រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃពុធ
រដូវសែសិបថ្ងៃ
(សន្តម៉ាតាំងទី១ ជាសម្តេចប៉ាប និងជាមរណសាក្សី)
ថ្ងៃពុធ អាទិត្យទី៥
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៧
ព្រះជាម្ចាស់ឈរនៅក្បែរយើងក្នុងគ្រាមានអាសន្ន
មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! (វវ ២១,៣)។
បន្ទរទី១ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ ។
(ក)
១ | ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ ព្រះអម្ចាស់ជាកំពែងការពារជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។ |
២ | ពេលពួកមនុស្សពាល គឺបច្ចាមិត្ត និងអ្នកប្រឆាំងខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ ពួកគេបែរជាជំពប់ដួលទៅវិញ។ |
៣ | ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។ |
៤ | ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្តីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្តីនេះ គឺឱ្យស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ |
៥ | ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងតែឱ្យខ្ញុំជ្រកក្នុងទីជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់លើថ្មដា។ |
៦ | ឥឡូវនេះ ព្រះអង្គលើកខ្ញុំឡើងឱ្យខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកជ័យឃោស ខ្ញុំនឹងច្រៀង ហើយស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! ។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ។
(ខ)
មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ (មក ១៤,៥៧)។
(បទពាក្យ ៧)
៧- | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង | |
អាណិតឆ្លើយតបកុំឆ្មៃឆ្មើង | មកខ្ញុំវិញផងកុំកន្តើយ | ។ | |
៨- | ទូលបង្គំនឹកដល់ព្រះបន្ទូល | ព្រះអង្គថ្លែងពោលទុកមកហើយ | |
ចូរស្វែងរកយើងនឹងបានស្បើយ | ខ្ញុំមិនព្រងើយស្វែងរកភក្ត្រ | ។ | |
៩- | សូមទ្រង់អាណិតដល់រូបខ្ញុំ | កុំពួនសំងំនៅលួចលាក់ | |
កុំព្រះពិរោធកុំអន់អាក់ | កុំបណ្តេញអ្នកបម្រើចោល | ។ | |
ព្រះអង្គសង្គ្រោះទូលបង្គំ | កុំទុករូបខ្ញុំនៅតែលតោល | ||
ឱព្រះសង្គ្រោះដូចស្រមោល | កុំទុកខ្ញុំចោលដូច្នេះណា | ។ | |
១០- | ទោះឪពុកម្តាយទូលបង្គំ | បោះបង់ចោលខ្ញុំឱ្យឯកា | |
ព្រះម្ចាស់នៅតែថែរក្សា | ប្រណីមេត្តាជាប់ជានិច្ច | ។ | |
១១- | សូមព្រះអម្ចាស់បង្រៀនខ្ញុំ | ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច | |
ដើរតាមមាគ៌ាមិនបែរគេច | ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល | ។ | |
១២- | សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ | ចូលក្នុងអន្ទាក់ខ្មាំងងងើល | |
សាក្សីក្លែងក្លាយបង្កាច់មួល | អ្នកនោះតែងពោលពាក្យឃោរឃៅ | ។ | |
១៣- | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤- | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុភមង្គល | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។
បន្ទរទី៣ ៖ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក។
១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក |
១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,៣២-៥,២)
ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រីស្តដែរ។ ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះគ្រីស្តបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសម្រាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និងទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។
បន្ទរ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ? ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ? ។
ពាក្យអង្វរសកល
សូមលើកតម្កើងព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។ ព្រះអង្គទតមើលមកយើងខ្ញុំ ដូចជាព្រះបិតាមួយអង្គ ដែលដឹងពីសេចក្តីត្រូវការរបស់យើងខ្ញុំ ប៉ុន្តែ ព្រះអង្គចង់ឱ្យយើងខ្ញុំស្វែងរកព្រះរាជ្យរបស់ព្រះអង្គជាមុនសិន។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរព្រះអង្គ ក្នុងនាមជាប្រជារាស្រ្តព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ ដើម្បីឱ្យយុត្តិធម៌ឡើងគ្រងរាជ្យ !
បពិត្រព្រះបិតានៃភាពដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានប្រទានព្រះគ្រីស្តឱ្យយើងខ្ញុំ ទុកជាគង្វាលនៃដួងព្រលឹងរបស់យើងខ្ញុំ។ សូមព្រះមេត្តាគង់នៅជាមួយលោកគង្វាលរបស់ព្រះអង្គ និងហ្វូងចៀមដែលព្រះអង្គបានផ្ញើទុកនឹងពួកគេ។ សូមព្រះអង្គកុំចាកចោលហ្វូងចៀម ដោយគ្មានការស្រឡាញ់ថែទាំពីគង្វាលរបស់ព្រះអង្គ
—ហើយសូមព្រះអង្គមេត្តាកុំយាងចាកចេញពីអស់លោកគង្វាល ដោយគ្មានហ្វូងចៀមស្តាប់តាមពួកគេនោះឡើយ។ (បន្ទរ)
សូមព្រះអង្គប្រៀនប្រដៅគ្រីស្តបរិស័ទ ឱ្យចេះជួយយកអាសារដល់អ្នកទន់ខ្សោយ ជាមួយនឹងការស្រឡាញ់ថែទាំ
—និងបម្រើពួកគេ ដូចជាបានបម្រើដល់ព្រះបុត្រាព្រះអង្គដែរ។ (បន្ទរ)
សូមព្រះអង្គប្រមែប្រមូលអ្នកមិនទាន់ជឿ ឱ្យចូលក្នុងព្រះសហគមន៍ព្រះអង្គ
—ហើយសូមព្រះអង្គជួយឱ្យពួកគេចេះកសាងព្រះសហគមន៍ឡើង ដោយការធ្វើអំពើល្អ សម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)
សូមជួយយើងខ្ញុំឱ្យវិលទៅរកព្រះអង្គ សម្រាប់ការលើកលែងទោស
—ដូចព្រះអង្គបានអត់ទោសឱ្យយើងខ្ញុំ និងសម្រុះសម្រួលយើងខ្ញុំឱ្យជានានឹងព្រះសហគមន៍ព្រះអង្គវិញ។ (បន្ទរ)
សូមឱ្យមរណបុគ្គលដែលបានលាចាកពីលោកនេះ ចូលទៅកាន់ជីវិតអស់កល្បជានិច្ច
—ដោយរួមរស់ជាមួយព្រះអង្គជារៀងរហូតទៅ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់បុត្រធីតាព្រះអង្គ ដែលមានចិត្តសោកស្តាយចំពោះអំពើបាបរបស់ខ្លួន។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរហូតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។