ថ្ងៃសៅរ៍-អាទិត្យទី០២-នៃបុណ្យចម្លង
អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២
សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ស
រដូវបុណ្យចម្លង
ឬសន្តពីយូសទី៥ ជាសម្តេចប៉ាប
លោកឈ្មោះមីសែល គីស្លីរី (១៥០៤-១៥៧២) ជាជនជាតិអ៊ីតាលី។ កាលពីក្មេង លោកឃ្វាលហ្វូងសត្វដល់អាយុ ១៥ ឆ្នាំ លោកចូលបួសក្នុងក្រុមគ្រួសារបព្វជិតសន្តដូមីនីកូ។ ពេលលោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមរ៉ូម លោកយកឈ្មោះថា “ពីយូសទី៥”។ អស់រយៈពេល ៥ឆ្នាំ លោកខិតខំកែទម្រង់ព្រះសហគមន៍តាមគោលជំហរនៃមហាសន្និបាតនៅក្រុងត្រេនតូ ជាពិសេសលោកឱ្យគេបោះពុម្ពផ្សាយ “ព្រះបណ្តៅក្រុងរ៉ូម” “ក្បួនអធិដ្ឋាន” និង “ក្បួនធ្វើអភិបូជា”។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៦,១-៧
នៅគ្រានោះ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ គ្រីស្តបរិស័ទដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងគ្រីស្តបរិស័ទជាតិយូដា ដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ គ្រីស្តទូតទាំងដប់ពីរនាក់ក៏កោះហៅក្រុមសាវ័កទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឱ្យយើងចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូន ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងនឹងតែងតាំងគេឱ្យបំពេញមុខងារនេះ។ រីឯយើងវិញ យើងនឹងគិតតែពីអធិដ្ឋាន និងបម្រើព្រះបន្ទូល»។ ក្រុមសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្តីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណាស និងលោកនីកូឡាសជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ គេនាំអ្នកទាំងនោះមកជួបក្រុមគ្រីស្តទូត ក្រុមគ្រីស្តទូតក៏នាំគ្នាអធិដ្ឋាន ហើយដាក់ដៃពីលើអ្នកទាំងនោះ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ។ ចំនួនសាវ័កនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យដ៏ច្រើនលើសលប់សុខចិត្តប្រតិបត្តិតាមជំនឿដែរ។
ទំនុកតម្កើងលេខ ៣៣ (៣២), ១-២.៤-៥.១៨-១៩ បទព្រហ្មគីតិ
១ | មនុស្សដែលសុចរិត | អបអរពិតលើកតម្កើង | |
មានតែមនុស្សទៀងត្រង់ | ដែលចិត្តចង់កោតសរសើរ | ។ | |
២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ | |
៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ | |
៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីពិតសត្យា | |
សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ | |
ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ | ||
ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ | |
១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
អ្នកពឹងលើអម្ចាស់ | ក៏សប្បុរសមានមេត្តា | ។ | |
១៩ | ព្រះអង្គបានសង្គ្រោះ | គេឱ្យរស់មានសង្ខារ | |
ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តជាព្រះនៃយើងមានព្រះជន្មរស់ឡើងវិញ! ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងជាព្រះសង្គ្រោះរបស់មនុស្សលោក!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,១៦-២១
ព្រះយេស៊ូបានប្រទាននំប៉័ងឱ្យប្រជាជនប្រាំពាន់នាក់រួចហើយ លុះដល់ល្ងាច ក្រុមសាវ័កនាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅភូមិកាផានុម នៅត្រើយម្ខាង។ ពេលនោះងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្តាលឱ្យទឹកសមុទ្រមានរលកធំៗ។ កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី!»។ ក្រុមសាវ័កចង់យាងព្រះអង្គចូលមកក្នុងទូក តែរំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។