Advent Week I, Thursday
រដូវរង់ចាំ
ថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទី១
(ពេលល្ងាច)
ថ្ងៃព្រហស្បតិ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣០
ព្រះអង្គបានរំដោះទូលបង្គំឱ្យរួចពីស្លាប់
ព្រះគ្រីស្តអរព្រះគុណព្រះបិតា ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង (Cassian)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
២ | បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានស្រោចស្រង់ទូលបង្គំ ព្រះអង្គពុំបានបណ្តោយឱ្យខ្មាំងសត្រូវ លេងសើចនឹងទូលបង្គំឡើយ។ |
៣ | ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ |
៤ | បពិត្រព្រះអម្ចាស់! ព្រះអង្គបានស្រង់ជីវិតទូលបង្គំចេញពីចំណោមមនុស្សស្លាប់ ទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឱ្យមានជីវិតឡើងវិញ។ |
៥ | អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គអើយ! ចូរច្រៀងបទតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! |
៦ | ព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្តោសមនុស្សអស់មួយជីវិត។ ពេលល្ងាច គេបង្ហូរទឹកភ្នែក តែព្រលឹមឡើង គេនឹងអរសប្បាយវិញ។ |
៧ | នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា “ទូលបង្គំនឹងមិនត្រូវរលំឡើយ!” ។ |
៨ | បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសឱ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែព្រះអង្គបានលាក់ព្រះភក្រ្តពីទូលបង្គំ នោះទូលបង្គំតក់ស្លុតក្រៃលែង។ |
៩ | ឱព្រះអម្ចាស់អើយ! ទូលបង្គំបានស្រែកដង្ហោយអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់ថា ៖ |
១០ | “បើព្រះអង្គទុកឱ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ្យ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គកើតឬ? |
១១ | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាស្តាប់ពាក្យទូលបង្គំ! ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំផង!” ។ |
១២ | ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយវិញ ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឱ្យទូលបង្គំវិញ។ |
១៣ | ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូតទំនុកតម្កើង បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
ទំនុកតម្កើងលេខ ៣២
សុភមង្គលរបស់អ្នកដែលព្រះអម្ចាស់អត់ទោសឱ្យ
ហេតុនេះហើយបានជាព្រះបាទដាវីឌ ថ្លែងអំពីសុភមង្គលរបស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ដោយមិនគិតដល់ផលបុណ្យ (រ៉ូម ៤,៦)។
បន្ទរទី២ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអង្គមិនប្រកាន់ទោស !
(បទព្រហ្មគីតិ)
១- | អ្នកដែលព្រះជាម្ចាស់ | លើកលែងទោសប្រោសប្រណី | |
រួចពីបាបទុក្ខភ័យ | មានសិរីសុខមង្គល | ។ | |
២- | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ | |
គ្មានចិត្តវៀចវិលវល់ | មានមង្គលសុខឥតល្ហែ | ។ | |
៣- | ដរាបណារូបខ្ញុំ | នៅមិនព្រមសារភាពទេ | |
នោះខ្ញុំកើតទុក្ខទ្វេ | មិនឈប់ទេចុកចាប់ក្រៃ | ។ | |
៤- | ដ្បិតព្រះអង្គដាក់ទោស | ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ | |
ហេវខ្សោះស្ទើរក្សិណក្ស័យ | ដូចជាដីហួតទឹកអស់ | ។ | |
៥- | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់ | |
ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ | ។ | |
ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | ||
ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើកឱ្យរួចពីបាប | ។ | |
៦- | ហេតុនេះហើយបានជា | អ្នករាល់គ្នាប្រណិប័តន៍ក្រាប | |
ព្រះម្ចាស់ជាដរាប | ជាប់រៀងរៀបមិនភិតភ័យ | ។ | |
ទោះជាមានកង្វល់ | ជួបព្យុះខ្យល់ទឹកជន់ក្តី | ||
ព្រះម្ចាស់តែងប្រណី | មិនឱ្យក្ស័យឬលិចលង់ | ។ | |
៧- | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង | |
ការពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ | ។ | |
៨- | យើងនឹងប្រដៅអ្នក | ឱ្យស្គាល់ជាក់ផ្លូវប្រពៃ | |
ផ្តល់យោបល់ថ្លាថ្លៃ | ថែរាល់ថ្ងៃមិនឱ្យឆ្គង | ។ | |
៩- | កុំឆោតល្ងង់ដូចលា | ឬសេះជាជំនិះម្តង | |
ដាក់ដែកបង្ខាំងផង | រួចមានចងទាំងបង្ហៀរ | ។ | |
១០- | មនុស្សពាលត្រូវរងគ្រប់ | ទុក្ខទោសសព្វវេទនា | |
ព្រះម្ចាស់តែងមេត្តា | ដល់អ្នកណាពឹងព្រះអង្គ | ។ | |
១១- | មនុស្សសុចរិតអើយ | កុំកន្តើយសប្បាយឡើង | |
អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោរផងដោយអំណរ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអង្គមិនប្រកាន់ទោស !
