កំណើតសន្តយ៉ូហានបាទីស្ត
ថ្ងៃទី២៤ មិថុនា
កំណើតសន្តយ៉ូហានបាទីស្ត
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២០
ការចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន (រ៉ូម ១២,១២)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយលោកនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។
| ១ | នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
| ២ | ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
| ៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? |
| ៤ | គឺមានតែទទួលព្រួញរបស់អ្នកចម្បាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ! |
| ៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
| ៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ |
| ៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២១ (១២០)
ព្រះជាម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
(បទពាក្យ ៧)
| ១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឲ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
| ២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
| ៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឲ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឲ្យមានគ្រោះឬត្រូវដួល | ។ | |
| ៤- | ព្រះអង្គដែលថែទាំការពារ | ស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គសង្គ្រោះមិនឲ្យដួល | ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ | ។ | |
| ៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
| ៦- | ព្រះអាទិត្យរះក្នុងពេលថ្ងៃ | មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់ | |
| ឯព្រះច័ន្ទចរនៅពេលយប់ | ទុក្ខសោកក៏ឈប់ដល់អ្នកដែរ | ។ | |
| ៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឲ្យកើតក្បែររូបអ្នកឡើយ | ។ | |
| ៨- | ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ | អ្វីៗសព្វគ្រប់មិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២២
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធ
បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ (ហប ១២,២២)។
| ១ | ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ |
| ២ | ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ ! |
| ៣ | យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ |
| ៤ | កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ |
| ៥ | នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ដ្រ ដោយយុត្តិធម៌ដែរ។ |
| ៦ | ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះអាចរស់នៅយ៉ាងសុខសាន្ត! |
| ៧ | សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុងបានប្រកបដោយសេចក្ដីសុខ សូមឲ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។ |
| ៨ | ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្ដីសុខសាន្ត! |
| ៩ | ដោយយល់ដល់ព្រះដំណាក់របស់ព្រះជាអម្ចាស់នៃយើង ខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយលោកនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៩,១)
ម្នាលអ្នកកោះទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ ! ព្រះអម្ចាស់ត្រាស់ហៅខ្ញុំតាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំតាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។
បន្ទរ៖ ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ មកសណ្ឋិតលើលោក
—គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបានចាត់សន្តយ៉ូហានបាទីស្តមក ដើម្បីរៀបចំប្រជារាស្រ្តមួយថ្វាយព្រះគ្រីស្ត។ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់អ្នកជឿមានអំណរសប្បាយ និងមានចិត្តដើរតាមមាគ៌ានៃការសង្រ្គោះក្នុងសេចក្តីសុខសាន្ត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !
