រដូវធម្មតា សប្តាហ៍ទី៣ (អ.ទី១៩)ថ្ងៃអាទិត្យ
រដូវធម្មតា
សន្តឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
(បុណ្យគោរព)
ថ្ងៃអាទិត្យ អាទិត្យទី១៩
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ
ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។
បន្ទរទី១ ៖ នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏បានឆ្លើយតបមកខ្ញុំវិញ។ អាលេលូយ៉ា!
(ក)
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏បានឆ្លើយតបមកខ្ញុំវិញ។ អាលេលូយ៉ា!
បន្ទរទី២ ៖ ព្រះអម្ចាស់សម្ដែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! អាលេលូយ៉ា!
(ខ)
(បទពាក្យ ៧)
| ៥- | ពេលខ្ញុំមានទុក្ខតប់ប្រមល់ | ខ្ញុំអង្វរដល់ព្រះឥតប្រែ | |
| ព្រះម្ចាស់ក៏តបមកវិញដែរ | ទ្រង់ថ្នមបំពេរខ្ញុំបានសុខ | ។ | |
| ៦- | បើព្រះអម្ចាស់គង់នឹងខ្ញុំ | បាត់អស់ទុក្ខធំចេញពីមុខ | |
| លែងភ័យខ្លាចលែងកើតទុក្ខ | តើមនុស្សអាចធ្វើអ្វីខ្ញុំបាន | ។ | |
| ៧- | ព្រះអម្ចាស់គង់នៅជាមួយ | ទ្រង់ការពារជួយខ្ញុំសុខសាន្ត | |
| ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មាន | រត់ប្រាសចាកស្ថានដូចចិត្តប៉ង | ។ | |
| ៨- | មានសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង | |
| លើព្រះម្ចាស់ប្រសើរកន្លង | ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ | ។ | |
| ៩- | មានសង្ឃឹមជ្រកនិងពាក់ពឹង | មានជំនឿរឹងមាំទាំទៅ | |
| លើព្រះអម្ចាស់ទើបត្រឹមត្រូវ | ជាងយើងពឹងទៅលើអ្នកធំ | ។ | |
| ១០- | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
| តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ | |
| ១១- | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
| តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំបានជ័យ | ។ | |
| ១២- | វាមកឡោមព័ទ្ធខ្ញុំជុំជិត | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
| តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ | |
| ១៣- | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
| ១៤- | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
| ១៥- | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
| ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្តែងចេស្តាអានុភាព | ។ | |
| ១៦- | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
| ១៧- | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
| ១៨- | ព្រះអង្គប្រដៅវាយអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
| តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
| ១៩- | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
| ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ | |
| ២០- | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ | |
| អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក | ។ | |
| ២១- | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
| តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ | ។ | |
| ២២- | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
| ២៣- | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់ | |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ | |
| ២៤- | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
| នាំគ្នាសប្បាយកុំនៅជ្រប់ | គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់សម្ដែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! អាលេលូយ៉ា!
បន្ទរទី៣ ៖ មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង។ អាលេលូយ៉ា!
(គ)
| ២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
| ២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
| ២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ |
| ២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង។ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៨,១៥-១៦
បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។
—ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៨,២២-២៣
យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន។ មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ។
—ព្រះអង្គបានរំដោះជីវិតខ្ញុំឱ្យរួចពីរណ្ដៅ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ១,៩
ព្រះជាម្ចាស់បានសង្គ្រោះយើង និងបានត្រាស់ហៅយើងឱ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រទានមកយើងក្នុងអង្គព្រះយេស៊ូគ្រីស្ត តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
—ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់! ព្រះអង្គតែងតែប្រទានពន្លឺនៃសេចក្តីពិត ឱ្យអស់អ្នកដែលឃ្លាតឆ្ងាយពីព្រះអង្គ អាចវិលត្រឡប់មករកមាគ៌ារបស់ព្រះអង្គវិញបាន។ សូមព្រះអង្គមេត្តាប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ជ្រួតជ្រាបនូវព្រះបន្ទូលព្រះអង្គ និងលះបង់អ្វីៗដែលមិនសមនឹងឋានៈរបស់ខ្លួនផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
