ថ្ងៃចន្ទ-អាទិត្យទី០៣-នៃបុណ្យចម្លង
អាទិត្យទី០៣ នៃបុណ្យចម្លង
ថ្ងៃចន្ទ
ពណ៌ស
បុណ្យរម្លឹក
សន្តអាថាណាស ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកអាថាណាស (២៩៥-៣៧៥) កើតនៅក្រុងអាឡិចសង់ឌ្រី។ កាលលោកនៅពីក្មេង ព្រះចៅឌីយ៉ូក្លេស៊ីយ៉ាំង បៀតបៀនធ្វើទុក្ខបុកម្នេញព្រះសហគមន៍។ កាលអាយុប្រហែល ៣០ឆ្នាំ លោកមានមុខងារជាស្មៀនរបស់លោកអភិបាលក្រុងអលិចសង់ឌ្រី។ ពេលនោះ បូជាចារ្យម្នាក់ឈ្មោះ អរីយូ៉ស តែងប្រៀនប្រដៅថា ព្រះយេស៊ូគ្រាន់តែជាមនុស្សប៉ុណ្ណោះ ពុំមែនជាព្រះជាម្ចាស់ទេ។ នៅឆ្នាំ ៣២៥ អភិបាលព្រះសហគមន៍ទាំងអស់ ជួបជុំគ្នាជាមហាសន្និបាតសកលនៅក្រុងនីសេ ដើម្បីជំទាស់នឹងសេចក្តីប្រៀនប្រដៅរបស់លោក អរីយូ៉សនោះ។ លោកអាថាណាសទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអេឡិចសង់ឌ្រីនៅឆ្នាំ ៣២៨។ គ្រីស្តបរិស័ទដែលកាន់តាមលោកអរីយូ៉សជំទាស់នឹងលោកអថាណាសអស់រយៈពេល ៤៥ឆ្នាំ រហូតទៅប្តឹងព្រះចៅអធិរាជ ដែលទ្រង់និរទេសលោកប្រាំដង។ ទោះបីគេធ្វើបាបលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាសជំនឿដ៏ពិតប្រាកដអំពីព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយដែលកើតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ លោកយកចិត្តទុកដាក់នឹងការរស់នៅជាបព្វជិត និងជាឥសី ហើយបានសរសេរជីវប្រវត្តិរបស់សន្តអន់ទន ជាមិត្តសម្លាញ់របស់លោក។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៦,៨-១៥
ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកស្ទេផានណាស់ ហើយព្រះអង្គប្រទានឫទ្ធានុភាពឱ្យលោកសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗ ក្នុងចំណោមប្រជាជន។ មានអ្នកខ្លះជាសមាជិកធម្មសាលាដែលគេហៅថា “ធម្មសាលាពួកអ្នកងារមានសេរីភាព” និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអាឡិចសង់ឌ្រី និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន ប៉ុន្តែគេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញា មកពីព្រះវិញ្ញាណ។ ដូច្នេះ អ្នកទាំងនោះនាំគ្នាសូកមនុស្សខ្លះឱ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះជាម្ចាស់»។ គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកព្រឹទ្ធាចារ្យ និងពួកធម្មាចារ្យ រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់។ គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ ប្រឆាំងនឹងធម្មវិន័យឥតឈប់ឈរសោះ។ យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូជាអ្នកស្រុកណាសារ៉ែតនោះ នឹងរុះព្រះវិហារចោល ព្រមទាំងប្តូរប្រពៃណីដែលលោកម៉ូសេបានទុកឱ្យយើងខ្ញុំថែមទៀតផង»។ អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវទូត។
ទំនុកតម្កើងលេខ ១១៩ (១១៨), ២៣-២៤.២៦-២៧.២៩-៣០ បទពាក្យ ៧
២៣ | ទោះមេដឹកនាំខំប្រឆាំង | ពុះពាររារាំងខ្ញុំក៏ដោយ | |
ខ្ញុំនៅសញ្ចឹងមិនកន្តើយ | ក្រឹត្យព្រះអង្គហើយជាប់ជានិច្ច | ។ | |
២៤ | ខ្ញុំពេញចិត្តនឹងដំបូន្មាន | ឥតមានស្រាកស្រាន្តឥតកែគេច | |
ដំបូន្មានទ្រង់ចាំងរំលេច | នាំផ្លូវជីវិតខ្ញុំសុខសាន្ត | ។ | |
២៦ | ខ្ញុំបានរៀបរាប់ពីជីវិត | ដំណើររឿងពិតគ្រប់ប្រការ | |
ទ្រង់សណ្តាប់ហើយសូមមេត្តា | ឱ្យខ្ញុំនេះណាស្គាល់វិន័យ | ។ | |
២៧ | ទាំងប្រោសប្រទានឱ្យខ្ញុំយល់ | សព្វទាំងឫសគល់នូវអត្ថន័យ | |
បញ្ជាព្រះអង្គខ្ញុំរំពៃ | ការអស្ចារ្យក្រៃទ្រង់ទាំងអស់ | ។ | |
២៩ | សូមឱ្យខ្ញុំចៀសចាកចេញផុត | ឆ្ងាយពីពាក្យភូតភរឫស្យា | |
សូមជួយបង្ហាញក្តីករុណា | វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ | ។ | |
៣០ | ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ | ទៅលើព្រះអង្គឥតមានខ្វល់ | |
ជឿដោយចិត្តស្មោះឥតសេសសល់ | តាមបង្គំគាល់ព្រះបញ្ជា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ១៤,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់! ព្រះរាជ្យអាស្រ័យនៅលើសេចក្តីសុចរិត
សេចក្តីសុខសាន្ត និងអំណរ ដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,២២-២៩
ព្រះយេស៊ូបានឆ្លងសមុទ្រកាលីឡេ ទាំងយាងលើទឹក។ ថ្ងៃបន្ទាប់មកទៀត បណ្តាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថា ព្រះយេស៊ូពុំបានយាងចុះទូកជាមួយក្រុមសាវ័កទេ គឺមានតែក្រុមសាវ័កប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ប៉ុន្តែមានទូកឯទៀតៗមកពីភូមិទីបេរីយ៉ាដចតនៅជិតកន្លែងដែលគេបានបរិភោគនំប័ុង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ កាលបណ្តាជនពុំឃើញព្រះយេស៊ូ និងក្រុមសាវ័កនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះ ឆ្លងទៅភូមិកាផានុម តាមរកព្រះអង្គ។ បណ្តាជនបានជួបព្រះអង្គនៅត្រើយម្ខាង។ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការដើម្បីឱ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឱ្យបានអាហារដែលស្ថិតស្ថេរនៅ និងផ្តល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឱ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឱ្យយើងខ្ញុំប្រព្រឹត្តដូចម្តេច ដើម្បីនឹងធ្វើកិច្ចការទាំងប៉ុន្មានរបស់ព្រះជាម្ចាស់?» ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺឱ្យអ្នករាល់គ្នាជឿលើអ្នកដែលព្រះអង្គបានចាត់ឱ្យមក»។