ថ្ងៃសុក្រ-អាទិត្យទី០២-នៃបុណ្យចម្លង
អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២
សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ស
បុណ្យរម្លឹក
សន្តីកាតារីន ជាព្រហ្មចារិនី
និងជាគ្រូ បាធ្យាយនៃព្រះសហគមន៍ក្រុងស៊ីយែន
នាងកាតារីន (១៣៤៧-១៣៨០) កើតនៅទីក្រុងស៊ីយែណា (ប្រទេសអ៊ីតាលី)។ កាលអាយុ ២០ឆ្នាំ នាងបានប្រមូលក្រុមគ្រីស្តបរិស័ទដែលមានចិត្តអធិដ្ឋាន និងតមអាហារដូចនាង។ ទោះបីនាងនៅក្មេងហើយមិនចេះអក្សរក៏ដោយ ក៏នាងខិតខំអង្វរសម្តេចប៉ាបដែលស្នាក់នៅក្រុងអាវីញ៉ុង (ប្រទេសបារាំង) ឱ្យវិលត្រឡប់មករស់នៅក្រុងរ៉ូមវិញ។ នាងមានប្រាជ្ញាឈ្លាសវៃ និងស្រឡាញ់ព្រះគ្រីស្តយ៉ាងខ្លាំង។ មានគេសរសេរសេចក្តីដែលនាងសូត្រ ហើយនិពន្ធសៀវភៅដែលមានសារៈសំខាន់ជាទីបំផុត។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,៣៤-៤២
ពេលក្រុមគ្រីស្តទូតនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ មានបុរសម្នាក់ខាងគណៈផារីស៊ី ឈ្មោះកាម៉ាលីអែល ជាធម្មាចារ្យដែលប្រជាជនគោរពគ្រប់ៗគ្នាក្រោកឈរឡើង សុំគេឱ្យនាំក្រុមគ្រីស្តទូតចេញពីទីនោះមួយស្របក់ រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអុីស្រាអែលអើយ! សូមប្រយ័ត្ននឹងអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាសបានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកាលីឡេលើកខ្លួនឡើងបញ្ចុះបញ្ចូលមនុស្សជាច្រើនឱ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ ក៏បែកខ្ញែកគ្នាអស់ទៅ។ ឥឡូវនេះខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឱ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្តើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខតែនឹងរលាយសាបសូន្យជាមិនខាន។ ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្នក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលីអែលទាំងអស់គ្នា គេក៏ហៅក្រុមគ្រីស្តទូតមកវិញ ហើយបញ្ជាឱ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឱ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឱ្យត្រឡប់ទៅវិញ។ ក្រុមគ្រីស្តទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឱ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនដំណឹងល្អអំពីព្រះយេស៊ូជាព្រះគ្រីស្តនៅក្នុងព្រះវិហារ និងនៅតាមផ្ទះឥតឈប់ឈរឡើយ។
ទំនុកតម្កើងលេខ ២៧(២៦), ១.២.៤-៥.១៣-១៤ បទពាក្យ ៧
១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
២ | ពេលពួកមនុស្សពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
ពួកគេចង់មកផ្តាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ | |
៤ | ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡះមួយជីវិត | ។ | |
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ឫទ្ធានុភាពថ្កុំថ្កើងពិត | ||
នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ | |
៥ | ពេលខ្ញុំជួបគ្រោះអាសន្នភ័យ | ព្រះអង្គដឹកដៃខ្ញុំម្នីម្នា | |
ចូលខ្លួនជ្រកក្នុងព្រះពន្លា | បំពួនអាត្មាថ្មដាបាំង | ។ | |
១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុភមង្គល | ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៤,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរស! ព្រះអង្គប្រទានឱ្យយើងមានម្ហូបអាហារយ៉ាងបរិបូណ៌ និងមានអំណរសប្បាយផង! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,១-១៥
នៅគ្រានោះ ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេដែលមានឈ្មោះថា សមុទ្រទីបេរីយ៉ាដ។ មានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឱ្យជា។ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយក្រុមសាវ័ក។ ពេលនោះបុណ្យចម្លង ជាបុណ្យរបស់ជនជាតិយូដាកាន់តែខិតជិតណាស់ហើយ។ ព្រះយេស៊ូទតឃើញបណ្តាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ទ្រង់មានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឱ្យអ្នកទាំងនេះបរិភោគបាន?»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិតព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួងទៅទិញនំប័ុងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ មានសាវ័កម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «នៅទីនេះក្មេងប្រុសម្នាក់មាននំប័ុងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្តេចនឹងឱ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?» ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឱ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្តាជនក៏នាំគ្នាអង្គុយ។ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូយកនំប័ុងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានឱ្យគេតាមតែម្នាក់ៗចង់បាន លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរប្រមូលនំប័ុងដែលនៅសល់កុំឱ្យមានបាត់មួយដុំសោះឡើយ»។ ក្រុមសាវ័កនាំគ្នារើសសំណល់នំប័ុងទាំងប្រាំដុំដែលបណ្តាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការីដែលត្រូវមកក្នុងពិភពលោកមែន»។ ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្តេច ដូច្នេះព្រះអង្គក៏យាងចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មីតែមួយព្រះអង្គឯង។