រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃចន្ទ

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ! (មថ ៥,៦)។

បន្ទរទី១ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។

ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ
ឱ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
ពួកជនពាលបានយឹតធ្នូភ្ជាប់ព្រួញទៅនឹងខ្សែ
បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់
តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?
ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ
បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ
ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ដែលមនុស្សលោកធ្វើ។
ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត
តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល
ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
សូមព្រះអង្គដាក់ទោសមនុស្សពាល
ដោយធ្វើឱ្យមានរងើកភ្លើង និងស្ពាន់ធ័របង្អុរចុះមកលើពួកគេដូចជាភ្លៀង
ហើយសូមឱ្យខ្យល់ក្ដៅបក់បោកមកលើពួកគេដែរ។
ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត
ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។
មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភក្ត្ររបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។

បងប្អូនបានចូលមកជិតភ្នំស៊ីយ៉ូន​ មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ (ហប ១២,២២)។

បន្ទរទី២ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !

(បទព្រហ្មគីតិ)

១-បពិត្រព្រះអម្ចាស់នរណាខ្លះអាចរស់នៅក្នុង
ព្រះពន្លាព្រះអង្គស្ថិតលើខ្នងភ្នំវិសុទ្ធ
២-គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
៣-គេមិននិយាយមួលបង្កាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
៤-គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ
៥-បើមាននរណាម្នាក់មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកម្រៃច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្តរ៍
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងអង្គព្រះគ្រីស្ត។
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ
ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។
ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ
តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។
១០ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ កម្រ​មាន​នរណា​ម្នាក់ស៊ូប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ! រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គចំពោះ​យើង គឺ​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។ ឥឡូវ​នេះ បើ​ព្រះ‌ជាម្ចាស់ប្រោស​យើង​ឲ្យ​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះ‌អង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រីស្ដ​ថែម​ទៀត​ជា​ពុំ‌ខាន។ បើ​ព្រះជាម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ «ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ» ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ «ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ» ។

ព្រះអម្ចាស់យេស៊ូគ្រីស្តបានសង្រ្គោះយើងឱ្យរួចផុតពីបាប។ ដោយយើងជាប្រជារាស្រ្តព្រះអង្គ យើងទូលព្រះអង្គថា ៖

បន្ទរ ៖ ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ ! សូមអាណិតមេត្តាយើងខ្ញុំផង !

បពិត្រព្រះគ្រីស្តជាអម្ចាស់ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធ ដែលព្រះអង្គបានប្រទានរូបកាយរបស់ព្រះអង្គ ដើម្បីធ្វើឱ្យព្រះសហគមន៍បានវិសុទ្ធ ដោយការលាងជម្រះនឹងទឹក និងព្រះបន្ទូលដែលផ្តល់ជីវិត
—សូមព្រះអង្គបន្តជម្រះព្រះសហគមន៍ឱ្យបានវិសុទ្ធ ដោយការសោកស្តាយនូវកំំហុសដែលខ្លួនបានប្រព្រឹត្ត។ (បន្ទរ)

ឱព្រះគ្រូដ៏សប្បុរសអើយ ! សូមព្រះអង្គបង្ហាញផ្លូវដល់មនុស្សវ័យក្មេង ដែលព្រះអង្គបានជ្រើសរើសសម្រាប់ពួកគេម្នាក់ៗ
—សូមឱ្យពួកគេដើរតាមមាគ៌ានោះ និងស្វែងរកធ្វើតាមព្រះហឫទ័យព្រះអង្គ។ (បន្ទរ)

ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ទ្រង់បានព្យាបាលជំងឺគ្រប់ប្រភេទឱ្យបានជាសះស្បើយ សូមព្រះអង្គនាំសេចក្តីសង្ឃឹមដល់អ្នកជំងឺ និងលើកពួកគេឱ្យក្រោកឈរឡើងវិញ
—សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាពួកគេផង។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះគិតអំពីតម្លៃនៃសេចក្តីថ្លៃថ្នូរ ដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំក្នុងអគ្គសញ្ញាជ្រមុជទឹក
—សូមឱ្យយើងខ្ញុំរស់នៅសម្រាប់ព្រះអង្គគ្រប់វិនាទី។ (បន្ទរ)

សូមឱ្យមរណបុគ្គលរស់ឡើងវិញប្រកបដោយសិរីរុងរឿង ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ
—សូមប្រទានឱ្យយើងខ្ញុំបានចូលរួមជាមួយពួកគេ ក្នុងព្រះរាជ្យព្រះអង្គផង។ (បន្ទរ)

ឱព្រះជាម្ចាស់ដ៏សប្បុរសអើយ ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅមនុស្សឲ្យស្គាល់ និងស្រឡាញ់ព្រះអង្គ។ សូមព្រះអង្គប្រោសប្រណីដល់យើងខ្ញុំ ជាពិសេស បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងបុណ្យចម្លងខាងមុខនេះ ឲ្យមានជីវិតថ្មីរួមជាមួយព្រះយេស៊ូគ្រីស្តជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

3 Views