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ ; ១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ព្រះអង្គបានទទួលព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា ហើយពួកអ្នកបម្រើរបស់ព្រះអង្គ នាំគ្នាគោរពបម្រើព្រះអង្គ។
១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គ សម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គ វិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
១០ | “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់ សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គបានទទួលព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា ហើយពួកអ្នកបម្រើរបស់ព្រះអង្គ នាំគ្នាគោរពបម្រើព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៥,៧-៩)
ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់ឲ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឲ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។ ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ព្រះអង្គឈរនៅមាត់ទ្វារស្រាប់ហើយ។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
អាទិត្យទី១៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
អាទិត្យទី១៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។
ពាក្យអង្វរសកល ៖ អាទិត្យទី១&៣
ព្យាការីបានថ្លែងទុកអំពីព្រះគ្រីស្តថា ជាព្រះពន្លឺដ៏ប្រសើរឧត្តម ដែលរះបំភ្លឺអស់អ្នករស់នៅក្នុងទីងងឹតក្រោមអំណាចនៃសេចក្តីស្លាប់។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !
កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ ហើយនៅពេលកំណត់មកដល់ ព្រះអង្គបានយកកំណើតជាមនុស្សដូចយើងខ្ញុំ
—សូមព្រះអង្គយាងមក និងដោះលែងយើងខ្ញុំឱ្យរួចផុតពីសេចក្តីស្លាប់។ (បន្ទរ)
ពន្លឺដ៏ពិតប្រាកដបានរះបំភ្លឺលើមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គយាងមកកម្ចាត់ភាពងងឹតចេញពីដួងចិត្តយើងខ្ញុំផង។ (បន្ទរ)
ព្រះបុត្រាដ៏ជាទីស្រឡាញ់តែមួយគត់ ដែលគង់នៅក្នុងព្រះហឫទ័យនៃព្រះបិតា
—សូមព្រះអង្គយាងមក និងប្រាប់ឱ្យយើងខ្ញុំបានស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ផង។ (បន្ទរ)
ព្រះយេស៊ូគ្រីស្តបានយាងមកក្នុងសភាពជាបុត្រមនុស្ស ហើយគង់នៅក្នុងចំណោមយើងខ្ញុំរាល់គ្នា
—សូមព្រះអង្គបំផ្លាស់បំប្រែអស់អ្នកដែលបានទទួលស្គាល់ព្រះអង្គ ឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ផង។ (បន្ទរ)
ព្រះអង្គតែងតែព្រះសណ្តាប់សេចក្តីត្រូវការរបស់អស់អ្នកដែលស្រែករកព្រះអង្គ
—សូមព្រះអង្គនាំអស់អ្នកដែលអង្វរករព្រះអង្គនៅមាត់ទ្វារ ឱ្យពួកគេបានចូលទៅក្នុងពិធីមង្គលការនៃកូនចៀមផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ
ដែលជាទីពឹងដ៏មាំមួនការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ និងគាំទ្រយើងខ្ញុំ
ហើយសង្គ្រោះយើងខ្ញុំ នៅពេលខាងមុខនេះ
សូមកុំឲ្យអំពើបាបរបស់យើងខ្ញុំរារាំងផ្លូវព្រះអង្គឡើយ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។