រដូវធម្មតា សប្តាហ៍ទី២ (អ.ទី២៦)ថ្ងៃអាទិត្យ
រដូវធម្មតា
(សន្តវិនហ្សេសឡាយ ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការី ជាមរណសាក្សី)
ថ្ងៃអាទិត្យ អាទិត្យទី២៦
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៣
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។
បន្ទរទី១ ៖ ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី អាលេលូយ៉ា! ។
| ១ | ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ |
| ២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។ |
| ៣ | ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ |
| ៤ | ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។ |
| ៥ | ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។ |
| ៦ | ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី អាលេលូយ៉ា! ។
ទំនុកតម្កើងលេខ ៧៦
ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ
គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។
បន្ទរទី២ ៖ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះនាមរបស់ព្រះអង្គឧត្តុង្គឧត្ដមណាស់។ អាលេលូយ៉ា!
(ក)
(បទពាក្យ ៧)
| ២- | ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ | រូបព្រះអង្គផ្ទាល់នៅយូដា | |
| ឯអ៊ីស្រាអែលល្បីអស្ចារ្យ | ព្រះនាមនេះណាឮឆ្ងាយក្រៃ | ។ | |
| ៣- | ព្រះពន្លាជ័យល្អប៉ប្រឹម | យេរូសាឡឹមក្រុងល្បាញល្បី | |
| ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ | ស្ថិតនៅលើដីក្រុងស៊ីយ៉ូន | ។ | |
| ៤- | គឺទីនោះហើយទ្រង់សម្រេច | ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ | |
| គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន | ធ្នូដាវមាំមួនកប់ក្នុងដី | ។ | |
| ៥- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ព្រះអង្គជិតជុំដោយសិរី | |
| រុងរឿងចិញ្ចែងចិញ្ចាចក្រៃ | ពេលត្រឡប់វៃមកពីភ្នំ | ។ | |
| ៦- | ទ្រង់ដកអាវុធពីអ្នកច្បាំង | គេហេវហត់ខ្លាំងស្ទើររលំ | |
| ទាហានពូកែដេកសំងំ | មិនមកជួបជុំលែងប្រយុទ្ធ | ។ | |
| ៧- | ឱព្រះនៃលោកយ៉ាកុបអើយ | ទ្រង់គំរាមហើយគេតក់ស្លុត | |
| រទេះចំបាំងគាំងរហូត | សេះដើរមិនរួចលែងអង់អាច | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះនាមរបស់ព្រះអង្គឧត្តុង្គឧត្ដមណាស់។ អាលេលូយ៉ា!
បន្ទរទី៣ ៖ មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច ពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស អាលេលូយ៉ា! ។
(ខ)
| ៨ | បពិត្រព្រះអង្គ! ព្រះគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន? |
| ៩ | ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច |
| ១០ | នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ |
| ១១ | ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ |
| ១២ | អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ! ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង! ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច! |
| ១៣ | ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដី តក់ស្លុត ស្ញែងខ្លាចព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច ពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស អាលេលូយ៉ា! ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៥,១-២.៥
ដោយព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងដែរ។ ព្រោះតែព្រះគ្រីស្ត និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួន ទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ មកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
—ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៨,២៦
យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ព្រះអង្គទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។
—សូមប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ករ ១,២១-២២
គឺព្រះជាម្ចាស់ហើយ ដែលប្រទានឱ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ត ព្រមទាំងបានចាក់ប្រេងគលើយើងផង ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
—ព្រះអង្គការពារជីវិតខ្ញុំ។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់ ! ព្រះអង្គសម្តែងឫទ្ធានុភាពដ៏អស្ចារ្យ ដោយមានព្រះហឫទ័យទន់ភ្លន់ចំពោះអ្នកបាប និងអាណិតអាសូរពួកគេ។ សូមព្រះអង្គប្រោសប្រណីឱ្យយើងខ្ញុំស្វះស្វែងរកមតកនៃស្ថានបរមសុខ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
