រដូវធម្មតា សប្តាហ៍ទី៤ (អ.ទី១៦)ថ្ងៃព្រហស្បតិ៍

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់តាម​វិន័យ​របស់​ខ្ញុំ។

១៥៣សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ សូម​រំដោះ​ទូល‌បង្គំផង!
ដ្បិត​ទូល‌បង្គំមិន​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៤សូម​រក​យុត្តិធម៌​ឱ្យ​ទូល‌បង្គំ ហើយ​រំដោះ​ទូលបង្គំឱ្យ​មាន​សេរី‌ភាព​ផង
សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!
១៥៥មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ
ដ្បិត​ពួក​គេ​មិន​ស្វែង​រក​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៦ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​តែង‌តែមាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តាជា‌និច្ច
សូម​ប្រទាន​ឱ្យ​ទូលបង្គំមាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។
១៥៧អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ និង​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​មាន​គ្នា​ច្រើន​ណាស់
តែ​ទូល‌បង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មានរបស់​ព្រះ‌អង្គ​ឡើយ។
១៥៨ពេល​ទូល‌បង្គំ​ឃើញ​មនុស្ស​ក្បត់ ទូល‌បង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់
ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។
១៥៩ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា ទូល‌បង្គំ​ស្រឡាញ់​ច្បាប់​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១៦០គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជា​សេចក្ដីពិត
ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​សម្រេចដោយ​សុចរិត នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់តាម​វិន័យ​របស់​ខ្ញុំ។

«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឱ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន» សំដៅទៅលើព្រះសហគមន៍ (Arnobius)។

បន្ទរទី២ ៖ សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឱ្យអ្នក បាន​ប្រកប​ដោយសេចក្ដីសុខសាន្តជារៀងរាល់ថ្ងៃ អស់មួយជីវិត! ។

(បទកាកគតិ)

១-អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
២-អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
៣-ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
៤-នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
៥-សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក
៦-អ្នកនឹងឃើញចៅរបស់អ្នកនៅបីបមថ្នមថ្នាក់
ឱ្យអ៊ីស្រាអែលបានសុខជាជាក់គ្មានគ្រោះឧបសគ្គ
ជួបតែសុខសាន្ត
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឱ្យអ្នក បាន​ប្រកប​ដោយសេចក្ដីសុខសាន្តជារៀងរាល់ថ្ងៃ អស់មួយជីវិត! ។

សម្លេងទួញសោករបស់ព្រះសហគមន៍ចំពោះទុក្ខលំបាករបស់ខ្លួន
មានឮនៅក្នុងទំនុកតម្កើងមួយនេះ (សន្តអូគូស្ទីន)។

បន្ទរទី៣ ៖ ដ្បិត​ព្រះ‌អង្គ​បានឱ្យទូល‌បង្គំមាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។

គេ​តែងតែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង-
សូម​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា-
គេ​តែង‌តែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។
គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើគន្លង​យ៉ាង​វែង។
ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់​ចេញ​ពី​ខ្ញុំ។
សូម​ឱ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូនត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
សូម​ឱ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្តាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឱ្យចង​ជា​កណ្ដាប់​បាន​ដែរ។
សូម​កុំ​ឱ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះពោល​ទៅ​ពួក​គេ​ថា:
«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរអ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នាក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​ព្រះ‌អង្គ​បានឱ្យទូល‌បង្គំមាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

6 Views