលើកថ្កើងព្រះអង្គ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ យើង​ប្រគល់ឲ្យ​លោក​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រោះ​លោក​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់‌បង់​ជីវិត។

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះលោហិត​របស់​ព្រះបុត្រា។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ
ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។
ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់បានប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះលោហិត​របស់​ព្រះបុត្រា។

កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ‌អង្គ។ កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ! រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។ ឥឡូវ​នេះ បើ​ព្រះ‌ជាម្ចាស់ប្រោស​យើង​ឲ្យ​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះ‌អង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រីស្ដ​ថែម​ទៀត​ជា​ពុំ‌ខាន។ បើ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។

បន្ទរ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។

ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គដោយចិត្តរាបសារថា ៖

បន្ទរ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !

ឱព្រះសង្រ្គោះនៃពិភពលោក ! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿង នៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)

នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំ ឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំនាំគ្នារំឭកដល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្ស លោក។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំ ដែលជាមនុស្សទន់ខ្សោយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

11 Views