រដូវធម្មតា សប្តាហ៍ទី៣ (អ.ទី១៩)ថ្ងៃពុធ
រដូវធម្មតា
(សន្តប៉ុងស្យាង ជាសម្តេចប៉ាប
និងសន្តហ៊ីប៉ូលីត ជាបូជាចារ្យ និងជាមរណសាក្សី)
ថ្ងៃពុធ អាទិត្យទី១៩
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១២៦
អំណរសប្បាយក្នុងសេចក្តីសង្ឃឹមលើព្រះជាម្ចាស់
បងប្អូនរងទុក្ខលំបាកជាមួយពួកយើងយ៉ាងណា បងប្អូនក៏នឹងត្រូវធូរស្រាលរួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។
បន្ទរទី១ ៖ អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។
| ១ | ពេលព្រះអម្ចាស់នាំអ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្តិ។ |
| ២ | យើងសើចសប្បាយឥតឈប់ យើងស្រែកជ័យឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេពោលថា ៖ “ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!”។ |
| ៣ | ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ |
| ៤ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។ |
| ៥ | អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ |
| ៦ | គេយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក គេនឹងកាន់កណ្តាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។
ទំនុកតម្កើងលេខ ១២៧
ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ!
បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។
បន្ទរទី២ ៖ សូមព្រះអម្ចាស់ជួយសង់ផ្ទះ និងថែរក្សាទីក្រុងរបស់យើង។
(បទពាក្យ ៧)
| ១- | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
| អ្នកសង់ខំប្រឹងឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ។ | |
| បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឱ្យរឹងប៉ឹង | ||
| អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងក៏អសារ | ។ | |
| ២- | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
| ខំទាំងលំបាកគ្រប់អាត្មា | តែឥតបានការផលចំណេញ | ។ | |
| ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
| ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិទ្រា | ។ | |
| ៣- | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
| ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ។ | |
| ៤- | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
| ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ។ | |
| ៥- | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
| ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ សូមព្រះអម្ចាស់ជួយសង់ផ្ទះ និងថែរក្សាទីក្រុងរបស់យើង។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។
បន្ទរទី៣ ៖ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់។
| ១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៣,២០-២១)
ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្តីសុំ និងហួសពីអ្វីៗដែលយើងនឹងគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ដែលបំពេញបេសកកម្មរបស់ព្រះអង្គនៅក្នុងយើង សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងក្នុងព្រះគ្រីស្តយេស៊ូនៅគ្រប់ជំនាន់ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមសង្រ្គោះទូលបង្គំ *ហើយសូមបង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គមកទូលបង្គំផង។ បន្ទរឡើងវិញ៖…
-សូមកុំបោះបង់ទូលបង្គំរួមជាមួយមនុស្សបាបឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! ។
ពាក្យអង្វរសកល
ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យធ្វើជាព្រះសង្រ្គោះ និងជាគម្រូដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គដោយចិត្តសុភាពរាបសារថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គកោតសរសើរព្រះអង្គ។
ចូរយើងអរព្រះគុណព្រះជាម្ចាស់ ដែលបានជ្រើសរើសយើងទុកជាផលផ្លែដំបូងនៃការសង្រ្គោះ
—ហើយព្រះអង្គបានត្រាស់ហៅយើងឱ្យទទួលសិរីរុងរឿងរួមជាមួយព្រះអម្ចាស់យេស៊ូគ្រីស្ត។ (បន្ទរ)
សូមឱ្យអស់អ្នកដែលទទួលសារភាពចំពោះព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ បានរួបរួមគ្នាក្នុងសេចក្តីពិត
—ហើយសូមឱ្យពួកគេមានចិត្តក្លៀវក្លា ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គផង។ (បន្ទរ)
ឱព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើទាំងឡាយ ! ព្រះបុត្រាព្រះអង្គមានព្រះហឫទ័យចង់បំពេញកិច្ចការក្នុងចំណោមមនុស្សលោក ដោយព្រះហស្តព្រះអង្គផ្ទាល់
—សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ ដល់អស់អ្នកដែលចេះប្រកបអាជីពចិញ្ចឹមជីវិត ដោយកម្លាំងញើសឈាមផង។ (បន្ទរ)
សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះអស់អ្នក ដែលបានថ្វាយខ្លួនបម្រើបងប្អូន
—សូមកុំឱ្យពួកគេរារាំងគោលដៅរបស់ខ្លួន ដោយសារការធ្លាក់ទឹកចិត្ត និងខ្វះការជួយគាំទ្រឡើយ។ (បន្ទរ)
សូមព្រះអង្គបង្ហាញធម៌មេត្តាករុណាដល់អ្នកជឿ ដែលបានទទួលមរណភាពទៅហើយ
—សូមព្រះអង្គជួយការពារពួកគេ ឱ្យចាកផុតពីឫទ្ធានុភាពនៃមារកំណាចផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ដ៏មានព្រះហឫទ័យធម៌មេត្តាករុណា ! សូមឱ្យពាក្យអធិដ្ឋានរបស់ព្រះសហគមន៍នៅវេលាល្ងាចនេះ ចូលមកចំពោះព្រះភក្រ្តព្រះអង្គ។ សូមឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការរបស់ព្រះអង្គ ដោយមានចិត្តស្មោះត្រង់ ហើយសូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីអំពើបាប ព្រមទាំងប្រទានឱ្យយើងខ្ញុំមានសុវត្ថិភាពក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
